កីឡាអន្តរជាតិ
អន្តរជាតិ
Leverkusen ត្រៀមរួចរាល់ដើម្បីក្លាយជាក្រុមដំបូង មិនចាញ់ពេញ១រដូវកាល Bundesliga
13, May 2024 , 11:29 am        
រូបភាព
ក្រុម Bayer Leverkusen ម្ចាស់ជើងឯកលីគកំពូលអាល្លឺម៉ង់ Bundesliga បានត្រៀមខ្លួនរួចរាល់ ដើម្បីក្លាយជាក្រុមដំបូងគេ ដែលប្រកួតមិនចាញ់សោះពេញមួយរដូវកាល ក្នុងប្រវត្តិសាស្ត្រលីគកំពូលអាល្លឺម៉ង់។ នេះបើតាមការលើកឡើងរបស់អ្នកចាត់ការ Xabi Alonzo ក្រោយដឹកនាំ Leverkusen បន្តឈ្នះ VfL Bochum លទ្ធផល ៥-០។


Leverkusen ក្រុមកំពុងប្រជែងពាន ៣ ក្នុងមួយរដូវកាល បានបន្តដំណើរឆ្លងផុតក្រុម Bochum ដោយងាយស្រួល ព្រោះតែនៅត្រឹមនាទី១៥ កីឡាករ Felix Passlack ត្រូវបានបណ្តេញចេញ ព្រោះកាតក្រហម។ ក្រុមម្ចាស់ជើងឯក​ កាន់តែមានភាពងាយស្រួលដើម្បីយកឈ្នះ និងបន្តកំណត់ត្រា ៥០ប្រកួត មិនដែលចាញ់ ខណៈក្រុមនៅសល់ការប្រកួត ១លើកចុងក្រោយ នៅក្នុងលីគកំពូលអាល្លឺម៉ង់។
 
កាលពីថ្ងៃទី៩ ខែឧសភា ក្រុមដឹកនាំដោយលោក Alonzo បំបែកកំណត់ត្រាជាក្រុមដែលប្រកួត ៤៩លើក មិនដែលចាញ់ ដែលជាកំណត់ត្រាកាន់កាប់ដោយក្លិប SL Benfica តាំងពីឆ្នាំ ១៩៦៣-៩៥។ ការបំបែកកំណត់ត្រា ក្រោយពេល Leverkusen ប្រកួតស្មើ ២-២ ទល់នឹងក្រុម AS Roma និងសរុបទាំង ២ជើង ៤-២ ក្នុងពានរង្វាន់ Europa League និងឡើងវគ្គផ្តាច់ព្រ័ត្រ។
 
លត់ក្រុម Bochum ចាស់ដៃ Leverkusen បានក្លាយជាក្រុមទី៣ ហើយនៅប្រចាំក្នុងប្រវត្តិសាស្ត្រលីគកំពូល Bundesliga ដែលប្រកួតក្រៅទឹកដីមិនចាញ់ពេញមួយរដូវកាល។ លោក Alonzo ក្រោយការប្រកួត ហាក់បង្ហាញពីភាពរីករាយខ្លាំង ខណៈលោកអះអាងថាក្រុមស្រែកឃ្លានការឈ្នះបន្តទៀត រួមទាំងការឈ្នះពាន៣ក្នុង១រដូវកាល។
 
អ្នកចាត់ការសញ្ជាតិអេស្ប៉ាញ វ័យ​ ៤២ឆ្នាំ បាននិយាយដូច្នេះ៖«បន្ទាប់ពីពួកគេទទួលបានកាតក្រហម វាបានក្លាយជាការប្រកួតដ៏ងាយស្រួលសម្រាប់យើងទៅហើយ។ ខ្ញុំពិតជាពេញចិត្តចំពោះលទ្ធផលមួយនេះ។ វាពិតជាសំខាន់ខ្លាំងសម្រាប់យើង ហើយពេលនេះ គោលដីដ៏ធំរបស់យើងគឺនៅថ្ងៃទី១៨ យើងត្រូវតែឈ្នះពាន ដោយមិនបរាជ័យ ដែលរឿងនេះធ្លាប់កើតមានពីមុនមកឡើយ។»។ 
 
នៅក្នុងការប្រកួតពានរង្វាន់ Europa League ក្លិប Leverkusen នឹងត្រូវជួបតទល់នឹងក្រុម Atalanta នាជំនួបវគ្គផ្តាច់ព្រ័ត្រ ចំណែកពានរង្វាន់មួយបន្ថែមទៀត German Cup ដែលក្រុមម្ចាស់ពានលីគអាល្លឺម៉ង់ ត្រូវជួបក្រុម Keiserstautern។ នាថ្ងៃទី១៩ Leverkusen នឹងត្រូវប្រកួតបង្ហើយជំនួបពានរង្វាន់ Bundesliga ទល់នឹងក្រុម Augsburg ស្ថិតក្នុងទឹកដី ដែលជាទីកន្លែងក្លិបម្ចាស់ពានថ្មីថ្មោង ធ្វើពិធីអបអរ និងការទទួលពានលីគលើកដំបូងក្នុងប្រវត្តិសាស្ត្រ៕

Tag:
 Xabi Alonso
  Bayer Leverkusen
© រក្សាសិទ្ធិដោយ thmeythmey.com