សៀមរាប៖ កំពង់ទឹកខាងកើតប្រាសាទព្រះខ័ននៃបារាយណ៍ជយតដាក ឬបារាយណ៍នាគព័ន្ធ កំពុងទទួលបានការជួសជុល និងលើកតម្លៃឡើងវិញ ខណៈដែលកំពង់ទឹកនេះមានភាពទ្រុឌទ្រោមខ្លាំង នាពេលកន្លងមក។
បុរាណវិទូ និងជាអ្នកគ្រប់គ្រងការងារការដ្ឋានជួសជុលកំពង់ទឹកខាងកើតប្រាសាទព្រះខ័ន លោក ជា សារិទ្ធ បានឱ្យដឹងថា ការជួសជុលនេះជាដំណាក់កាលទី២ ដែលបានចាប់ផ្តើមពីដើមឆ្នាំ២០២៣មក។ ការជួសជួលផ្តោតលើខឿនខាងកើតដែលមានរាងជាការ៉េ ដោយមានជណ្ដើរបីទិស។ លោកបន្តថា បញ្ហាប្រឈមនៃកំពង់ទឹកនេះ គឺខឿនមានភាពទ្រុឌទ្រោមខ្លាំង ហើយតាមការស្រាវជ្រាវទីតាំងនេះ សង់ដំណាលគ្នានឹងប្រាសាទនាគព័ន្ធ និងប្រាសាទតាសោមកំឡុងពេលរៀបចំរាជធានីជ័យស្រី ឬប្រាសាទព្រះខ័ន ក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧។ ប៉ុន្តែក្រោយរដ្ជកាលព្រះបាទជ័យវរ្ម័នទី៧បន្ដិច កំពង់ទឹកនេះត្រូវបានរុះរើ និងដកយកថ្មចេញខ្លះដើម្បីយកទៅប្រើប្រាស់នៅកន្លែងដទៃ។ លោក ជា សារិទ្ធ ពន្យល់ថា ក្រោយដកថ្មចេញពីថ្មខឿនជញ្ជាំងជុំវិញខាងកើត ធ្វើឱ្យកំពង់ទឹកបាក់ស្រុត ទឹកហូរច្រោះដី ធ្វើឱ្យថ្មស្រុតចុះទៅក្រោម និងស្ទើរបាត់រូបរាងទាំងស្រុង។
![](https://image.thmeythmey.com/pictures/2023/08/26/13.png)
កាំជណ្ដើរនៃកំពង់ទឹកប្រាសាទព្រះខ័ន។ រូបភាពពីអាជ្ញាធរជាតិអប្សរា
ការជួសជុលមានភាពស្មុគស្មាញខ្លះដោយសារកំពង់ទឹកបានបាត់ថ្ម និងស្រុតចុះក្រោមស្ទើរតែបាត់រូបរាង ដូចបានរៀបរាប់ខាងលើ។ យ៉ាងណា អ្នកជំនាញបានព្យាយាមសិក្សាពីប្លង់ស្ថាបត្យកម្មសំណង់ដែលនៅ សេសសល់ដើម្បីយកមកដំឡើងឬជួសជុលបំពេញផ្នែកដែលបាត់បង់។ លោក ជា សារិទ្ធ ពន្យល់ដូច្នេះថា៖«ក្រោយកំណាយសម្អាតដីមកឃើញស្លាកស្នាមថ្មខឿនដែលគេរៀបជារចនាសម្ព័ន្ធជញ្ជាំងពីរជាន់ខាងក្រៅជាថ្មភក់ ខាងក្នុងជាថ្មបាយក្រៀម។ ជញ្ជាំងថ្មភក់បាត់ស្ទើរទាំងស្រុងនៅសល់ប៉ុន្មានដុំជ្រុងខាងលិចនៃជញ្ជាំង។ ខាងក្នុងថ្មបាយក្រៀមក៏មានការទ្រុឌទ្រោមដែរ ស្ទើរបាត់រូបរាង តែនៅសល់ស្លាកស្នាមខ្លះនាំឱ្យយើងអាចយល់ពីរចនាសម្ព័ន្ធ ហើយសិក្សាវិភាគ វិន័ច្ឆ័យកំណត់វិធីសាស្រ្ដក្នុងការជួសជុល»។
យោងតាមឯកសារបុរាណវិទ្យា ក្រោយស្ថាបនាបានបន្តិចកំពង់ទឹកខាងកើតប្រាសាទព្រះខ័ន ធ្លាប់បានជួសជុល និងរៀបចំឡើងវិញជាហូរហែ ចាប់ពីក្រោយរាជ្យព្រះបាទជ័យវរ្ម័នទី៧។ បុរាណវិទូ ជា សារិទ្ធ ពន្យល់ថា៖« បើយោងលើព័ត៌មានលើសិលាចារិកប្រាសាទព្រះខ័ន ដែលនិយាយថា ប្រាសាទព្រះខ័ន ទាំងនាគព័ន្ធ និងបារាយណ៍ត្រូវបានកែប្រែនៅក្នុងដំណាក់កាលទី២ មានន័យថា បារាយណ៍ត្រូវបានលើកឱ្យខ្ពស់ជាងមុនដើម្បីបន្ថែមបរិមាណទឹកឱ្យបានច្រើនសម្រាប់យក ទៅបំពេញការប្រើប្រាស់ក្នុងវិស័យកសិកម្មជីវភាពប្រចាំថ្ងៃនៅក្នុងរាជធានីអង្គរធំ»។ ដូច្នេះ ខឿនកំពង់ទឹកក៏ត្រូវបានលើកឱ្យខ្ពស់ជាងមុនដូចគ្នា ដើម្បីបញ្ចសពីជំនន់ទឹកបារាយណ៍។
លោក ជា សារិទ្ធ បន្តរៀបរាប់ពីសាវតានៃការជួសជុលកំពង់ទឹក គឺក្រៅពីសម័យរាជ្យជ័យវរ្ម័នទី៧ គេឃើញមានស្លាកស្នាមនៃការជួសជុលជាបន្តបន្ទាប់។ លោកបានចោទជាសំណួរដូច្នេះថា៖« ហេតុអ្វីបានយើងដឹងថាមានការជួសជុល? ដោយសារនៅពេលគេ ដកថ្មភក់បាត់អស់មួយចំណែកធំហើយ ហេតុអ្វីយើងឃើញថ្មបាយក្រៀមនៅលើជញ្ជាំងថ្មភក់ទៅវិញ? កម្រាលខាងលើមានការបាត់បង់មែន តែមានការៀបចំបន្ថែម ហើយជញ្ជាំងនៃជណ្ដើរទាំងបីទិស ក៏ឃើញមាននៅសល់តែទម្រនៃជញ្ជាំងថ្មភក់ទេ ប៉ុន្តែហេតុអីបានមានជញ្ជាំងថ្មបាយក្រៀមបន្ថែមពីលើ ហើយកម្ពស់ខ្ពស់ជាងជញ្ជាំងបាតជញ្ជាំងថ្មភក់ចាស់»?
អ្នកជំនាញរូបនេះបានសន្និដ្ឋានថា កំពង់ទឹកខាងលើពិតជាមានការរៀបចំជួសជុល និងប្រើប្រាស់ឡើងវិញនៅសម័យក្រោយអង្គរ។ បន្ថែមពីនេះ នៅឆ្នាំ១៩២៧ សាលាបារាំងចុងបូព៌ាបានឆ្ការព្រៃសម្អាត កំណកដី ក៏ឃើញមានជញ្ជាំងថ្មបាយក្រៀមដែលគេរៀបបន្តុបថ្មភក់រួចទៅហើយរហូតដល់បច្ចុប្បន្ន។
កំពង់ទឹកខាងកើតប្រាសាទព្រះខ័ន ត្រូវបានកសាងឡើងដើម្បីភ្ជាប់ទំនាក់ទំនងរវាងប្រាសាទព្រះខ័នទៅប្រាសាទនាគព័ន្ធ ដោយព្រះរាជាយាងទៅគោរពព្រះនៅប្រាសាទនាគព័ន្ធ ដោយព្រះអង្គយាងតាមទិសខាងកើតដោយជិះទូក។ លោក ជាសារិទ្ធ បានបញ្ជាក់ដូច្នេះ ដោយបន្តថាកំពង់ទឹកនេះ មានជណ្ដើរ៥កាំ ហើយខឿនកំពង់ទឹកពីជណ្ដើរមួយៗមានខឿនពីរជាន់។
អាជ្ញាធរជាតិអប្សរាតាមរយៈនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា ចាប់ផ្តើមជួសជុលកំពង់ទឹក ខាងកើតប្រាសាទព្រះខ័នជំហានទី១នៅឆ្នាំ២០២២ និងជំហានទី២ ឆ្នាំ២០២៣។ បច្ចុប្បន្នការងារជួសជុលសម្រេចបានប្រមាណ៤០ភាគរយហើយ ដោយសព្វថ្ងៃរួចរាល់នៅផ្នែកគ្រឹះ និងបន្តផ្នែកខាងលើឬកម្រាល។ បំណងនៃការជួសជុលនេះគឺដើម្បីពង្រឹងផ្នែកដែលទ្រុឌទ្រោមខ្លាំងឱ្យមាន ភាពរឹងមាំឡើងវិញ និងបង្ហាញពីដំណាក់កាលមួយៗចាប់ពីការរៀបចំ និងជួសជុលចាប់ពីក្រោយសម័យអង្គរ រហូតដល់បច្ចុប្បន្ន ក៏ដូចជាលើកពីគុណតម្លៃនៃកំពង់ទឹកនេះឡើងវិញ៕