ជាតិ
អភិបាលខេត្តកំពង់ឆ្នាំង ចង់​ពង្រឹងវារីវប្បកម្មក្នុងខេត្ត​ឱ្យខ្លាំង!
03, Feb 2023 , 6:59 pm        
រូបភាព
ភ្នំពេញ៖ «យើងចង់ពង្រឹងវារីវប្បកម្ម ដោយសារខេត្តកំពង់ឆ្នាំងនៅកណ្ដាលគេ។ ចក្ខុវិស័យរបស់ខេត្ត គឺយើងចង់ពង្រឹងវារីវប្បកម្ម​ឱ្យខ្លាំង ព្រោះប្រជាជនកំពង់ឆ្នាំងចិញ្ចឹមត្រីបានច្រើន ទាំងស្រះ និងបែ»។ លោក ស៊ុន សុវណ្ណារិទិ្ធ អភិបាលខេត្តកំពង់ឆ្នាំង លើកឡើងបែបនេះ នៅ​ក្នុងសន្និសីទសារព័ត៌មាន «ភាពជោគជ័យក្នុងរយៈពេល ៥ឆ្នាំកន្លងមករបស់ខេត្តកំពង់ឆ្នាំង» កាលពីចុងខែ មករា។​


ខេត្តកំពង់ឆ្នាំង ស្ថិតនៅភាគពាយ័ព្យនៃប្រទេសកម្ពុជា។ កំពង់ឆ្នាំង មានប្រជាជនសរុប ៥៧១ ០៦២នាក់ ក្នុងនោះពលរដ្ឋដែលប្រកបរបរកសិកម្មមានចំនួន ៧២,២ភាគរយ។ ខេត្ត​កំពង់ឆ្នាំង ក៏ជា​ខេត្ត​ដែលមានបឹង​ទន្លេសាប និង​អំណោយ​ផល​លើ​ការ​ចិញ្ចឹម​ត្រីផងដែរ។ 
 
បើតាមលោក ស៊ុន សុវណ្ណារិទិ្ធ អភិបាលខេត្ត​កំពង់ឆ្នាំង ត្រីដែលចិញ្ចឹមនៅខេត្តកំពង់ឆ្នាំង ក្រៅពីផ្គត់ផ្គង់ក្នុងប្រទេស ក៏បាននាំចេញទៅថៃ និងវៀតណាម។ បច្ចុប្បន្ន ក្នុងខេត្តកំពង់ឆ្នាំង មានស្រះចិញ្ចឹមជាង ៨០០ស្រះ និងបែត្រី មានជាង ៧០០បែ។
 
ដើម្បី​ឱ្យ​ផ្នែក​វារី​វប្បកម្ម​ក្នុង​ខេត្ត​កំពង់ឆ្នាំង​ មាន​ភាព​រីកចម្រើន និង​ផ្ដល់​ភាព​ងាយស្រួល​ដល់វារីវប្បករក្នុងខេត្ត និងខេត្ត​ជាប់​បឹងទន្លេសាប​ រដ្ឋបាលខេត្ត នឹង​សហការជាមួយប្រទេសជិតខាង ក្នុងការភ្ញាស់​កូនត្រី។ ក្នុង​សន្និសីទសារព័ត៌មាន «ភាពជោគជ័យក្នុងរយៈពេល ៥ឆ្នាំកន្លងមករបស់ខេត្តកំពង់ឆ្នាំង» អភិបាលខេត្ត​កំពង់ឆ្នាំង​ បញ្ជាក់ដូច្នេះ​៖ «ខេត្តបានធ្វើការងារច្រើនឆ្នាំ​ដែរ ជា​ភាគីមិត្ត​យើង​។ ប៉ុន្តែ​បញ្ហា​កូវីដ-១៩ យើង​ក៏​ផ្អាក​ការ​ទំនាក់ទំនងគ្នា។ ក្រោយកូវីដ-១៩ ភាគី​មិត្ត​យើង​​ នឹង​ជួយ​បច្ចេកទេស​ភ្ញាស់​កូនត្រី ដើម្បី​លក់​ឱ្យ​ពលរដ្ឋក្នុងខេត្តផង និង​ខេត្ត​ជុំវិញ​បឹង​ទន្លេសាប»។​
 
សូម​បញ្ជាក់ថា ថ្មីៗនេះ រដ្ឋាភិបាល​កម្ពុជា បាន​កាត់​ដី២២២ហិកតា​ដល់​រដ្ឋបាលខេត្ត​កំពង់ឆ្នាំង​។ តាមរយៈ​ដី​ដែល​រដ្ឋាភិបាល​បានកាត់នេះ រដ្ឋបាលខេត្ត​កំពង់ឆ្នាំង នឹង​ប្រើប្រាស់​សម្រាប់​ពង្រឹង​ផ្នែក​វារី​វប្បកម្ម​ និង​វារីកសិ-ទេសចរណ៍​ផងដែរ៕ 
 

Tag:
 កំពង់ឆ្នាំង
  ត្រី
  វារីវប្បកម្ម​
© រក្សាសិទ្ធិដោយ thmeythmey.com