អន្តរជាតិ
លោក បៃឌិន សន្យាផ្តល់ជំនួយយោធា៥០០លានដុល្លារទៀតឱ្យអ៊ុយក្រែន 21, Feb 2023 , 11:39 am
![សន្និសីទសារព័ត៌មានរួមរវាងលោក ចូ បៃឌិន ប្រធានាធិបតីអាម៉េរិក ជាមួយសមភាគីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ក្នុងក្រុងកៀវ នៅថ្ងៃទី២០ ខែកុម្ភៈ។ រូបភាព AFP](https://image.thmeythmey.com/pictures/2023/02/21/thumb2/21220231119aa.jpg)
សន្និសីទសារព័ត៌មានរួមរវាងលោក ចូ បៃឌិន ប្រធានាធិបតីអាម៉េរិក ជាមួយសមភាគីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ក្នុងក្រុងកៀវ នៅថ្ងៃទី២០ ខែកុម្ភៈ។ រូបភាព AFP
×![]()
ប្រធានាធិបតីអាម៉េរិក លោក ចូ បៃឌិន នៅថ្ងៃទី២០ ខែកុម្ភៈ បានសន្យាផ្តល់ជំនួយយោធាជាថ្មី ក្នុងទំហំ៥០០លានដុល្លារទៅអ៊ុយក្រែន ក្នុងដំណើរទស្សនកិច្ចដោយមិនប្រកាសជាមុននៅក្រុងកៀវ។ បើតាមលោក បៃឌិន សង្រ្គាមដែលបង្កដោយលោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី កំពុងតែបរាជ័យ។
ប្រធានាធិបតីអាម៉េរិក លោក ចូ បៃឌិន នៅថ្ងៃទី២០ ខែកុម្ភៈ បានធ្វើទស្សនកិច្ចនៅក្រុងកៀវ ដោយមិនប្រកាសជាមុន។ នេះជាដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអាម៉េរិក ទៅអ៊ុយក្រែនលើកដំបូង ចាប់តាំងពីសង្រ្គាមផ្ទុះ និងធ្វើឡើងប៉ុន្មានថ្ងៃប៉ុណ្ណោះ មុនខួបរុស្ស៊ីឈ្លានពានអ៊ុយក្រែននៅថ្ងៃទី២៤ ខែកុម្ភៈ។
ក្នុងដំណើរទស្សនកិច្ចនេះ លោកបៃឌិន បានសន្យាផ្តល់ជំនួយយោធាក្នុងទំហំ ៥០០លានដុល្លារ ឱ្យក្រុងកៀវ ដើម្បីទប់នឹងការវាយប្រហាររបស់រុស្ស៊ី។ អាវុធទាំងនោះរួមមាន គ្រាប់កាំភ្លើងធំ, កាំភ្លើងធំ howitzer និងមីស៊ីលប្រឆាំងរថក្រោះ Javelin។ ទន្ទឹមនេះ ប្រធានាធិបតីអាម៉េរិក ក៏បានសន្យាដាក់ទណ្ឌកម្មបន្ថែមលើរុស្ស៊ីផង។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។
«មួយឆ្នាំក្រោយ ក្រុងកៀវនៅតែបន្តឈរ ហើយអ៊ុយក្រែននៅតែឈរ។ ប្រជាធិបតេយ្យនៅតែបន្តឈរ»។ លោក បៃឌិន បានសង្កត់ធ្ងន់បែបនេះ នៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយសមភាគីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅក្នុងថ្ងៃទី២០ ខែកុម្ភៈ ដោយបន្តថាប្រធានាធិបតីរុស្ស៊ី លោកវ្ល៉ាឌីមៀ ពូទីន យល់ថាអ៊ុយក្រែន មានសមត្ថភាពខ្សោយ ហើយលោកខាងលិច នឹងបែកបាក់ ប៉ុន្តែវាគឺខុសទាំងស្រុង។
ត្រង់ចំណុចនេះ មេដឹកនាំអាម៉េរិក បាននិយាយឌឺដងយ៉ាងច្បាស់ៗថា សង្រ្គាមដែលបង្កដោយលោកពូទីន កំពុងតែបរាជ័យហើយ។
ជាការឆ្លើយតប លោក ហ្សេលេនស្គី បានប្រកាសសាទរចំពោះដំណើរទស្សនកិច្ចខាងលើ ជាសញ្ញាគាំទ្រដ៏សំខាន់មួយ។ បើតាមប្រធានាធិបតីអ៊ុយក្រែន លោក បានជជែកជាមួយលោកបៃឌិន ជុំវិញការផ្តល់ជំនួយទាក់ទិននឹងមីស៊ីលមានចម្ងាយឆ្ងាយ ដែលបានស្នើសុំជាយូរមកហើយ។ ទាក់ទិននឹងមីស៊ីលមានចម្ងាយឆ្ងាយនេះ អាម៉េរិកតែងបារម្ភថា អ៊ុយក្រែននឹងប្រើប្រាស់វា ដើម្បីវាយប្រហារទៅក្នុងដីរុស្ស៊ី។
ក្នុងដំណើរទស្សនកិច្ចនៅអ៊ុយក្រែន លោកបៃឌិន ត្រូវបានការពារយ៉ាងខ្លាំង ហើយបានជូនដំណឹងដល់រុស្ស៊ីជាមុនផង។ តាមការបញ្ជាក់របស់លោក Jake Sullivan ទីប្រឹក្សាសន្តិសុខជាតិ រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បានជូនដំណឹងទៅក្រុងមូស្គូអំពីដំណើរទស្សនកិច្ចរបស់លោកបៃឌិន នៅប៉ុន្មានម៉ោងមុនទៅអ៊ុយក្រែន៕
Tag:
អាម៉េរិក
អ៊ុយក្រែន
រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com