កីឡាជាតិ
ជាតិ
ភ្នំពេញ​ក្រោ​ន និង​ណាហ្គា​ខ​ប ឡើង​កំពូល អាស៊ី​អឺរ៉ុប​ស្គាល់​ជាតិ​ឈ្នះ​លើកដំបូង
02, Mar 2014 , 10:07 am        
រូបភាព
ដោយ: រួបរួម
នា​ការប្រកួត​សប្តាហ៍​ទី៦នៃ​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក​ឆ្នាំ២០១៤ កាលពី​រសៀល​ថ្ងៃ​សៅរ៍  ភ្នំពេញ​ក្រោ​ន​និង​ណាហ្គា​ខ​ប បានទទួល​ជ័យជម្នះរៀងៗខ្លួន​ដើម្បី​នាំមុខ​បី​ពិន្ទុ​បណ្តោះអាសន្ន​លើ​តារាង ខណៈ​អាស៊ី​អឺរ៉ុប​ស្គាល់​រសជាតិ​នៃ​ការទទួលបាន​បី​ពិន្ទុ​ជា​លើកដំបូង។


ភ្នំពេញ​ក្រោ​ន​ឡើងលើ​កំពូល​តារាង​ជា​បណ្តោះអាសន្ន
ភ្នំពេញ​ក្រោ​ន​បាន​លុបលាង​ការខកចិត្ត​នា​ជំនួប​ជាមួយ​បឹងកេត​កាលពី​សប្តាហ៍​មុន តាមរយៈ​ការបំបាក់​ក្រុម Albirex Niigata Phnom Penh ក្នុង​លទ្ធផល ៤-១ នៅលើ​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ។ ឃឹម បូរី ប៊ិន ធា​រី Newton Katanha និង Jeong Ho Kim បាន​ស៊ុត​បាល់​បញ្ចូល​ទី​ម្នាក់​មួយ​គ្រាប់​សម្រាប់​ភ្នំពេញ​ក្រោ​ន​នៅក្នុង​តង់​ទីមួយ ខណៈ Kataoka Michimori វាយបក​បានត្រឹមតែ​មួយ​គ្រាប់​វិញ​សម្រាប់ Albirex នៅ​ពាក់កណ្តាល​តង់​ទី​ពីរ។


ការទទួលបាន​បី​ពី​ន្ទុ​បន្ថែម នាំ​ឲ្យ​ភ្នំពេញ​ក្រោ​ន​រក្សា​តំណែង​លើ​កំពូល​តារាង​ជា​បណ្តោះអាសន្ន ដោយមាន១៣ពិន្ទុ ខណៈ Albirex មិនទាន់​រកបាន​ពិន្ទុ​ឡើយនា​ការប្រកួត៦លើក​កន្លងមក​ក្នុង​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក។

អាស៊ី​អឺរ៉ុប​ទទួលបាន​ជ័យជម្នះ​ជា​លើកដំបូង

កីឡាករ Mahamed Hamzar ឆាង ហៃ និង George Kelechi បាន​ស៊ុត​បាន​បញ្ចូល​ទី​ម្នាក់​មួយ​គ្រាប់​សម្រាប់​អាស៊ី​អឺរ៉ុប​នៅក្នុង​តង់​ទីមួយ ខណៈ Adeyanju Omokafe និង ចាន់ ឆា​យ៉ា ប្រឹង​វាយ​វិញ​បាន​ពីរ​គ្រាប់​សម្រាប់​បៀ​ល​ប្រាយ​នៅក្នុង​តង់​ទី​ពីរ។


លទ្ធផល ៣-២ គឺជា​ជ័យជម្នះ​លើកដំបូង​របស់​អាស៊ី​អឺរ៉ុប​នា​ការប្រកួត៦លើក​កន្លងមក ដែល​នាំ​ឲ្យ​ពួកគេ​ទទួលបាន​ពិន្ទុសរុប​ចំនួន៦ ខណៈ​បៀ​ល​ប្រាយ​មានតែ៥ពិន្ទុ​ប៉ុណ្ណោះ។

ស៊ុន សុវណ្ណ​រិទ្ធី​នាំ​ជ័យជម្នះ​ដល់​ណាហ្គា​ខ​ប


នា​ជំនួប​ជាមួយ​ត្រាយ​អាស៊ី​ភ្នំពេញ ស៊ុន សុវណ្ណ​រិទ្ធី បាន​ស៊ុត​គ្រាប់​បាល់​ប៉េ​ណា​ល់​ទី​ដើម្បី​នាំ​ឲ្យ​ណាហ្គា​ខ​បទ​ទួលបាន​ពិន្ទុសរុប​ចំនួន១៣នៅលើ​កំពូល​តារាង​ស្មើ​ភ្នំពេញ​ក្រោ​ន។ ត្រាយ​អាស៊ី​នៅ​រក្សា​ពិន្ទុសរុប​ចំនួន១០ពី​ការប្រកួត៦លើក។

គិរីវង់​មិនទាន់​ស្គាល់​ជាតិ​ឈ្នះ​ឡើយ

ការប្រកួត​រវាង​ក្រសួងការពារជាតិ និង​គិរីវង់​សុខ​សែន​ជ័យ​នៅលើ​ទីលាន​ស្តា​ត​ចាស់ បានបញ្ចប់​ទៅដោយ​គ្មាន​ការ​ស៊ុត​បាល់​បញ្ចូល​ទី។ ការពារជាតិ ដែល​បាន ឈ្នះ​លើកដំបូង​កាលពី​សប្តាហ៍​មុន កើនឡើង​មួយ​ពិន្ទុ​បន្ថែមទៀត ដោយ​សរុប​មាន៧ពិន្ទុ ខណៈ​គិរីវង់​ដែល​មិនទាន់​ស្គាល់​ឈ្នះ មាន​ត្រឹមតែ៤ពិន្ទុ​ប៉ុណ្ណោះ។

ការប្រកួត​នៅ​ថ្ងៃអាទិត្យ​នេះ
-ម៉ោង៣:៣០៖ ចម្ការកៅស៊ូ​បឹងកេត ប៉ះ វេ​ស្ទើ​ន​យូ​នី​អែ​ហ្វ​ស៊ី
-ម៉ោង៦ល្ងាច៖ ស្វាយរៀង​ប៉ះ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ




© រក្សាសិទ្ធិដោយ thmeythmey.com