សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ជាង ៩០ភាគរយនៃពាណិជ្ជកម្មចិន-រុស្ស៊ី ប្រើប្រាស់ប្រាក់រូប្លិ៍ និងយ័ន
17, May 2024 , 7:29 pm        
រូបភាព
រូបិយប័ណ្ណរូប្លិ៍ (រុស្ស៊ី) និងយ័ន (ចិន) ។ រូបភាព ៖ Sputnik
រូបិយប័ណ្ណរូប្លិ៍ (រុស្ស៊ី) និងយ័ន (ចិន) ។ រូបភាព ៖ Sputnik
បន្ទាប់ពីផ្ទុះសង្គ្រាមនៅអ៊ុយក្រែន រុស្ស៊ី និងចិនបានប្រើប្រាស់រូបិយប័ណ្ណក្នុងស្រុកយ៉ាងសកម្ម ដើម្បីជំនួសរូបិយប័ណ្ណលោកខាងលិចក្នុងដោះដូរពាណិជ្ជកម្មទ្វេភាគី។ បច្ចុប្បន្ន ជាង ៩០ភាគរយនៃការដោះដូរពាណិជ្ជកម្មចិន-រុស្ស៊ី ប្រើប្រាស់ប្រាក់រូប្លិ៍ និងយ័ន។
 
«យើងបានចាត់វិធានការទាន់ពេលវេលា និងសម្របសម្រួលយ៉ាងល្អ ដើម្បីផ្លាស់ទៅជាប្រើរូបិយប័ណ្ណគ្នាទៅមកក្នុងការទូទាត់រវាងប្រទេសទាំងពីរ។ ការណ៍នេះ បានពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគរវាងរុស្ស៊ី និងចិន»។ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយទៅកាន់អ្នកសារព័ត៌មាននៅថ្ងៃទី១៦ ​ខែឧសភា បន្ទាប់ពីជំនួបជាមួយមេដឹកនាំចិននៅទីក្រុងប៉េកាំង។ មេដឹកនាំរុស្ស៊ី បានបន្តថា អត្រានៃការប្រើប្រាស់ប្រាក់រូប្លិ៍ និងប្រាក់យ័នក្នុងប្រតិបត្តិការពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានលើសពី ៩០ភាគរយ ហើយកំពុងតែកើនឡើងបន្តទៀត។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Tass។​
 
លោក​ ពូទីន បន្តថា ប្រទេស​ទាំង​ពីរ​បាន​សហការ​យ៉ាង​សកម្ម​ក្នុង​ការ​វិនិយោគ។ គម្រោងជាង៨០ ដែលមានតម្លៃសរុប ២០០ពាន់លានដុល្លារកំពុងបន្ត និងរួចរាល់តាមរយៈគណៈកម្មាធិការអន្តររដ្ឋាភិបាល។ 
 
មេដឹកនាំរុស្ស៊ី បានទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅពីថ្ងៃទី១៦-១៧ ខែឧសភា តបតាមការអញ្ជើញរបស់សមភាគីចិន លោក ស៊ី ជិនភីង ដើម្បីពិភាក្សាអំពីការពង្រឹងភាពជាដៃគូលើគ្រប់ជ្រុងជ្រោយ និងការផ្លាស់ប្តូរយុទ្ធសាស្ត្រនៅទីក្រុងមូស្គូ-ប៉េកាំង។ នេះ​ជា​ដំណើរ​ទៅ​ក្រៅ​ប្រទេស​លើក​ដំបូង​របស់​លោក​ចាប់​តាំង​ពី​បាន​ស្បថ​ចូល​កាន់​តំណែង​អាណត្តិ​ទី​៥​នៅ​ថ្ងៃ​ទី​៧ ខែ​ឧសភា។
 
សេដ្ឋកិច្ចរុស្ស៊ី-ចិន កាន់តែមានភាពស្និទ្ធស្នាលជាងមុន ចាប់តាំងពីសង្រ្គាមនៅអ៊ុយក្រែនបានផ្ទុះឡើងនៅដើមឆ្នាំ២០២២។ កាលពីឆ្នាំមុន ទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរបានកំណត់កំណត់ត្រាចំនួន ២៤០ពាន់លានដុល្លារ។
 
រុស្ស៊ី​បាន​បង្កើន​ការ​នាំ​ចូល​ទំនិញ​សំខាន់ៗ​ពី​ចិន។ ទន្ទឹម​នេះ ចិន​ទិញ​ប្រេង​រុស្ស៊ី​តម្លៃ​ថោក​ក្នុង​បរិមាណ​ច្រើន។ នៅក្នុងខែកញ្ញា ឆ្នាំ២០២៣ លោកពូទីនក៏បានលើកឡើងថា ទំនាក់ទំនងរវាងទីក្រុងម៉ូស្គូ និងទីក្រុងប៉េកាំងបានឈានដល់កម្រិតមួយដែលមិនធ្លាប់មានពីមុនមក ហើយនឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការទៀត។
 
នៅក្នុងកិច្ចប្រជុំមួយ កាលពីចុងឆ្នាំមុន ឧបនាយករដ្ឋមន្ត្រីរុស្ស៊ី Andrey Belousov បាននិយាយថា រូបិយប័ណ្ណនៃប្រទេសលោកខាងលិចកំពុងបាត់បន្តិចម្តងៗនៅក្នុងសកម្មភាពពាណិជ្ជកម្មរុស្ស៊ី-ចិន។
 
ចាប់តាំងពីឆ្នាំ២០១៤ រុស្ស៊ីបានចាប់ផ្តើមកាត់បន្ថយការពឹងផ្អែករបស់ខ្លួនលើប្រាក់ដុល្លារបន្ទាប់ពីការបញ្ចូលតំបន់គ្រីមៀ។ នៅឆ្នាំ ២០១៨ នៅពេលអាម៉េរិកដាក់ទណ្ឌកម្មសេដ្ឋកិច្ចកាន់តែច្រើន ទីក្រុងមូស្គូបានចាប់ផ្តើមលក់មូលបត្របំណុលរបស់រដ្ឋាភិបាលអាម៉េរិក ហើយសម្លឹងមើលការជួញដូរជារូបិយបណ្ណរូប្លិ៍ និងរូបិយប័ណ្ណផ្សេងទៀត។
 
នៅឆ្នាំ២០២២ បន្ទាប់ពីត្រូវបានដាក់ទណ្ឌកម្មដោយលោកខាងលិចព្រោះតែសង្គ្រាមនៅអ៊ុយក្រែន ទីក្រុងម៉ូស្គូបានពន្លឿនដំណើរការនេះ។ ចិនក៏ចង់កាត់បន្ថយការពឹងផ្អែករបស់ខ្លួនលើប្រាក់ដុល្លារ ដើម្បីគ្រប់គ្រងហានិភ័យ ខណៈភាពតានតឹងជាមួយអាម៉េរិកបានបន្តកើនឡើងនាពេលថ្មីៗនេះ៕ 
 

Tag:
 ពាណិជ្ជកម្ម
  ប្រាក់រុប្លិ៍
  ប្រាក់យ័ន
  ចិន​
  រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com