សៀមរាប៖ សាលាបឋមសិក្សាតាពេជ្រ ក្នុងសង្កាត់ជ្រាវ ក្រុងសៀមរាបតាពេជ្រ ក្រុងសៀមរាប ចាប់ផ្ដើមបង្រៀនមុខវិជ្ជា«អប់រំសុខភាព» ដល់សិស្សថ្នាក់ទី១ និងសិស្សថ្នាក់ទី៤ ដើម្បីចូលរួមជំរុញការយល់ដឹងពីការថែរក្សាសុខភាព និងលើកកម្ពស់សុខុមាលភាពកុមារ។ បង្រៀនមុខវិជ្ជា«អប់រំសុខភាព» នៅសាលាមួយអាចចាប់ផ្តើមបាន គឺបន្ទាប់ពីគ្រូបង្រៀន ទទួលបានការបណ្ដុះ បណ្ដាលពីវិធីសាស្ត្របង្រៀន និងការប្រើប្រាស់សៀវភៅសិក្សាគោលមុខវិជ្ជា «អប់រំសុខភាព»។ កាលវិភាគបង្រៀន ត្រូវបានរៀបចំឡើង រយៈពេលមួយម៉ោង ក្នុងមួយសប្តាហ៍ សម្រាប់សិស្សថ្នាក់ទី១ និងថ្នាក់ទី៤។
ដើម្បីជ្រាបច្បាស់សូមលោកអ្នកនាងទស្សនាវីដេអូដូចខាងក្រោម៖
សៀវភៅ «អប់រំសុខភាព» ត្រូវបានក្រសួងអប់រំ យុវជន និងកីឡា ដាក់បញ្ចូលក្នុងកម្មវិធីសិក្សា រយៈពេល១ម៉ោង ក្នុងមួយសប្ដាហ៍ សម្រាប់សិស្សថ្នាក់ទី១ ដល់ថ្នាក់ទី១២។ ក្នុងសៀវភៅនេះ សិស្សានុសិស្ស នឹងសិក្សាអំពីមូលហេតុ ការបង្ការ ការថែទាំសុខភាព និងការពារពីគ្រោះមហន្តរាយផ្សេងៗ ពោលគឺផ្តោតសំខាន់ទាំងសុខភាព និងសុវត្ថិភាពផ្លូវកាយ ផ្លូវចិត្ត និងផ្លូវភេទ។
ទោះយ៉ាងណាក៏ដោយ សៀវភៅនេះ មិនទាន់ត្រូវបានអនុវត្តគ្រប់គ្រឹះស្ថានសិក្សារបស់រដ្ឋនៅឡើយ ដ្បិតថាគ្រូបង្គោលនៅតាមសាលាខ្លះ មិនទាន់ទទួលបានការបណ្ដុះបណ្ដាល ពីវិធីសាស្ត្របង្រៀន និងការប្រើប្រាស់សៀវភៅសិក្សាគោល។
សៀវភៅ «អប់រំ» សុខភាពត្រូវបានក្រសួងអប់រំ យុវជន និងកីឡា ដាក់បញ្ចូលក្នុងម៉ោងសិក្សាគ្រប់កម្រិតថ្នាក់។
ដើម្បីឆ្លើយតបនឹងតម្រូវការ និងភាពចាំបាច់ នៃការអប់រំសុខភាពតាមសាលារៀន អង្គការ អេដ អេ អាកស្យុង (AEA) និងគម្រោងសហគមន៍នេសាទបង្កើតការងារជាសេដ្ឋកិច្ចវិលជុំនៅបឹងទន្លេសាបខាងលិចតំបន់១ ដែលដឹកនាំដោយអង្គការអុកហ្វាម និងអង្គការដៃគូ បានផ្តល់វគ្គបណ្ដុះបណ្ដាល ស្ដីពីការប្រើប្រាស់សៀវភៅសិក្សាគោលមុខវិជ្ជា «អប់រំសុខភាព» ដល់គ្រូបង្រៀនថ្នាក់ទី១ និងទី៤ និងមន្ត្រីអប់រំចំនួន ៤៤៨នាក់។ វគ្គបណ្តុះបណ្តាលនេះ បានបិទបញ្ចប់កាលពីថ្ងៃទី៣០ មេសា ឆ្នាំ២០២៤ នៅសាលាគរុកោសល្យ និងវិក្រឹតការ ខេត្តសៀមរាប។
គ្រូ និមន្ត្រីដែលបានចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះ គឺមកពីសាលាចំនួន២២៤ ក្នុងខេត្តគោលដៅចំនួន៧ រួមមាន ខេត្តបាត់ដំបង សៀមរាប បន្ទាយមានជ័យ កំពត កែប កោះកុង និងខេត្តព្រះសីហនុ។
គ្រូបង្រៀន និងមន្ត្រីអប់រំ ថតរូបជុំគ្នាក្រោយបញ្ចប់វគ្គបណ្ដុះបណ្ដាលអំពីការបង្រៀនសៀវភៅ «អប់រំសុខភាព» កាលពីចុងខែមេសា ឆ្នាំ២០២៤ នៅក្រុងសៀមរាប។
អ្នកស្រី អ៊ឹម សាវីន ជាគ្រូបង្រៀនថ្នាក់ទី៤ នៃសាលាបឋមសិក្សាតាពេជ្រ ដែលស្ថិតនៅក្នុងសង្កាត់ជ្រាវ ក្រុងសៀមរាប។ អ្នកគ្រូ ក៏ជាគ្រូបង្រៀនម្នាក់ដែរ ដែលបានទទួលការបណ្ដុះបណ្ដាលពីវិធីសាស្ត្របង្រៀន និងការប្រើប្រាស់សៀវភៅសិក្សាគោល«អប់រំសុខភាព»នេះ។
សម្រាប់អ្នកគ្រូ សាវីន វគ្គបណ្ដុះបណ្ដាលពិតជាមានសារៈសំខាន់ណាស់ សម្រាប់គ្រូបង្គោល ដូចជាទទួលបានចំណេះដឹងច្បាស់លាស់ ពីសៀវភៅអប់រំសុខភាពសម្រាប់បង្រៀនសិស្ស និងវិធីសាស្ត្របង្រៀនឱ្យមានប្រសិទ្ធភាព។ អ្នកគ្រូ អ៊ឹម សាវីន រៀបរាប់ដូច្នេះ៖ «ខ្ញុំផ្ទាល់ ដែលយើងទទួលបានការបណ្ដុះបណ្ដាលហ្នឹង គឺវាល្អខ្លាំងមែនទែន ពីព្រោះពីមុនយើងមានតែឯកសារ តែយើងមិនដឹងពីការអនុវត្តទៅលើសកម្មភាពបង្រៀន ឬដំណើរការនៃការបង្រៀនហ្នឹងបែបណា ឱ្យច្បាស់លាស់។ គឺយើងអាចយល់ច្បាស់ ទាក់ទងនឹងការធ្វើសកម្មភាពផ្សេងៗ។ ទាក់ទងនឹងការ ធ្វើផែនការ (បង្រៀន)ផ្សេងៗ ទាក់ទងនឹងមេរៀនអប់រំសុខភាព។ ជាពិសេសគឺវា ផ្ដល់នូវអត្ថប្រយោជន៍ទៅដល់ការអប់រំផ្នែកសុខភាព ដើម្បីឱ្យគ្រូចេះកាន់តែច្បាស់ ហើយយើងបង្រៀនសិស្សច្បាស់អត់ខុស»។
ដោយសារការបណ្ដុះបណ្ដាលនេះ ក៏សាលារបស់អ្នកគ្រូ គឺសាលាបឋមសិក្សាតាពេជ្រ អាចចាប់ផ្ដើមការបង្រៀនសៀវភៅ «អប់រំសុខភាព» សម្រាប់សិស្សថ្នាក់ទី១ និងទី៤បាន នៅដើមខែមេសា ឆ្នាំនេះ។ កាលវិភាគបង្រៀន ត្រូវបានរៀបចំឡើង រយៈពេលមួយម៉ោង ក្នុងមួយសប្តាហ៍។
សកម្មភាពបង្រៀនសិស្សថ្នាក់ទី៤មុខវិជ្ជា «អប់រំសុខភាព» នៅសាលាបឋមសិក្សាតាពេជ្រ ស្ថិតក្នុងសង្កាត់ជ្រាវ ក្រុងសៀមរាប។
ដ្បិតទើបចាប់ផ្តើម ប៉ុន្តែរយៈពេញមួយម៉ោងនៃការបង្រៀនមុខវិជ្ជាអប់រំសុខភាពនៅក្នុងថ្នាក់ អ្នកគ្រូ សាវីន សង្កេតឃើញថា សិស្សមានសកម្មភាពមិនដាច់ឡើយ រាប់ចាប់ពីការសួរឆ្លើយ រវាងសិស្ស និងគ្រូ, ឡើង អនុវត្ត ប្រកបដោយភាពក្លាហានរបស់សិស្ស និងសកម្មភាពលេងល្បែងកម្សាន្ត ពាក់ព័ន្ធនឹងមេរៀន។ សម្រាប់អ្នកស្រី សាវីន ការបង្រៀនដែលមានប្រតិកម្ម ឬសកម្មភាព ពីសិស្សមកវិញ ជាចំណុចវិជ្ជមានមួយ ដែលខ្លួនចង់ឃើញ ហើយវាសបញ្ជាក់ពីប្រយោជន៍ ដែលអ្នកស្រីទទួលបាន ពីការបណ្តុះបណ្តាលពីវិធី សាស្ត្របង្រៀន និងការប្រើប្រាស់សៀវភៅសិក្សាគោល«អប់រំសុខភាព»។
«ពីមុនមក សម្រាប់មុខវិជ្ជាផ្សេងៗ យើងអត់មានសៀវភៅគ្រូថ្នាក់ទី៤។ តែដល់ពេលយើងបានរៀនសៀវភៅអប់រំសុខភាព គឺមានសៀវភៅគ្រូឱ្យយើង។ នៅពេលដែលយើងយក មកបង្រៀនធ្វើតាមលំនាំរបស់គាត់ បញ្ចូលនូវខ្លឹមសារ និងហ្គេមតិចតួច ឱ្យសិស្សមានសកម្មភាពច្រើន ហើយសិស្សសប្បាយក្នុងការរៀន ហើយពួកគាត់ក៏បានយល់ដឹងច្រើនពីការថែរក្សាសុខភាព»។ នេះជាការបញ្ជាក់របស់អ្នកគ្រូ អ៊ឹម សាវីន។
សកម្មភាពបង្រៀនសិស្សថ្នាក់ទី៤មុខវិជ្ជា «អប់រំសុខភាព» នៅសាលាបឋមសិក្សាតាពេជ្រ ស្ថិតក្នុងសង្កាត់ជ្រាវ ក្រុងសៀមរាប។
ដោយសារការបង្រៀនមុខវិជ្ជា «អប់រំសុខភាព» នៅសាលារបស់ខ្លួនទើបតែចាប់ផ្តើមចេញដំណើរ ដូច្នេះសិស្សានុសិ្សមិនទាន់មានសៀវភៅពុម្ពគ្រប់ដៃនៅឡើយទេ។ អ្នកស្រីសង្ឃឹមថាសាលា នឹងទទួលបានសៀវភៅពុម្ពនេះឆាប់ៗ ព្រោះសៀវភៅពុម្ពនេះ សិស្សអាចស្វែងយល់ពីមេរៀនបន្ថែមទៀតនៅផ្ទះ។ អ្នកគ្រូ អ៊ឹម សាវីន បន្ថែម៖«ប្រសិនជាមាន ពួកគាត់នឹងអាចយកទៅមើលបន្ថែមនៅផ្ទះ អ៊ីចឹងពួកគាត់នឹងអាចយល់ កាន់តែច្បាស់ពីការថែទាំសុខភាពរបស់គាត់បន្ថែម។ គាត់ឆ្ងល់ ឬគាត់ចង់ដឹងបន្ថែមគាត់ គ្រាន់បើកសៀវភៅមើលបន្ថែមនៅផ្ទះពួកគាត់អាចមើល បាន»។
សម្រាប់ អ្នកគ្រូ អ៊ឹម សាវីន ការសិក្សាអំពីការអប់រំសុខភាព មានសារៈសំខាន់ណាស់សម្រាប់សុខភាព សិស្ស។ គ្រូបង្រៀនរូបនេះ សង្ឃឹមថាការសិស្ស នឹងចាប់ផ្តើមផ្លាស់ប្ដូរ ឬកែប្រែឥរិយាបថរស់នៅ ដើម្បីសុខភាព និងសុវត្ថិភាពផ្ទាល់ខ្លួន ក្រុមគ្រួសារ និងសហគមន៍ដោយពួកគេនឹងមានចំណេះដឹង និងការអនុវត្តទម្លាប់ល្អ ទាក់ទងនឹងការថែរក្សាសុខភាពប្រចាំថ្ងៃ៕