ជាតិ
ការសិក្សា៖ គ្រួសារជនបទនៅកំពង់ឆ្នាំង ពោធិ៍សាត់ និងសៀមរាប បង្កើតសំរាមជិត៨០០តោនក្នុងមួយឆ្នាំ
10, Sep 2023 , 8:19 pm        
រូបភាព
សំរាម ដែលជាសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ ជាផលិតផលប្លាស្ទិកទាំងនេះ បាន​ធ្លាក់ចូលក្នុងទន្លេជារៀងរាល់ថ្ងៃ។ រូបភាព៖ ឈុត ឈាណា  អច្ឆរិយភាពនៃទន្លេមេគង្គ
សំរាម ដែលជាសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ ជាផលិតផលប្លាស្ទិកទាំងនេះ បាន​ធ្លាក់ចូលក្នុងទន្លេជារៀងរាល់ថ្ងៃ។ រូបភាព៖ ឈុត ឈាណា អច្ឆរិយភាពនៃទន្លេមេគង្គ
ដោយ: ថ្មីៗ
កាកសំណល់គ្រប់ប្រភេទប្រមាណ៧៧២តោន នៅទីជនបទក្នុងខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ និងសៀមរាប ត្រូវបានបង្កើតឡើងជារៀងរាល់ឆ្នាំ។ បើតាមការសិក្សារបស់អង្គការ iDE ភាគច្រើននៃសំណល់ទាំងនោះ បានហូរចូលបឹងទន្លេសាប ដែលបង្កហានិភ័យដល់ប្រព័ន្ធអេកូឡូស៊ី និងជីវៈចម្រុះនៅក្នុងទន្លេ។ បញ្ហានេះទាមទារឱ្យមានការផ្តល់សេវាប្រមូលសំរាមនៅតាមទីជនបទ។
 
លទ្ធផលនៃការសិក្សាបានបង្ហាញថា  គ្រួសាររស់នៅទីជនបទនៃខេត្តកំពង់ឆ្នាំងបង្កើតសំរាម ប្រមាណ១២៥តោន, ពោធិ៍សាត់៣៣១តោន និងខេត្តសៀមរាបបង្កើតសំរាមប្រមាណ៣១៦ នៅក្នុងមួយឆ្នាំៗ។ ក្នុងចំណោមសំរាមទាំងនេះ មាន៥០ទៅ៦០ភាគរយ ជាសំរាមផ្ទះបាយ ឬសំរាមចំណីអាហារ និងពី៩ទៅ១៥ភាគរយ ជាសំរាមប្លាស្ទិក ឬសំណល់រឹង។ នេះយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ iDE នាថ្ងៃទី៧កញ្ញា។ 
 
iDE បានបញ្ជាក់ថា ទំហំនៃកាកសំណល់ទាំងនេះ បានបង្ហាញពីតម្រូវការបន្ទាន់សម្រាប់សេវាប្រមូលសំរាមនៅជនបទ ដើម្បីកាត់បន្ថយការបង្ហូរសំរាមចូលក្នុងទន្លេសាប បឹង ខណៈពលរដ្ឋក្នុងសហគមន៍កំពុងរងការគំរាមកំហែងពីការពឹងផ្អែកលើប្រព័ន្ធអេកូឡូស៊ីក្នុងទន្លេ សម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃ។ បច្ចុប្បន្ន សេវាប្រមូលសំរាមនៅកម្ពុជា គឺមានតែក្នុងទីក្រុង និងតំបន់ជុំវិញទីក្រុង ប៉ុណ្ណោះ។  
 
សម្រាប់ពលរដ្ឋនៅជនបទតាមបណ្តាខេត្តនិយម ការដុត កប់ និងបោះសំរាមចោលជាដើម ដែលនាំឱ្យមានការបំណុលដល់ប្រព័ន្ធអេកូឡូស៊ី រួមទាំងធនធានទឹកដ៏សំខាន់សម្រាប់ជីវិត។ បើតាមការសិក្សាដដែល កាកសំណល់ចំណីអាហារ ជាមូលហេតុចម្បងមួយ នៃការបំណុលទឹក ទាំងទឹកនៅក្រោមដី និងនៅលើដី។ មួយវិញទៀត អាហារដែលត្រូវបោះចោលនៅកន្លែងចាក់សំរាម នឹងរលួយ ហើយបញ្ចេញឧស្ម័នមេតាន ដែលជាឧស្ម័នផ្ទះកញ្ចក់ដ៏មានឥទ្ធិពល។ បញ្ហាទាំងនេះនៅកើតឡើងសឹងគ្រប់កន្លែងនៅតាមទីជនបទ ដែលទាមទារឱ្យមានការផ្តល់សេវាកម្មគ្រប់គ្រងកាកសំណល់រឹង នៅក្នុងសហគមន៍ជនបទ។ 
 
iDE បានបញ្ជាក់ថា៖ « ចំនួនគ្រួសារនៅជនបទដែលចង់ឱ្យមានសេវាប្រមូលសំរាម គឺសុខចិត្តចំណាយលើថ្លៃសេវានេះ។ ប្រមាណ៦៩ភាគរយនៃគ្រួសារទាំងអស់ដែលចូលរួមការសិក្សារបស់យើង សុខចិត្តចំណាយ១ម៉ឺនរៀលសម្រាប់ថ្លៃសេវាប្រមូលសំរាមប្រចាំខែ»។ 
 
បើតាមលោក Kevin Robbins នាយកប្រចាំប្រទេសនៃអង្គការ iDE ដើម្បីលើកកម្ពស់កិច្ចខំប្រឹងប្រែងក្នុងការគ្រប់គ្រងសំណល់រឹងនៅទូទាំងប្រទេសកម្ពុជា ភាគីទាំងអស់ទាំងវិស័យសាធារណៈ ឯកជន និងដៃគូអភិវឌ្ឍ ត្រូវរួមគ្នាបង្កើតដំណោះស្រាយមួយប្រកបដោយនិរន្តរភាព និងគ្រប់ដណ្តប់បានគ្រប់កន្លែង។ 
 
លោកបានបន្ថែមយ៉ាងដូច្នេះ៖ « តាមរយៈ បទពិសោធយ៉ាងទូលំទូលាយរបស់យើង ក្នុងការជំរុញទីផ្សារក្នុងវិស័យកសិកម្ម និងទីផ្សារអនាម័យជនបទ យើងត្រូវបង្កើតសេវាប្រមូលសំរាមនៅតាមទីជនបទ និងតាមសហគមន៍ ដើម្បីគ្រប់គ្រងសំណល់រឹង ដែលសំដៅធ្វើឱ្យប្រសើរឡើងសម្រាប់ប្រជាជនរស់នៅជនបទ»។ 
 
ការលើកឡើងរបស់នាយកប្រចាំប្រទេសនៃអង្គការ iDE រូបនេះ បានកំណត់នូវឱកាសមួយចំនួនក្នុងការលើកកម្ពស់ការប្រមូលសំរាម ការចោលសំរាម និងការកែច្នៃសំរាមឡើងវិញ ដែលទាមទារឱ្យមានការវិនិយោគបន្ថែម ដើម្បីកែលម្អប្រសិទ្ធភាពនៃការគ្រប់គ្រង់សំរាមនៅតាមទីជនបទ។ បើតាមiDE ការលើកកម្ពស់ការគ្រប់គ្រងសំរាមតាមបែបវិមជ្ឈការ នឹងផ្តល់សក្កានុពលលើការចាត់ចែងការប្រមូលសំរាមក្នុងកម្រិតឃុំ។ ចំណែក ការធ្វើការជាមួយអ្នករើសសំរាម ឬ អ្នករសើអេតចាយ គឺជាកត្តាសំខាន់ដែលជួយដល់ការបង្កើនសុវត្ថិភាព និងប្រសិទ្ធភាពនៃការប្រមូលសំរាម និងការកែច្នៃសំរាមឡើងវិញ។
 
ប៉ុន្មានឆ្នាំជាប់ៗគ្នាចុងក្រោយនេះ យុទ្ធនាការសម្អាតបរិស្ថាន ត្រូវបានរៀបចំឡើងជាបន្តបន្ទាប់ ទាំងអង្គការក្រៅរដ្ឋាភិបាល អាជ្ញាធរមូលដ្ឋានផង ដែលបំផុសចលនាទីក្រុងស្អាត សហគមន៍ស្អាត ដោយគ្មានសំរាមប្លាស្ទិក។ យ៉ាងណាក៏ដោយ ការចោលសំរាមពាសវាលពាសកាលនៅតែមាន ពិសេសសម្រាប់សហគមន៍ដែលរស់នៅក្នុងតំបន់បឹងទន្លេសាប តាមផ្ទះបណ្ដែតទឹក ពួកគេហាក់មិនទាន់យល់ដឹងពីបញ្ហានេះទុកដាក់បានទូលំទូលាយឡើយ។ គេនៅតែឃើញសំរាមប្លាស្ទិកចម្រុះពណ៌ ពេញដី ខ្លះហើរ ខ្លះអណ្ដែត និងខ្លះទើរជាប់តាមច្រាំងទន្លេសាបស្អេកស្កះ គួរឱ្យរំខានភ្នែកជាខ្លាំង៕

Tag:
 សំណល់
© រក្សាសិទ្ធិដោយ thmeythmey.com