ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក ប៉ែន វិបុល អតីតអគ្គស្នងការរង ត្រូវបានតែងតាំងជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី
05, Sep 2023 , 5:52 pm        
រូបភាព
លោក ប៉ែន វិបុល ជាឥស្សរជនទី៣០ ក្នុងតំណែងជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីក្នុងរដ្ឋាភិបាលអណត្តិទី៧
លោក ប៉ែន វិបុល ជាឥស្សរជនទី៣០ ក្នុងតំណែងជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីក្នុងរដ្ឋាភិបាលអណត្តិទី៧
ដោយ: ថ្មីៗ
លោក ប៉ែន វិបុល អតីតអគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានបុគ្គលិកនៃអគ្គស្នងការនគរបាលជាតិ ត្រូវបានតែងតាំងជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី។ នេះបើតាមព្រះរាជក្រឹត្យដែលចុះហត្ថលេខាដោយសម្តេច សាយ ឈុំ ប្រមុខរដ្ឋស្តីទីនាថ្ងៃទី៥ ខែកញ្ញា។
 
មុនទទួលបានតំណែងនេះ លោក ប៉ែន វិបុល ដែលមានឋានន្តរស័ក្តិជានាយឧត្តមសេនីយ៍ ទើបតែត្រូវបានតែងតាំងជាអគ្គនាយករងនៃអគ្គនាយកដ្ឋានធនធានមនុស្សចំណុះក្រសួងមហាផ្ទៃ។ លោកជាស្វាមីរបស់លោកស្រី ហេង សំអូន កូនស្រីទីពីររបស់សម្តេច ហេង សំរិន អតីតប្រធានរដ្ឋសភា និងបច្ចុប្បន្នជាប្រធានកិត្តិយសក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ។
 
លោក ប៉ែន វិបុល ជាឥស្សរជនទី៣០ដែលមានតំណែងជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីក្នុងរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំរបស់សម្តេច ហ៊ុន ម៉ាណែត។
 
រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី២៩រូបផ្សេងទៀត ដែលសម្តេច ហ៊ុន ម៉ាណែត បានកំណត់របៀបរបបការងារ និងបែងចែកភារកិច្ច រួមមាន លោក ម៉ម សារិន ទទួលបន្ទុកជួយនាយករដ្ឋមន្ត្រីក្នុងកិច្ចការសម្របសម្រួល ទំនាក់ទំនងរវាងរាជរដ្ឋាភិបាលជាមួយនឹងអង្គការនីតិប្បញ្ញត្តិ រីឯការសម្របសម្រួលកិច្ចការទំនាក់ទំនងអន្តរជាតិ ជាបន្ទុករបស់លោក ស្រ៊ី ថាមរុង្គ។
 
លោក យូ ស៊ុនឡុង ជួយប្រមុខរដ្ឋាភិបាលលើកិច្ចការសន្តិសុខ ខណៈលោក សៀម សឿន ជួយក្នុងការសម្របសម្រួលទំនាក់ទំនងរវាងរាជរដ្ឋាភិបាល ជាមួយនឹងបណ្តាគណបក្សនយោបាយ និងអង្គការសង្គមស៊ីវិល។
 
លោក ឡុង វិសាលា, លោក សារ៉ាក់ ខាន់, លោក កែវ បាភ្នំ, លោក ហ៊ុន ស៊ីថា និង លោក អ៊ុង ស៊ាន ទទួលបន្ទុកជួយលើកិច្ចការនានាដែលនាយករដ្ឋមន្ត្រីប្រគល់ជូន។
 
លោក ឯក ស៊ុនចាន់ ទទួលបន្ទុកជាអនុប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ, លោក គង់ វិបុល បន្តទទួលបន្ទុកជាប្រតិភូរាជរដ្ឋាភិបាលក្នុងតួនាទីជាអគ្គនាយកនៃអគ្គនាយកពន្ធដារ ហើយដូចគ្នាផងដែរ លោក គុណ ញឹម ទទួលបន្ទុកជាអគ្គនាយកគយ និងរដ្ឋាករកម្ពុជា។
 
លោក សុន គន្ធរ ទទួលបន្ទុកជាអនុប្រធានឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ, លោក ផៃ ស៊ីផាន ជួយនាយករដ្ឋមន្ត្រីលើកិច្ចការសាធារណៈមតិ, លោក ឈឹម ផលវរុណ ជាប្រធានលេខាធិការដ្ឋានឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់។
 
លោក ង៉ោ សុវណ្ណ និងលោក ឡាំ ហេងហួត ជាអនុប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ, លោក នរ៉ាណាឫទ្ធិ អានន្ទដាយ៉ាត ជាអនុប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ រីឯលោក សូ ណារ៉ូ ជួយនាយករដ្ឋមន្ត្រីលើកិច្ចការអាស៊ាន។
 
ជួយលើកិច្ចការទំនាក់ទំនងជាមួយអង្គការក្រៅរដ្ឋាភិបាល និងអន្តរជាតិ ជាភារកិច្ចរបស់លោក ព្រាប កុល។  លោក សំហេង បុរស ជួយកិច្ចការពាក់ព័ន្ធនឹងប្រព័ន្ធគាំពារសង្គម, លោក ឈួន ដារ៉ា ជួយលើកិច្ចការពាក់ព័ន្ធនឹងវិស័យពាណិជ្ជកម្ម។
 
វិស័យការពារជាតិ ជាបន្ទុកដែលលោក គីម ប៊ុនថាន ទៅជួយនាយករដ្ឋមន្ត្រី, កិច្ចការសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ មានលោក ជួន សុវណ្ណ ជួយរ៉ាប់រង ខណៈកិច្ចការសេដ្ឋកិច្ច និងសង្គម មានលោក សុខ សារ៉ាវុឌ្ឍ ជាអ្នកទទួលបន្ទុកជួយ។
 
លោក ប៉ែន បូណា ទទួលបន្ទុកជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល។ លោកស្រី កុយ ពិសី ជួយនាយករដ្ឋមន្ត្រីលើកកិច្ចការព្រំដែន និងទេសចរណ៍។
 
លោក តាន់ហ្សង់ហ្វ្រង់ស័រ ជួយលើកិច្ចការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ខណៈលោក រ័ត្ន សណ្តាប់ ជួយលើកិច្ចការប្រវត្តិសាស្ត្រ និងវប្បធម៌។
 
រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី១រូបៗ មានជំនួយការ៤រូប ក្នុងនោះ១រូបឋានៈស្មើអគ្គនាយក, ១រូបឋានៈស្មើអគ្គនាយករង និង២រូបឋានៈស្មើប្រធាននាយកដ្ឋាន៕
 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com