កីឡាអន្តរជាតិ
អន្តរជាតិ
Pep Guardiola អ្នកចាត់ការដំបូងក្នុងប្រវត្តិសាស្ត្រ ដែលមានកូនក្រុម ២រូបស៊ុត ៥គ្រាប់នៅ Champions League
15, Mar 2023 , 8:29 pm        
រូបភាព
លោក Pep Guardiola អ្នកចាត់ការក្រុម Manchester City ជាអ្នកចាត់ការដំបូងក្នុងប្រវត្តិសាស្ត្រដែលមានកីឡាករ ២រូបក្រោមការដឹកនាំលោក បានស៊ុតបញ្ចូលទី ៥គ្រាប់ក្នុងមួយប្រកួត នាពានរង្វាន់ UEFA Champions League។


ជំនួប វគ្គ១៦ក្រុម ​Man City លត់ RB Leipzig ៧-០ នៃជើងទីពីរ ខ្សែប្រយុទ្ធមុតស្រួចប្រចាំក្រុម Erling Haaland ស៊ុតបាន ៥គ្រាប់ក្នុងមួយប្រកួត និងជាលើកដំបូងសម្រាប់រូបគេនៅព្រឹត្តិការណ៍ Champions League។ មានកីឡាករដ៏ល្អជាកូនក្រុមព្រមទាំងស៊ុតបាល់បញ្ចូលទី ៥គ្រាប់ក្នុងការប្រកួតនេះ ជួយបង្កើនកិត្តិនាមដល់លោក Pep បន្ថែមទៀត។ 
 
នេះជាលើកទីពីរហើយសម្រាប់អ្នកចាត់ការសញ្ជាតិអេស្ប៉ាញ ដែលមានកីឡាករស្ថិតក្រោមការដឹកនាំខ្លួន អាចស៊ុតបាល់បញ្ចូលទីច្រើនបែបនេះក្នុង Champions League។ 
 
កាលពីរដូវកាល ២០១១-១២ ពេលដែលលោក Guardiola ស្ថិតនៅជាអ្នកចាត់ការក្រុម Barcelona មានខ្សែប្រយុទ្ធ Lionel Messi ម្ចាស់ពាន World Cup 2022 ដែលជាអតីតកូនក្រុម ក៏ធ្លាប់ស៊ុតបាល់បញ្ចូលទី ៥គ្រាប់ក្នុងមួយប្រកួតផងដែរ ដោយកាលនោះ Barca ឈ្នះលទ្ធផល ៧-១ លើ Leverkusen នាជំនួប Champions League ដូចគ្នា។​ រដូវកាល ២០២២-២៣ ដឹកនាំ Man City ទើបឈ្នះការប្រកួតលើ Leipzig ដោយមាន Haaland ជាកីឡាករខ្សែប្រយុទ្ធស៊ុត ៥គ្រាប់ក្នុងមួយប្រកួត។
 
ដោយឡែកក្រោយចប់ការប្រកួតជាមួយជ័យជម្នះដ៏ធំ​ លោក Guardiola បានពន្យល់ថា ជ័យជម្នះរបស់ក្រុមកើតឡើងពីខ្សែការពារ មិនមែន Haaland នោះទេ។ អ្នកចាត់ការវ័យ ៥២ឆ្នាំ ក៏បានសរសើរទម្រង់លេងនៃកូនក្រុមថា ជាផ្លូវនៃក្តីសង្ឃឹមប្រជែងពាន Champions League។
 
«យើងស៊ុតចូល Real Madrid ៤គ្រាប់ ស៊ុតចូល Monaco ៦គ្រាប់ ស៊ុតចូល Spurs ៤គ្រាប់ តែយើងតែងធ្លាក់ចេញពីការប្រកួត ព្រោះយើងរបូតគ្រាប់បាល់ចូលទីច្រើនដូចគ្នា យើងអាចជៀសវាងរឿងនេះបាន។ នៅពេលនេះប្រព័ន្ធការពារយើងរឹងមាំល្អណាស់ រួមជាមួយគ្រាប់បាល់ដែលយើងបានស៊ុតក្នុងរដូវកាលនេះថែមទៀត ។ ប៉ុន្តែពិតណាស់មាន Haaland ប្រៀបដូចមាន Sergio Aguero អ៊ីចឹង។ ក្នុងការស្វែងរកគ្រាប់បាល់ក្នុងការប្រកួត វាជារឿងសំខាន់។»។ លោក Guardiola និយាយបែបនេះក្នុងសន្និសីទក្រោយចប់ការប្រកួត៕
 
 

Tag:
 Pep Guardiola
  UEFA Champions League
© រក្សាសិទ្ធិដោយ thmeythmey.com