អន្តរជាតិ
សមាជិកសភាកូរ៉េខាងត្បូងថា កូរ៉េខាងជើងទំនងដាក់សម្ពាធអាម៉េរិកដោយការតេស្តគ្រាប់នុយក្លេអ៊ែរ
22, Feb 2023 , 5:39 pm        
រូបភាព
សមាជិកសភាកូរ៉េខាងត្បូងនៅថ្ងៃទី២២ ខែកុម្ភៈ បានលើកឡើងថា កូរ៉េខាងជើងអាចសាកល្បងមីស៊ីលអន្តរទ្វីប (ICBM) លើគន្លងទាប និងអាចធ្វើតេស្តគ្រាប់នុយក្លេអ៊ែរលើកទីប្រាំពីររបស់ខ្លួននៅឆ្នាំនេះ ដើម្បីពង្រឹងសមត្ថភាពយោធាឱ្យល្អឥតខ្ចោះ។ ការលើកឡើងរបស់សមាជិកសភាកូរ៉េខាងត្បូងផ្អែកលើទិន្នន័យរបស់ក្រុមមន្ត្រីចារកម្ម។


សមាជិកសភាកូរ៉េខាងត្បូង លោក Yoo Sang-bum នៅថ្ងៃទី២២ ខែកុម្ភៈ ក៏បានលើកឡើងទាក់ទិនសកម្មភាពគំរាមកំហែងរបស់កូរ៉េខាងជើង ក្រោយទទួលបានការផ្ដល់ព័ត៌មានសេវាស៊ើបការណ៍សម្ងាត់ជាតិ (NIS) នាទីក្រុងសេអ៊ូល។ 
 
សមាជិកសភារូបនេះ និយាយថា ទីក្រុងព្យុងយ៉ាងអាចនឹងធ្វើតេស្តមីស៊ីលអន្តរទ្វីបលើគន្លងធម្មតាដែលទាបជាងមុន ដើម្បីដាក់សម្ពាធអាម៉េរិក ដែលបានធ្វើសមយុទ្ធយោធានៅក្នុងតំបន់នាពេលថ្មីៗនេះជាមួយកូរ៉េខាងត្បូង និងគ្រោងធ្វើសមយុទ្ធទ្រង់ទ្រាយធំបន្ថែមទៀតនៅក្នុងប៉ុន្មានខែខាងមុខនេះ។ កន្លងមក កូរ៉េខាងជើងបានធ្វើតេស្តមីស៊ីលអន្តរទ្វីបតែនៅលើគន្លងខ្ពស់ប៉ុណ្ណោះ ដែលបង្ហាញពីសមត្ថភាពមានកម្រិតរបស់រដ្ឋកុម្មុយនីស្តមួយនេះ។ 
 
«តាំងពីដើមមក មីស៊ីលអន្តរទ្វីបមិនដែលត្រូវបានបាញ់នៅកម្ពស់ធម្មតាទេ ប៉ុន្តែកូរ៉េខាងជើងមានសមត្ថភាពធ្វើបានទាំងអស់ ហើយហាក់ដូចជាកំពុងរៀបចំកំណត់ពេលវេលាដើម្បីបង្កើនសម្ពាធលើអាម៉េរិក»។ លោក Yoo Sang-bum សមាជិក​នៃ​គណៈកម្មាធិការ​ស៊ើបការណ៍​សម្ងាត់​របស់សភាកូរ៉េខាងត្បូង ​​ប្រាប់​អ្នក​សារព័ត៌មានបែបនេះ​។ 
 
លោក Yoo បន្ថែមថា កូរ៉េខាងជើងក៏ទំនងជានឹងសាកល្បងនុយក្លេអ៊ែរលើកទី៧ របស់ខ្លួនក្រោយផ្អាកតាំងពីឆ្នាំ២០១៧ និងអាចបង្ហោះផ្កាយរណបចារកម្មនៅឆ្នាំនេះដែរ។ លោក Youn Kun-young សមាជិកម្នាក់ទៀតនៃគណៈកម្មាធិការស៊ើបការណ៍​សម្ងាត់​របស់សភាបាននិយាយថា កូរ៉េខាងជើងក៏អាចអភិវឌ្ឍមីស៊ីលអន្តរទ្វីបដែលដំណើរការដោយឥន្ធនៈរឹងទៀតផង។ 
 
នៅថ្ងៃដដែល ក្រសួងការបរទេសកូរ៉េខាងជើង បានរិះគន់លេខាធិការអង្គការសហប្រជាជាតិ អាន់តូនីញ៉ូ ហ្គូតេរ៉េស ថា មិនផ្ដល់ភាពយុត្តិធម៌ គ្មានតុល្យភាព ទៅលើការតេស្តមីស៊ីល ក្រោយប្រមុខ UN រូបនេះ ថ្កោលទោសការបាញ់មីស៊ីលចុងក្រោយបង្អស់របស់កូរ៉េខាងជើង និងជំរុញឱ្យបញ្ឈប់សកម្មភាពបង្កហេតុបន្ថែមទៀត។ ប្រមុខ UN ក៏ស្នើឱ្យកូរ៉េខាងជើងគោរពតាមដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខដែលហាមឃាត់ការសាកល្បងមីស៊ីលបែបនេះ និងវិលចូលកិច្ចចរចាលុបបំបាត់នុយក្លេអ៊ែរវិញ។
 
គួរបញ្ជាក់ថា មុនមានការបាញ់មីស៊ីលជាបន្តបន្ទាប់នោះ កូរ៉េខាងជើង បានព្រមានកូរ៉េខាងត្បូង និងអាម៉េរិកថាអាចនឹងប្រឈមការប្រឆាំងតបដ៏ខ្លាំងក្លា ប្រសិនបើប្រទេសទាំងពីរ បន្តអនុវត្តផែនការធ្វើសមយុទ្ធយោធារួមគ្នាដែលជាការជំរុញភាពតានតឹងនៅក្នុងតំបន់៕ 
 

Tag:
 កូរ៉េខាងជើង
  កូរ៉េខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com