កីឡាអន្តរជាតិ
អន្តរជាតិ
លោក ថាវីស៊ីន អរគុណ FIFA ដែលជ្រើសថៃ ធ្វើសមាជ FIFA លើកទី៧៤
16, May 2024 , 8:29 pm        
រូបភាព
ប្រតិភូជាង ៣ពាន់នាក់ មកពីសហព័ន្ធកីឡាបាល់ទាត់ជុំវិញវិញពិភពលោកចំនួន ២១១ នៃសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) ចូលរួមមហាសន្និបាត FIFA លើកទី ៧៤ ក្នុងក្រុងបាងកក ប្រទេសថៃ ចាប់ពីថ្ងៃទី១៣ ដល់ ១៧ ខែឧសភា។​ នាយករដ្ឋមន្រ្តីថៃ លោក សេដ្ឋា ថាវីស៊ីន អរគុណ FIFA ដែលជ្រើសយកថៃ ធ្វើម្ចាស់ផ្ទះសមាជលំដាប់ពិភពលោកនេះ។


ថៃ ក្លាយជាប្រទេសអាស៊ីអាគ្នេយ៍ដំបូងគេ និងទី៥ នៅអាស៊ី បន្ទាប់ពីជប៉ុន កូរ៉េខាងត្បូង កាតា និងអូស្ត្រាលី ដែល FIFA ជ្រើសរើសជាប្រទេសម្ចាស់ផ្ទះ ធ្វើមហាសន្និបាត FIFA លើកទី ៧៤ ដែលជាព្រឹត្តិការណ៍ដ៏មានកិត្យានុភាពក្នុងវិស័យបាល់ទាត់។ កម្មវិធីនេះ មានការចូលរួមពីសំណាក់លោក Gianni Infantino ប្រធាន FIFA និងប្រធានប្រចាំទ្វីបទាំង៦ រួមជាមួយវIរបុរសក្នុងវិស័យបាល់ទាត់លំដាប់ពិភពលោកជាច្រើនរួបទៀត។
 
លោក ថាវីស៊ីន បានលើកសរសើរលោកស្រី Nualphan Lamsam ប្រធានសហព័ន្ធកីឡាបាល់ទាត់ថៃ (FAT) ដែលអាចទទួលប្រតិភូសំខាន់ៗពីជុំវិញពិភពលោក និងអរគុណ FIFA ដែលជ្រើសថៃជាប្រទេសអាស៊ានទី១ រៀបចំមហាសន្និបាទ FIFA លើកទី ៧៤។ 



នាយករដ្ឋមន្ត្រីថៃបានសរសេរលើផេកហ្វេសប៊ុកផ្លូវការរបស់ខ្លួនថា៖« ខ្ញុំមានកិត្តិយសក្នុងការស្វាគមន៍ប្រតិភូមកពីជុំវិញពិភពលោកមកកាន់ប្រទេសថៃ។ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះ FIFA ដែលបានជ្រើសរើសប្រទេសថៃជាកន្លែងសម្រាប់សមាជ FIFA លើកទី ៧៤»។ 
 
លោក ថាវីស៊ីន ​ចាត់​ទុក​សមាជនេះ ​ជា​សមិទ្ធផល​ដ៏​គួរ​ឲ្យ​មោទនភាព​សម្រាប់​ប្រទេស​ខ្លួន​ ស្របពេលថៃ បានប្រឹងប្រែងក្នុងការផ្សព្វផ្សាយកីឡានេះ ទៅជាទេសចរណ៍កីឡា ដែលមានប្រជាប្រិយភាពដូចកីឡាប្រដាល់មួយថៃរបស់ខ្លួនដែរ។
 
ចំពោះសមាជដែលមានរយៈពេល៥ថ្ងៃ នៅឆ្នាំ២០២៤ នេះ នឹងផ្តោតលើបញ្ហាជាច្រើនដែលប្រឈមមុខនឹងវិស័យកីឡាបាល់ទាត់ ខណៈដែលការបោះឆ្នោតនៅថ្ងៃទី១៧ ខែឧសភា ដើម្បីសម្រេចថាតើប្រេស៊ីល ឬបែលហ្សិក ហូឡង់ និងអាល្លឺម៉ង់ នឹងធ្វើជាម្ចាស់ផ្ទះ FIFA Women's World Cup ឆ្នាំ ២០២៧។




Tag:
 FIFA
  សមាជ FIFA
© រក្សាសិទ្ធិដោយ thmeythmey.com