សង្គមអន្តរជាតិ
អន្តរជាតិ
ចិន ដំឡើងភ្លើងស្តុបនៅវាលខ្សាច់សម្រាប់សត្វអូដ្ឋ 18, May 2024 , 7:30 pm
អ្នកទេសចរជិះអូដ្ឋឆ្លងកាត់ភ្លើងសញ្ញាចរាចរណ៍អូដ្ឋនៅតំបន់ទេសភាពភ្នំ Ming Sha ក្នុងខែកុម្ភៈ ឆ្នាំ២០២៤។ រូបភាព ៖ China Daily
× ដើម្បីកាត់បន្ថយការកកស្ទះនៅពេលសត្វអូដ្ឋដឹកអ្នកដំណើរក្នុងរដូវវិស្សមកាល ភ្លើងចរាចរណ៍ជាច្រើនត្រូវបានដំឡើងនៅវាលខ្សាច់ក្នុងខេត្ត Gansu របស់ចិន។
ចំនួនភ្ញៀវទេសចរដែលសម្រុកទៅតំបន់ទេសភាព ភ្នំ Mingsha ខេត្ត Gansu ភាគពាយព្យប្រទេសចិន ហើយសត្វអូដ្ឋប្រហែល ២៤០០ក្បាលត្រូវបានចល័តដើម្បីដឹកអ្នកដំណើរឆ្លងកាត់ទៅនោះអំឡុងខែឧសភា។
ដើម្បីកាត់បន្ថយការកកស្ទះសត្វអូដ្ឋនៅចំណុចប្រសព្វផ្លូវថ្មើរជើង និងផ្លូវអូដ្ឋទៅវាលខ្សាច់ អាជ្ញាធរមូលដ្ឋានបានដំឡើងប្រព័ន្ធភ្លើងចរាចរណ៍សម្រាប់ជួយសម្រួលដល់ការធ្វើដំណើរ។ នៅពេលដែលភ្លើងពណ៌បៃតងបើក សត្វអូដ្ឋអាចឆ្លងកាត់បាន ភ្លើងក្រហមបើក សត្វត្រូវតែឈប់ដើម្បីផ្តល់អាទិភាពដល់ផ្លូវអ្នកថ្មើរជើង។ ចុងក្រោយ បញ្ហាកកស្ទះអូដ្ឋជាច្រើនគីឡូម៉ែត្រក្នុងរយៈពេលជាច្រើនឆ្នាំមកនេះត្រូវបានដោះស្រាយ។
អ្នកទេសចររាប់រយនាក់ជិះអូដ្ឋឆ្លងកាត់វាលខ្សាច់ក្នុងខេត្ត Gansu ។ រូបភាព ៖ Odditycentral
គំនិតផ្តួចផ្តើមភ្លើងចរាចរណ៍អូដ្ឋដែលអនុវត្តតាំងពីឆ្នាំ២០២៣ បានធ្វើឱ្យតំបន់ទេសចរណ៍ភ្នំ Mingsha ទាក់ទាញភ្ញៀវទេសចរជាច្រើនមកទស្សនា និងថតរូបកម្សាន្ត។
លោក Wang Youxia អគ្គនាយករងនៃក្រុមហ៊ុនទទួលបន្ទុកប្រតិបត្តិការតំបន់ទេសភាពបាននិយាយថា នៅឆ្នាំ២០២៣ ក្រុមហ៊ុននេះទទួលភ្ញៀវទេសចរចំនួន ៣,៧លាននាក់។ ៤២ភាគរយនៃភ្ញៀវបានជ្រើសរើសជិះអូដ្ឋជាមធ្យោបាយធ្វើដំណើរ។ នេះតាមសារព័ត៌មានចិន China Daily។
ការអភិវឌ្ឍយ៉ាងឆាប់រហ័សនៃវិស័យទេសចរណ៍នៅតំបន់នេះ បានជួយឱ្យអ្នកភូមិរកប្រាក់ចំណូលបានកាន់តែច្រើនពីការចិញ្ចឹមអូដ្ឋសម្រាប់ដឹកអ្នកដំណើរទៅកន្លែងស្អាតៗ។ ការជិះអូដ្ឋនៅទីនេះមានតម្លៃប្រហែល ១៤ដុល្លារ ហើយម្ចាស់អូដ្ឋត្រូវបានបង់ជិត ១០ដុល្លារទៅក្រុមហ៊ុន។ ប្រជាជននៅទីនោះ ក៏ត្រូវបានបង្រៀនឱ្យនិយាយភាសាអង់គ្លេសដើម្បីទំនាក់ទំនងកាន់តែប្រសើរជាមួយភ្ញៀវទេសចរបរទេសដែរ។
រដូវក្តៅជារដូវកាលទាក់ទាញនៅក្នុងតំបន់ទេសចរណ៍នេះ នៅពេលដែលសត្វអូដ្ឋប្រហែល ២០០០ក្បាលត្រូវបានត្រៀមដើម្បីដឹកភ្ញៀវទេសចរណ៍នៅទីនេះ ដោយអូដ្ឋ១ក្បាលអាចធ្វើការធ្វើដំណើរបាន៣ដងក្នុងមួយថ្ងៃ។ ដើម្បីឱ្យសត្វអូដ្ឋមានសុខភាពល្អ កសិករត្រូវផ្តល់អាហារមានជីវជាតិ និងផ្លែឈើស្រស់។ សត្វអូដ្ឋក៏ត្រូវបាននាំទៅពេទ្យសត្វដើម្បីពិនិត្យសុខភាពទៀងទាត់ផងដែរ។
បច្ចុប្បន្ន ៨០ភាគរយនៃអ្នកភូមិដែលមានចំនួន ២៧៤គ្រួសារ មានសត្វអូដ្ឋសម្រាប់បម្រើវិស័យទេសចរណ៍នីតំបន់នេះ៕
© រក្សាសិទ្ធិដោយ thmeythmey.com