សង្គមអន្តរជាតិ​
អន្តរជាតិ
ក្រុមហ៊ុនជប៉ុនប្រមូលនំប៉័ងជាង ១០ម៉ឺនកញ្ចប់មកវិញ​ ក្រោយរកឃើញមានបំណែកសត្វកណ្តុរ
10, May 2024 , 8:49 pm        
រូបភាព
នំប៉័ងរបស់ក្រុមហ៊ុន Pasco Shikishima ដាក់លក់នៅផ្សារមួយកន្លែងនៅជប៉ុន ។ រូបភាព ៖ CNN
នំប៉័ងរបស់ក្រុមហ៊ុន Pasco Shikishima ដាក់លក់នៅផ្សារមួយកន្លែងនៅជប៉ុន ។ រូបភាព ៖ CNN
ក្រុមហ៊ុនផលិតនំ Pasco Shikishima បានប្រកាសប្រមូលនំបុ័ងជាង ១០ម៉ឺនកញ្ចប់ត្រឡប់មកវិញ បន្ទាប់ពីបានរកឃើញនំប៉័ង ២កញ្ចប់មានបំណែករាងកាយសត្វកណ្តុរ។
 
អតិថិជនម្នាក់នៅខេត្ត Gunma ជប៉ុន នៅថ្ងៃទី៥ ខែឧសភា បានផ្ញើអ៊ីមែលទៅក្រុមហ៊ុន Pasco Shikishima ថា មានវត្ថុចម្លែកមួយនៅក្នុងនំប៉័ង។ ក្រោយមក កញ្ចប់នំប៉័ងនោះ ត្រូវ​បាន​ប្រមូលយកទៅ​ត្រួតពិនិត្យ​។ ២ ថ្ងៃក្រោយមក ក្រុមហ៊ុនបានបន្តទទួលបានការហៅទូរសព្ទ​ស្រដៀងគ្នាពីអតិថិជនម្នាក់ទៀតនៅខេត្ត Gunma ។
 
នៅថ្ងៃ​ទី​៨ ខែ​ឧសភា ក្រុមហ៊ុន Pasco Shikishima បាន​បញ្ជាក់​ថា នំប៉័ង ២កញ្ចប់នោះ​មាន​បំណែកសាកសព​សត្វ​កណ្តុរ។ បន្ទាប់មក ក្រុមហ៊ុនបានប្រកាសប្រមូលនំប៉័ងចំនួន ១០៤ពាន់កញ្ចប់ត្រឡប់មកវិញ។ 
 
នំប៉័ងដែលរកឃើញមានបញ្ហានេះ ​ត្រូវ​បាន​ផលិត​នៅ​ក្នុង​រោងចក្រ​​ទីក្រុង​តូក្យូ។ ខ្សែច្រវាក់ផលិតកម្មកំពុងត្រូវបានបិទ ដើម្បីបន្តការស៊ើបអង្កេត។ Pasco Shikishima បាននិយាយថា គ្មានអតិថិជនណាម្នាក់ជួបបញ្ហាសុខភាពបន្ទាប់ពីញ៉ាំនំប៉័ងនោះ ហើយផលិតផលនោះក៏មិនត្រូវបានលក់ទៅបរទេសដែរ។
 
ក្រុមហ៊ុនបានសុំទោសដល់អតិថិជន និងសន្យាថានឹងពង្រឹងប្រព័ន្ធគ្រប់គ្រងគុណភាព ដោយធានាថាកំហុសឆ្គងស្រដៀងគ្នានេះ នឹងមិនកើតឡើងវិញ។
 
ក្រុមហ៊ុន Pasco ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩២០ ជាក្រុមហ៊ុនផ្គត់ផ្គង់នំខេកដ៏ធំមួយនៅជប៉ុនដែលមានបុគ្គលិកជាង ៣៧០០នាក់នៅក្នុងរោងចក្រចំនួន១២កន្លែងទូទាំងប្រទេស។ ព័ត៌មាន​ប្រមូល​នំ​ប៉័ង​របស់ក្រុមហ៊ុន Pasco កំពុង​បង្ក​ការ​ភ្ញាក់​ផ្អើល​លើ​បណ្ដាញ​សង្គម​ជប៉ុន។
 
គួរបញ្ជាក់ថា អនាម័យ និងភាពស្អាតត្រូវបានយកចិត្តទុកដាក់ខ្លាំងនៅសង្គមជប៉ុន ដូច្នេះករណីពុល ឬការប្រមូលផលិតផលឡើងវិញតែងតែមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ កាលពីឆ្នាំមុន ហាងលក់ទំនិញ 7-Eleven បានសុំទោស និងបានប្រកាសប្រមូលមកវិញនូវអង្ករជិត ២០០០ប៉ាវពីហាងចំនួន ៣៧០កន្លែងក្នុងខេត្ត Saitama បន្ទាប់ពីអតិថិជនបានរកឃើញសត្វកន្លាតនៅក្នុងប៉ាវអង្ករ ២នៅក្នុងហាងតែមួយ៕ 

Tag:
 ជប៉ុន
 ​ នំប៉័ង
© រក្សាសិទ្ធិដោយ thmeythmey.com