ធនាគារកណ្តាលអាមេរិក (Fed) កាលពីថ្ងៃទី ៣ ខែឧសភាបានប្រកាសថា នឹងដំឡើងអត្រាការប្រាក់យោង ០,២៥ភាគរយបន្ថែមទៀត បើទោះបីជាមានបញ្ហាចម្រូងចម្រាស់នៅក្នុងវិស័យធនាគារក៏ដោយ។ អត្រាការប្រាក់បច្ចុប្បន្ននៅក្នុងអាម៉េរិកមានប្រហែល ៥ ទៅ ៥,២៥ភាគរយ ដែលនេះគឺជាកម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ១៥ឆ្នាំ។
ធនាគារកណ្តាលអាម៉េរិក (Fed) បានដំឡើងអត្រាការប្រាក់ ១០ដងជាប់ៗគ្នាចាប់តាំងពីខែមីនាឆ្នាំ ២០២២។ អត្រាការប្រាក់កម្រិតនេះ គឺមិនមែនជាអ្វីដែលអ្នកប្រើប្រាស់ចង់បាននោះទេ ប៉ុន្តែការផ្លាស់ប្តូររបស់ Fed នៅតែអាចប៉ះពាល់ដល់អត្រាការប្រាក់លើប្រាក់កម្ចី និងការសន្សំ ជាពិសេសការដកប្រាក់កម្ចីទិញផ្ទះ ទិញរថយន្ត ឬប្រើប្រាស់ប័ណ្ណឥណទានជាដើម។
ការដំឡើងអត្រាការប្រាក់ បានកើតឡើងនៅក្នុងបរិបទមួយ ដែលវិស័យធនាគារទទួលរងនូវហានិភ័យ ដោយសារអត្រាការប្រាក់ខ្ពស់ ស្របពេលដែលធនាគារចំនួន ៣ នៅអាម៉េរិកបានដួលរលំក្នុងរយៈពេលត្រឹមតែ ២ខែ។
នៅក្នុងសេចក្តីប្រកាសបន្ទាប់ពីកិច្ចប្រជុំរបស់ Fed បានបន្តសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តក្នុងការទប់ស្កាត់អតិផរណា។ នៅពេលត្រូវបានសួរនៅក្នុងសន្និសីទសារព័ត៌មាន ថាតើ Fed នឹងត្រូវបានបញ្ឈប់ការដំឡើងនៅពេលណា ? ឆ្លើយតបបញ្ហានេះ ប្រធានកណ្តាលអាមេរិកលោក Jerome Powell បាននិយាយថាពួកគេនឹងពិភាក្សាអំពីរឿងនេះនៅឯកិច្ចប្រជុំខែមិថុនា។
«ក្រុមប្រឹក្សាគាំទ្រយ៉ាងខ្លាំងចំពោះការដំឡើងអត្រាការប្រាក់លើកនេះ ប៉ុន្តែក៏មានការពិភាក្សាអំពីការបញ្ឈប់ដែរ»។ លោក Powell បានបញ្ជាក់បែបនេះ នៅថ្ងៃទី៣ ខែឧសភា។
ការពិភាក្សានៅ Fed អាចនឹងកាន់តែខ្លាំងក្នុងប៉ុន្មានសប្តាហ៍ខាងមុខ ដោយសារការខ្ចីប្រាក់មានការធ្លាក់ចុះ ហើយសេដ្ឋកិច្ចត្រូវបានព្រមានថា ស្ថិតនៅលើមាត់ជ្រោះនៃវិបត្តិ។ ការរឹតបន្តឹង និងការបន្ធូរបន្ថយរបស់ Fed នឹងត្រូវជជែកគ្នា ថាតើគោលនយោបាយបច្ចុប្បន្ន គឺគ្រប់គ្រាន់ ដើម្បីនាំអតិផរណាត្រឡប់ទៅគោលដៅ ២ភាគរយវិញដែរឬយ៉ាងណា។ ពួកគេត្រូវការពិចារណាពីស្ថានភាពសេដ្ឋកិច្ច ទិសដៅនៃអតិផរណា និងហានិភ័យសេដ្ឋកិច្ចជាបន្តបន្ទាប់។ នេះបើតាមលោក Joseph Brusuelas ប្រធានសេដ្ឋវិទូនៅ RSM US បាននិយាយនៅកម្មវិធីទូរទស្សន៍ CNN ។
ទោះជាយ៉ាងណាក៏ដោយលោក Powell មានសុទិដ្ឋិនិយមចំពោះសេដ្ឋកិច្ចអាម៉េរិក។ លោកបានចង្អុលបង្ហាញថា ការធ្លាក់ចុះយ៉ាងខ្លាំងនៃការងារថ្មី មិនបានទាញអត្រាអ្នកអត់ការងារធ្វើឱ្យឡើងខ្ពស់នោះទេ។ កាលពីខែមីនា អាម៉េរិកបានបន្ថែមការងារថ្មីចំនួន ៩,៥៩លានកន្លែង ដែលធ្លាក់ចុះពីកម្រិតខ្ពស់បំផុតចំនួន ១២លានក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ហើយអត្រាគ្មានការងារធ្វើក្នុងឆ្នាំ២០២២ ក៏មិនលើសពី ៣,៧ភាគរយដែរ។
ធនាគារកណ្តាលបាននិយាយថាការរឹតបន្តឹងលក្ខខណ្ឌផ្តល់ប្រាក់កម្ចីអាចធ្វើឱ្យសេដ្ឋកិច្ចធ្លាក់ចុះដែលបណ្តាលឱ្យវាឈានដល់គោលដៅអតិផរណារបស់ខ្លួន។ Fed បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ឥណទានដែលត្រូវបានរឹតបន្តឹងអាចថ្លឹងថ្លែងលើសកម្មភាពសេដ្ឋកិច្ច ការងារ និងអតិផរណា ហើយទំហំនៃផលប៉ះពាល់ទាំងនេះនៅតែមានភាពមិនប្រាកដប្រជា។
ទោះបីជាមានការដួលរលំនៃធនាគារ First Republic កាលពីសប្តាហ៍មុនក៏ដោយ លោក Powell គិតថា ភាពចលាចលនៅក្នុងវិស័យធនាគារមិនគួរឱ្យព្រួយបារម្ភពេកនោះទេ។ លោកបានបន្តថា ស្ថានភាពនេះមានភាពប្រសើរឡើងចាប់តាំងពីខែមីនា ហើយធនាគារជាច្រើនមានការព្រួយបារម្ភអំពីសាច់ប្រាក់ងាយស្រួល។ ជុំវិញកិច្ចព្រមព្រៀងរបស់ JP Morgan ក្នុងការទិញ First Republic លោក Powell បាននិយាយថា វាគឺជារឿងល្អសម្រាប់ប្រព័ន្ធធនាគារ៕