ជាតិ
វីដេអូ
ប្រវត្តិខ្សែរថភ្លើងមួយនៅបារាំង ដែលបានបិទទៅវិញ ក្រោយដំណើរការមិនដល់មួយឆ្នាំផង 15, Oct 2023 , 9:29 pm
![](https://image.thmeythmey.com/pictures/2023/10/15/thumb2/front__1_.png)
×![]()
ជាធម្មតា រថភ្លើងជិះលើផ្លូវដែក ដែលមានដងដែកសងខាងទាំងខាងឆ្វេង ទាំងខាងស្ដាំ។ ក៏ប៉ុន្តែមានផ្លូវដែកខ្លះៗ ដែលមានដងដែកតែមួយគត់ដែរ។ នៅក្នុងវីដេអូនេះ នាយ យ៉ាន នឹងរៀបរាប់អំពីខ្សែរថភ្លើងបុរាណមួយបែបនេះ ដែលស្ថិតនៅឯប្រទេសបារាំង។ ខ្សែរថភ្លើងនេះ បង្កើតឡើងនៅឆ្នាំ១៨៩៤ ប៉ុន្តែដោយសារបញ្ហាបច្ចេកទេសច្រើន វាត្រូវបានបិទទៅវិញក្នុងឆ្នាំ១៨៩៥ ពោលគឺបន្ទាប់ពីបើកដំណើរការមិនដល់មួយឆ្នាំផង។
ដើម្បីជ្រាបច្បាស់សូមលោកអ្នកនាងទស្សនាវីដេអូខាងក្រោមនេះ
ចុងសតវត្សទី១៩ មានទីក្រុងតូចមួយ ក្នុងតំបន់ភ្នំ នៅប្រទេសបារាំងនោះ ដែលមានរោងចក្រត្បាញច្រើន។ ជាពិសេសគេដេរខ្សែក្រវាត់ក ពេញនិយមនាសម័យនោះ ទូទាំងទ្វីបអឺរ៉ុបបស្ចិម។ ដោយសារពេលនោះ ឧស្សាហកម្មរថយន្ដទើបតែចាប់ផ្ដើម ដូច្នេះមិនទាន់មានផ្លូវកៅស៊ូទេ គឺមានតែផ្លូវដី សម្រាប់រទេះសេះ។ ហេតុនេះវាពិបាកដឹកក្រណាត់ចេញ។
![](https://image.thmeythmey.com/pictures/2023/10/15/hs__1_.jpg)
នេះជាមូលហេតុដែល នៅឆ្នាំ១៨៨៨ ការសិក្សាគម្រោងសាងសង់ផ្លូវដែកមួយបានចាប់ផ្តើម។ គម្រោងនោះគឺខ្សែទៅដល់ស្ថានីយរថភ្លើង ដែលជិតជាងគេនោះ គឺចម្ងាយ២០គីឡូម៉ែត្រ។ ឆ្នាំ១៨៩១ គម្រោងខ្សែរថភ្លើងនេះ មានទាំងការសង់ស្ថានីយ ទាំងផ្លូវដែក ទាំងឡាន និងក្បាលរថភ្លើង២គ្រឿង។ បន្ទាប់មកត្រូវរៀបចំផ្លូវថ្មីកាត់ភ្នំ ដោយកសាងស្ពានប្រហែល៥០កន្លែង។ ស្ពានធ្វើពីថ្មធម្មជាតិ និងរបងដែកនោះ ជួយឆ្លងអូរ និងផ្លូវដទៃទៀត។
![](https://image.thmeythmey.com/pictures/2023/10/15/hs__2_.jpg)
ឆ្នាំ១៩៩៤ គេធ្វើផ្លូវដែក និងរថភ្លើង ព្រមទាំងស្ថានីយ ៤ខ្នង។ ប៉ុន្តែរថភ្លើងដ៏ចម្លែកនេះមិនដែលបានជិះស្រួលទេ។ វាមានបញ្ហាបច្ចេកទេសច្រើន រហូតដល់ឈប់ដំណើរការត្រឹមឆ្នាំ១៨៩៥ ! ក្រោយមកត្រូវបានលក់ដែកស្ទើរតែទាំងអស់ទៅអេតចាយ។ ពេលបច្ចុប្បន្ននេះ នៅសល់តែផ្លូវ ឥតមានដែកក្រៅពីរបងស្ពាន ដែលនៅតែអាចឆ្លងកាត់បាន។ ហើយក៏នៅសល់ស្ថានីយដែរ ប៉ុន្តែវាបានក្លាយទៅជាគេហដ្ឋានឯកជនធម្មតាវិញ។ យ៉ាងណាក៏ដោយ ក្នុងឱកាសខួប១០០ឆ្នាំ នៃយានយន្ដបរាជ័យនេះ គេសម្រេចផលិតក្បាលរថភ្លើងមួយគ្រឿង តាមប្លង់ក្បាលរថភ្លើងពីដើម ទៅតាំងនៅកណ្ដាលទីក្រុង ដើម្បីកែលម្អ និងទាក់ទាញភ្ញៀវទេសចរ។
![](https://image.thmeythmey.com/pictures/2023/10/15/hs__3_.jpg)
រថភ្លើងបែបនេះមានឈ្មោះថា monorail (ម៉ូណូរ៉ាយ)។ ពាក្យ mono មានន័យថា ឯក ឬ មួយ ព្រោះផ្លូវដែកនោះមានដងដែកតែមួយ។ rail វិញ គឺជាដងដែកនេះហើយ។ ភាសាខ្មែរបានខ្ចីពាក្យបារាំងនេះថា « រ៉ា » ប៉ុន្តែមានអត្ថន័យផ្សេងថា ស្ថានីយរថភ្លើង។
![](https://image.thmeythmey.com/pictures/2023/10/15/hs__4_.jpg)
សូមបញ្ជាក់ថា ខ្សែរថភ្លើង ដែលត្រូវបានសាងសង់ដំបូងគេបង្អស់ នៅប្រទេសខ្មែរ ត្រូវបានសាងសង់នាសម័យដូចគ្នា។ វាមានចម្ងាយ៨គីឡូម៉ែត្រ ពីមាត់បឹងទន្លេសាប ត្រឹមនៅជើងភ្នំក្រោម ទៅទីក្រុងសៀមរាប ក៏ប៉ុន្តែមិនមានសល់អ្វីទាំងអស់៕
![](https://image.thmeythmey.com/pictures/2023/10/15/hs__5_.jpg)
![](https://image.thmeythmey.com/pictures/2023/10/15/hs__6_.jpg)
![](https://image.thmeythmey.com/pictures/2023/10/15/hs__7_.jpg)
© រក្សាសិទ្ធិដោយ thmeythmey.com