ជាតិ
សេដ្ឋកិច្ច
រដ្ឋត្រៀមថវិកា៩,៥ទ្រីលានរៀល សម្រាប់ចំណាយលើមន្ត្រីរាជការក្នុងឆ្នាំ២០២៣ 03, Feb 2023 , 9:59 pm
លោក អូនព័ន្ធ មុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។MEF
× ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រៀមកញ្ចប់ថវិការហូតដល់ជាង៩,៥ទ្រីលានរៀល សម្រាប់ចំណាយលើបុគ្គលិករដ្ឋ ក្នុងឆ្នាំ២០២៣។ ក្នុងចំណោមកញ្ចប់ថវិកានេះ ក៏មានការចំណាយលើការជ្រើសរើសគ្រូបង្រៀនឡើងវិញចំនួន ៣ ០០០នាក់ ក្រោយផ្អាកអស់រយៈពេលពីរឆ្នាំ ដោយសារវិបត្តិកូវីដ-១៩។
ច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ បានបង្ហាញថា រដ្ឋាភិបាលត្រៀមថវិកាចំនួន ៩ ៥៥៥ ១៩៧លានរៀល សម្រាប់ចំណាយលើបន្ទុកបុគ្គលិក ដែលក្នុងនោះ មានទាំងការចំណាយលើការជ្រើសរើសមន្តី្រក្របខណ្ឌថ្មី, ការដំឡើងបៀវត្សជូនមន្ត្រីរាជការ និងការដំឡើងប្រាក់ឧបត្តម្ភប្រចាំខែសម្រាប់មន្ត្រីជាប់កិច្ចសន្យា។
ក្រសួងសេដ្ឋកិច្ចបានបញ្ជាក់ថា មន្ត្រីជាប់កិច្ចសន្យា ត្រូវដំឡើងប្រាក់ឧបត្ថម្ភប្រចាំខែ ពី៦៧ម៉ឺនដល់៧១ម៉ឺនរៀល ដែលត្រូវអនុវត្តពីខែមករា ដល់ខែធ្នូ ឆ្នាំ២០២៣។
ជាមួយគ្នានេះ បៀវត្សមន្ត្រីរាជការស៊ីវិល ត្រូវបានដំឡើងពីជាង១លាន១៧ម៉ឺនរៀល ដល់ ១លាន៣០ម៉ឺនរៀល។ បៀវត្សគ្រូបង្រៀន និងគ្រូពេទ្យ ត្រូវបានដំឡើងពី១លាន២៧ម៉ឺនរៀលដល់ ១លាន៤០ម៉ឺនរៀល។ នគរបាល(ពលបាលត្រី) ក៏ត្រូវបានដំឡើងបៀវត្សពី ១ ២៥៦ ៩៧៧ ដល់ ១ ៣៨៤ ៤៧៧រៀល និងបៀវត្សយោធិន (ពលទោ) ក៏ត្រូវបានដំឡើងពី ១ ១២៣ ៥០០រៀល ដល់ ១ ២៥១ ០០០រៀល ផងដែរ។
តាមច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ ថវិកា៥០ប៊ីលានរៀល ត្រូវបានគ្រោងសម្រាប់មូលនិធិថែទាំសុខភាព សម្រាប់មន្ត្រីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទនិងនិវត្តជន និងកញ្ចប់ថវិកា៦ប៊ីលានរៀល សម្រាប់ទ្រទ្រង់របបសន្តិសុខសង្គមផ្នែកហានិភ័យការងារសម្រាប់មន្ត្រីសាធារណៈ ដែលស្ថិតក្នុងកញ្ចប់ថវិការបស់ក្រសួងសុខាភិបាល។
រីឯប្រាក់សោធននិវត្តន៍វិញ រដ្ឋក៏គ្រោងថវិកាចំនួន១៨១ប៊ីលានរៀល សម្រាប់ដំឡើងប្រាក់សោធនអប្បបរមាប្រចាំខែដល់និវត្តជនដែលជាអតីតមន្ត្រីរាជការស៊ីវិលនិងកម្លាំងប្រដាប់អាវុធផង ដែរ ដែលត្រូវដំឡើងពី ៦៩ម៉ឺនរៀលទៅដល់៧៧ម៉ឺនរៀល។
សូមជម្រាបថា សម្រាប់ឆ្នាំ២០២៣ រាជរដ្ឋាភិបាលគ្រោងចំណាយរហូតដល់ ៣៩,២ទ្រីលានរៀល (ប្រមាណ៩,៦ពាន់លានដុល្លារអាម៉េរិក) ដែលភាគច្រើនផ្តោតលើមនុស្ស។ ទំហំចំណាយប្រចាំឆ្នាំនេះ គឺលើសចំណូលជាតិដល់ជាង ២០០០លានដុល្លារ។ ស្ថាប័នដែលរដ្ឋចំណាយច្រើនជាងគេក្នុងចំណោមក្រសួង-ស្ថាប័នទាំង៣៥នោះគឺលំដាប់អទិភាពទី១.លើក្រសួងអប់រំ ទី២.ក្រសួងសុខាភិបាល ទី៣. ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុនីតិសម្បទា ទី៤.ក្រសួងការងារ និង អទិភាពលំដាប់ទី៥ គឺក្រសួងបរិស្ថាន៕
© រក្សាសិទ្ធិដោយ thmeythmey.com