ជាតិ
សមាគមកសិករដែលដឹកនាំដោយលោក ថេង សាវឿន ត្រូវផ្អាកបណ្តោះអាសន្ន
15, Jun 2023 , 5:19 pm        
រូបភាព
រូបពីហ្វេសប៊ុករបស់លោក ថេង សាវឿន
រូបពីហ្វេសប៊ុករបស់លោក ថេង សាវឿន
ក្រសួងមហាផ្ទៃ សម្រេចផ្អាកសកម្មភាពរបស់សមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC) ដែលមានលោក ថេង សាវឿន ជាប្រធាន «ជាបណ្តោះអាសន្ន» រហូតដល់តុលាការខេត្តរតនគិរី បញ្ចប់នីតិវិធីជាស្ថាពរក្នុងសំណុំរឿងលេខ២៣៣។ នេះបើតាមសេចក្តីសម្រេច ដែលចេញដោយសម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅខែមិថុនា ឆ្នាំ២០២៣។


លោក ថេង សាវឿន ប្រកាសលើទំព័រហ្វេសប៊ុកថា រាល់សកម្មភាព ដែលកើតមានឡើង ក្នុងអំឡុងនៃការចេញសេចក្ដីសម្រេចរបស់ក្រសួងមហាផ្ទៃ គឺមិនជាប់ពាក់ព័ន្ធ នឹងការទទួលខុសត្រូវរបស់ថ្នាក់ដឹកនាំសមាគមឡើយ។ លោក បន្តថា សមាគម គោរព និងអនុវត្តតាមច្បាប់។ 
 
សំណុំរឿងលេខ២៣៣ គឺសំណុំរឿងរបស់លោក ថេង សាវឿន និងសហការី២នាក់ទៀត។ អ្នកទាំង៣ ត្រូវបានចាប់ខ្លួន កាលពីអំឡុងខែឧសភា ឆ្នាំ២០២៣ ក្រោមបទរួមគំនិតក្បត់ (ជាតិ) និងបទញុះញង់បង្កឲ្យមានអសន្តិសុខសង្គម។
 
អ្នកទាំង៣ ត្រូវបានដោះលែងឲ្យនៅក្រៅឃុំបណ្តោះអាសន្ន នៅចុងខែឧសភា ក្រោយសារភាពពីទោសកំហុសរបស់ខ្លួន និងសុំកិច្ចអន្តរាគមន៍ពីសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន។ យ៉ាងណា តុលាការ មិនទាន់ទម្លាក់បទចោទចេញពួកគាត់ឡើយ ហើយពួកគាត់ ក៏ត្រូវស្ថិតក្រោមការត្រួតពិនិត្យរបស់តុលាការផងដែរ៕ 
 

Tag:
 សមាគមកសិករ
© រក្សាសិទ្ធិដោយ thmeythmey.com