មហោស្រពសិល្បៈមួយត្រូវបានរៀបចំឡើងនៅកណ្តាលក្រុងបាត់ដំបងកាលពីថ្ងៃទី២១ ខែតុលា ក្នុងគោលដៅលើកស្ទួយការសន្ទនាជាមួយប្រជាពលរដ្ឋ ស្តីពីមាគ៌ានៃការអភិវឌ្ឍប្រកបដោយចីរភាពរបស់ខេត្ត តាមរយៈសិល្បៈ។ មហោស្រពនេះ មានការតាំងបង្ហាញស្នាដៃសិល្បៈចំនួន៥ អមដោយទស្សនីយភាពសៀក ដោយមានអ្នកចូលរួមជាង១០០០នាក់ ហើយការតាំងបង្ហាញនឹងបន្តរហូតដល់ថ្ងៃទី២៨ ខែតុលា នៅសួនសម្តេច ក្រឡាហោម ស ខេង ក្រុងបាត់ដំបង។
មហោស្រព «បាត់ដំបងក្នុងក្តីស្រមៃ៖ សិល្បៈសម្រាប់ការកសាងអនាគត» គឺជាព្រឹត្តិការណ៍មិនធ្លាប់មាន ដោយកើតឡើងក្រោមគម្រោងផ្តួចផ្តើមគំនិតរបស់អង្គការហ្វារពន្លឺសិល្បៈ សហការជាមួយទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) និងទទួលបានការគាំទ្រពីមូលនិធិ Métis ដែលជាគំនិតផ្តួចផ្តើមតែមួយគត់ដែលផ្សារភ្ជាប់សិល្បៈ និងការអភិវឌ្ឍ។
![](https://image.thmeythmey.com/pictures/2023/10/23/art__1_.jpg)
តាមសេចក្តីប្រកាសព័ត៌មានរួមមួយ ការជ្រើសរើសក្រុងបាត់ដំបង ដោយសារតែក្រុងមួយនេះ ត្រូវបានទទួលស្គាល់តាមរយៈការចូលរួមចំណែកផ្នែកសិល្បៈ និងស្ថាបត្យកម្ម ហើយមហោស្រពសិល្បៈនេះ បង្ហាញអំពីបញ្ហាប្រឈម និងកាលានុវត្តភាពរបស់ខេត្ត ដោយមានទំនាក់ទំនងជាមួយវិស័យអន្តរាគមន៍របស់ AFD នៅក្នុងតំបន់ រាប់បញ្ចូលការគ្រប់គ្រងធនធានទឹក អប់រំ និងលទ្ធភាពទទួលបានអគ្គិសនី។
![](https://image.thmeythmey.com/pictures/2023/10/23/art__2_.jpg)
គម្រោងលេចចេញជារូបរាង ក្រោយឆ្លងកាត់ពីរដំណាក់កាលសំខាន់ៗ។ ដំណាក់កាលទី១ ជាដំណើរការច្នៃប្រឌិតមិនធ្លាប់មាន ដោយចាប់ផ្តើមពីសិក្ខាសាលាមួយដែលមានឈ្មោះថា Phare Design Lab ខេត្តបាត់ដំបង កាលពីខែមករា ក្រោមកិច្ចសហការជាមួយអង្គការហ្វារពន្លឺសិល្បៈ និងសាលាជំនាញសិល្បៈ ទស្សនីយភាព។
![](https://image.thmeythmey.com/pictures/2023/10/23/art__3_.jpg)
ក្នុងអំឡុងមួយសប្តាហ៍ និស្សិតប្រមាណ២០នាក់បានជួបជុំគ្នាដើម្បីរៀបចំការដាក់បង្ហាញស្នាដៃសិល្បៈមួយនៃកម្ពុជា ដែលសមស្របសម្រាប់អនាគត។ ក្រោយរយៈពេលមួយសប្តាហ៍នៃការងារដ៏មមាញឹកនេះ ដោយរាប់បញ្ចូលទាំងការស្រាវជ្រាវនៅនឹងកន្លែង ការប្រមូលផ្តុំគំនិត និងការផលិតចេញនូវស្នាដៃ ស្នាដៃសិល្បៈទស្សនីយភាពរស់រវើកចំនួន៧ ត្រូវបានបង្ហាញជូនសាធារណជន។ ស្នាដៃសិល្បៈទាំងនេះត្រូវបានដាក់តាំងនៅក្នុងឧទ្យានស្ថានទូតបារាំងកាលពីខែកុម្ភៈ នាអំឡុងនៃការប្រារព្ធខួប៣០ឆ្នាំរបស់ AFD នៅកម្ពុជា។
![](https://image.thmeythmey.com/pictures/2023/10/23/art__4_.jpg)
ឈានដល់ដំណាក់កាលទី២ ជាការដឹកនាំសិល្បៈតាមរយៈគម្រោង Métis ដើម្បីផលិតសាជាថ្មីនូវស្នាដៃសិល្បៈក្នុងទ្រង់ទ្រាយធំ។ សិល្បករអាជីពបីរូបបានកៀរគរគ្នាដើម្បីជួយជ្រោមជ្រែងនិស្សិតក្នុងការបង្កើត កសាង និងដាក់តាំងស្នាដៃទាំងនេះ។ ទីបំផុតទៅ ស្នាដៃសិល្បៈចំនួន៥ប៉ុណ្ណោះត្រូវបានរក្សាទុក ដើម្បីឆ្លើយតបទៅនឹងភាពចាំបាច់ផ្នែកសិល្បៈ បច្ចេកទេស និងថវិកានៃគម្រោង។
ស្នាដៃសិល្បៈទាំងនេះមានចំនួន៥ រួមមាន «បាក់ព្រា» «មានអគ្គិសនី មានការកែច្នៃ» «ជំនាន់ថ្មី សករាជថ្មី» និង «តំណក់ជីវិត» ដែលបង្ហាញអំពីទិសដៅនៃការអភិវឌ្ឍខេត្តបាត់ដំបងនៅក្នុងវិស័យសំខាន់ៗនៃការគ្រប់គ្រងការនេសាទ លទ្ធភាពទទួលបានអគ្គិសនី ការអប់រំ និងការគ្រប់គ្រងធនធានទឹក។ ស្នាដៃទាំងនេះត្រូវបានបង្កើតឡើងដោយប្រើប្រាស់សម្ភារធម្មជាតិ និង/ឬវត្ថុចាស់ៗ។
![](https://image.thmeythmey.com/pictures/2023/10/23/art__5_.jpg)
រីឯស្នាដៃសិល្បៈទី៥ «ដីមាស» មានការចូលរួមយ៉ាងខ្លាំងពីពលរដ្ឋ។ អ្នកចូលរួមមហោស្រពត្រូវបានអញ្ជើញឱ្យចូលរួមចំណែកយ៉ាងសកម្មក្នុងស្នាដៃនេះ។ ពួកគាត់បានទស្សនាព្រៃមួយធ្វើឡើងពីវល្លិ៍ និងមែកឈើ ដោយមានពិលបំភ្លឺមួយ។
ជាមួយគ្នានេះដែរ អង្គការហ្វារពន្លឺសិល្បៈ បានរៀបចំទស្សនីយភាពសៀក ដែលបានឆ្លុះបញ្ចាំងឱ្យឃើញនូវភាពធំធេងផ្នែកសិល្បៈនៃស្នាដៃទាំង៥នេះ។
![](https://image.thmeythmey.com/pictures/2023/10/23/art__6_.jpg)
លោកស្រី Eng Rith Daneth សិល្បការិនីអាជីព ដែលអ្នកផ្តល់ការណែនាំនៅក្នុងគម្រោងខាងលើ បានវាយតម្លៃពីភាពរីកចម្រើនគួរឱ្យកត់សម្គាល់ទាក់ទងនឹងការត្រិះរិះពិចារណារបស់សិស្សស្តីពីបញ្ហាសង្គម និងសហគមន៍ ដែលបានធ្វើឱ្យវិធីសាស្រ្តសិល្បៈរបស់ពួកគេមានភាពសម្បូរបែបយ៉ាងខ្លាំង។
លោកស្រីបានបញ្ជាក់ថា៖ «កិច្ចពិភាក្សារបស់ពួកយើងបានផ្តោតលើសារសំខាន់ក្នុងការទទួលស្គាល់សិល្បៈនៅក្នុងបរិស្ថាន ដែលអនុញ្ញាតឱ្យមានការបង្កើតស្នាដៃសិល្បៈ ដែលចាក់ឫសយ៉ាងជ្រៅទៅក្នុងបរិបទសង្គម» ៕