ជាតិ
Facebook ជាឧបករណ៍ទំនាក់ទំនងយ៉ាងល្អ តែបើប្រើខុសមុខងារនឹងមានផលប៉ះពាល់ដល់សង្គម
16, Jun 2023 , 4:29 pm        
រូបភាព
ដោយ:
អ្នកមាន​ប្រជាប្រិយភាព​លើ​បណ្ដាញ​ផ្សព្វផ្សាយ​​ អ្នកបង្កើតមាតិកា​ និង​អ្នក​មកពី​អង្គភាព​បម្រើ​ការងារ​រ​អភិវឌ្ឍ​សហគមន៍ ​​​បាន​ពិភាក្សាគ្នា​អំពី​ការបង្កើតមាតិកា​​ ដែល​មាន​អត្ថប្រយោជន៍​ជាមួយ​មុខងារ​សុវត្ថិភា​ព និង​ស្តង់ដា​សហគមន៍​​របស់ក្រុមហ៊ុន Meta។ ទន្ទឹមនឹងនេះ អ្នកបង្កើតមាតិកា បានលើកឡើងថា ហ្វេ​ស​ប៊ុ​ក ​គឺជា​ឧបករណ៍​ដ៏​ល្អ​មួយសម្រាប់អ្នកប្រើប្រាស់ ប៉ុន្តែបើប្រើមិនបានត្រឹមត្រូវ តាមតួនាទី និងមុខងាររបស់វា ធ្វើឱ្យមានផលប៉ះពាល់ដល់ខ្លួន និងសង្គម


​ក្រុមហ៊ុន Meta នៅថ្ងៃទី១៥ ខែមិថុនា​​ បានបង្ហាញ​អំពី​សកម្មភាព​ថ្មីៗ និង​​ការ​សង្ខេប​មុខងារ​​ស្តង់ដា​សហគមន៍ «Community Standards» ​រួមទាំង​​ឧបករណ៍ និង​មុខងារ​របស់ហ្វេសប៊ុក​ ដើម្បី​រក្សា​គណនី​ឱ្យមាន​សុវត្ថិភាព និង​ប្រយុទ្ធ​ប្រឆាំង​ការគំរាមកំហែង និង​ការយាយី​តាម​អ៊ីនធឺណិត។ 

អ្នកស្រី ហង្ស សម្ផស្ស ប្រធាន​ក្រុម​បណ្តាញ​អ្នកសារព័ត៌មាន​ស្ត្រី​កម្ពុជា(CFJ) បាន​មានប្រសាសន៍ថា​ ការធ្វើសិក្ខាសាលារបស់ក្រុមហ៊ុន Meta ផ្ដល់អត្ថប្រយោជន៍ច្រើនដល់អ្នកប្រើប្រាស់បណ្ដាញសង្គម ដើម្បីឱ្យពួកគេមានការប្រុងប្រយ័ត្ន ក្នុងការផ្ទៀងផ្ទាត់ព័ត៌មានមុនពេលចែករំលែក។ Meta ក៏មានគោលនយោបាយថ្មី ដែលអាចរុញមាតិកាផ្សេងៗ ទាក់ទងគោលនយោបាយ និងការបោះឆ្នោតផងដែរ។ 
 
អ្នកស្រីបានបន្តថា បើក្រុមហ៊ុនហ្វេសប៊ុក មានវគ្គបណ្ដុះបណ្ដាលពីរបៀបប្រើប្រាស់គឺល្អ ព្រោះអ្នកប្រើប្រាស់មួយចំនួន ពួកគេមិនបានដឹងថាមួយណាប្រើមានផលប្រយោជន៍ ហើយមួយណាធ្វើឱ្យរងផលប៉ះពាក់ដល់សង្គម និងខ្លួនឯងនោះទេ។
 
អ្នកស្រី ហង្ស សម្ផស្ស បានបញ្ជាក់ថា៖«ហ្វេ​ស​ប៊ុ​ក ​គឺជា​ឧបករណ៍​ដ៏​ល្អ​មួយ​សម្រាប់​អ្នកសារព័ត៌មាន​ស្ត្រី ព្រោះ​វា​សម្រាប់​មនុស្ស​គ្រប់រូប​។ ប៉ុន្តែ​ក្នុងនាម​ជា​អ្នកកាសែត​ស្ត្រី ខ្ញុំ​ត្រូវតែ​ដឹង​អំពី​តួនាទី​របស់​ខ្ញុំ​នៅលើ​​បណ្ដាញសង្គម​ និង​​អ្វី​ដែលអាចមើល​ឃើញ​នៅលើ​បណ្ដាញ​សង្គម។ ខ្ញុំ​ណែនាំ​អ្នកសារព័ត៌មាន​ស្ត្រី​ទាំងអស់​ឱ្យ​យល់ដឹង​អំពី​បញ្ហា​​សុវត្ថិភាព​ដែលអាចរក​​បាន​​តាមរយៈ​ប្លេតហ្វម​ទាំង​អស់​​របស់ Meta»។​ 
 
អ្នកបង្កើតមាតិកា​ លោក ជី សុផាត​ តែងតែ​បណ្តុះបណ្តាល​អ្នកសារព័ត៌មាន និង​​អង្គភាព​​នានា​អំពី​របៀប​ប្រើប្រាស់ ហ្វេសប៊ុក​ សម្រាប់​ផ្សារ​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​​​មហាជន​។ លោក សុផាត​ បាន​និយាយថា៖ «​ហ្វេសប៊ុក​​ គឺជា​ឧបករណ៍​ទំនាក់ទំនង​ដ៏​មាន​ឥទ្ធិពល​បំផុត ដែល​អាចឱ្យ​អ្នកប្រើប្រាស់ទាក់ទង​ និងរក្សា​​ទំនាក់ទំនង​ជាមួយ​ប្រិយ​មិត្ដ​​​​របស់​ពួកគេ​។ ទោះជា​យ៉ាងណាក៏ដោយ អ្នក​​​ប្រើប្រាស់​ប្លេតហ្វម​នេះ​គួរតែ​ដឹង​ពី​​មុខងារ​ជាច្រើន​​ដែល Meta ផ្តល់​ឱ្យ​ ដើម្បី​​ពួកគេទទួល​​ជោគជ័យ​តាម​​​គោលបំណង​»។
 
លោក ហេង ភក្តី ប្រធានផ្នែក​គោលនយោបាយសាធារណៈ​របស់ក្រុមហ៊ុន​Meta ប្រចាំប្រទេសកម្ពុជា​មានប្រសាសន៍ថា Meta ប្រកាន់​ភ្ជាប់​​វិធីសាស្ត្រ​ដ៏​ទូលំទូលាយ ក្នុងការ​ធ្វើឱ្យ​​ Flatform ​ ​​ក្លាយជា​កន្លែង​មាន​សុវត្ថិភាព​ជាង​មុន​ សម្រាប់​អ្នកប្រើប្រាស់ រួមទាំង​ការសរសេរ​គោល​ការណ៍​​ច្បាស់លាស់ ការចូល​រួមជាមួយ​អ្នកជំនាញ និង​ការអភិវឌ្ឍ​បច្ចេកវិទ្យា​ទំនើប ​ដើម្បី​ជួយ​ការពារ​ការ​រំលោភ​បំពាន​មិន​ឱ្យ​​កើតឡើង​។​
  

លោក ហេង ភក្តី ប្រធានផ្នែកគោលនយោបាយសាធារណៈរបស់ក្រុមហ៊ុនMeta ប្រចាំប្រទេសកម្ពុជា។ រូបភាព៖ ញឹក សំអូន
 
​លោក ហេង ភក្ដី បានបញ្ជាក់ថា៖ «Meta ប្តេជ្ញា​ជួយ​អ្នកបង្កើតមាតិកា​ និង​អង្គភាព​ផ្សេងៗ ​បង្កើត​មាតិកា ​ដែល​គួរឱ្យ​ចាប់អារម្មណ៍​។ ក្រុមហ៊ុនMeta ក៏​ចង់​ធានា​ដល់​អ្នកប្រើប្រាស់​ទាំង​អស់​របស់​យើង​ថា ​សុវត្ថិភាព និង​ឯកជន​ភាព​គឺជា​អាទិភាព​ចម្បងមួយរបស់យើង​​»។ 
 
លោក ហេង ភក្ដី បានបន្ថែមថា Meta តែងតែពិនិត្យរាល់ពេលរព័ត៌មានណា ដែលផ្សព្វផ្សាយមិនគោរពតាមគោលការណ៍របស់ក្រុមហ៊ុន ដូចជា ការផុសរឿងអាសអាភាស ជេរប្រមាថ កាយវិការមិនសមរម្យ និងការផ្សព្វផ្សាយដែលមានជាប់ឈាមជាដើម គឺក្រុមហ៊ុន Meta នឹងពិចារណាលុបទំព័រ ឬគណនីបុគ្គលទាំងនោះ៕
 

Tag:
 ការបង្កើតមាតិកា
 Meta
© រក្សាសិទ្ធិដោយ thmeythmey.com