ជាតិ
សមាគមអភិរក្សដំរីអៃរាវត្តា កំពុងជួបការខ្វះខាតថវិកាក្នុងការទិញចំណី និងព្យាបាលដំរី
16, Jun 2023 , 7:59 am        
រូបភាព
ដោយ៖ ទូច សូរិយា

ភ្នំពេញ៖ ក្រសួងទេសចរណ៍ និងសមាគមអភិវង្សដំរីអៃរាវត្តារៀបចំយុទ្ឋនាការ «ដំរីមួយជួយថវិកាពីរពាន់រៀល» ដើម្បីស្វែងរកថវិកាពីសប្បុរសជនសម្រាប់ទ្រទ្រង់ដល់សមាគមអភិរក្សដំរីអៃរាវត្តាដែលកំពុងជួបការខ្វះខាតថវិកាសម្រាប់ទិញចំណីដំរី និងព្យាបាលដំរី។
 
លើសពីនេះ ការចូលរួមមូលនិធិឧបត្ថម្ភពីសប្បុរសជន ជាការចូលរួមចំណែកការពារ អភិរក្សសត្វដំរី និងការបង្កាត់ពូជដំរី។ ជាមួយគ្នានេះ ចូលរួមចំណែកយ៉ាងសំខាន់សម្រាប់ការងារគ្រប់គ្រងធនធានធម្មជាតិ និងបង្កើនបរិមាណសត្វដំរីនៅកម្ពុជា ។ ទន្ទឹមនឹងនេះ យុទ្ធនាការ «ដំរីមួយជួយថវិកាពីរពាន់រៀល» ជាយុទ្ធនាការមួយដែលរៀបចំឡើងក្នុងគោលបំណងស្វែងរកថវិកាពីសប្បុរសជនទាំងក្នុង និងក្រៅប្រទេស សម្រាប់ទិញចេកមួយស្និត ឬអំពៅមួយដើម និងទ្រទ្រង់ដល់សមាគមអភិរក្សដំរីអៃរាវត្តាផងដែរ។
 
ក្រសួងទេសចរណ៍ និងសមាគមអភិរក្សដំរីអៃរាវត្តា សូមអំពាវនាវដល់សប្បុរសជនទាំងអស់ចូលរួមបរិច្ចាគថវិកាដល់សមាគមឱ្យបានច្រើនតាមរយៈគណនីធនាគារ ABA (001 674 633) និងគណនីធនាគារអេស៊ីលីដា (15255639) ។ ចំពោះ ថវិកាដែលទទួលបានសមាគមនឹងយកទៅចាត់ចែងសម្រាប់ការទិញចំណីដំរី ព្យាបាលដំរី និងសកម្មភាពអភិរក្សផ្សេងៗ៕
 

Tag:
 ក្រសួងទេសចរណ៍
 ​ រតនគិរី
  ដំរី
© រក្សាសិទ្ធិដោយ thmeythmey.com