អន្តរជាតិ
ប្រទេស​ចិន​​​និង​ប្រទេស​រុស្ស៊ី​ពង្រឹង​ភាព​ដៃគូ ​​​ដើម្បី​ទប់ទល់​​ឥទ្ធិពល​​សហរដ្ឋអាម៉េរិក
20, May 2024 , 8:00 am        
រូបភាព
ប្រធានាធិបតីរុស្ស៊ីលោក Putin និងប្រធានាធិបតីចិនលោក Xi ចូលរួមក្នុងពិធីផ្លូវការណ៍មួយនៅខាងមុខសាល Great Hall of the People នៅទីលានធានអានមិន នៅក្រុងប៉េកាំងកាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥។ (Photo by Sergei BOBYLYOV / POOL / AFP)
ប្រធានាធិបតីរុស្ស៊ីលោក Putin និងប្រធានាធិបតីចិនលោក Xi ចូលរួមក្នុងពិធីផ្លូវការណ៍មួយនៅខាងមុខសាល Great Hall of the People នៅទីលានធានអានមិន នៅក្រុងប៉េកាំងកាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥។ (Photo by Sergei BOBYLYOV / POOL / AFP)
ដោយ: VOA
ក្រុងតៃប៉ិ កោះតៃវ៉ាន់ — ទោះ​ជាមានការប្រឹងប្រែងឃាត់​ប្រទេស​ចិន​កុំ​ឱ្យ​គាំទ្រ​ប្រទេស​រុស្ស៊ីក៏​ដោយ ក៏​ពួក​អ្នកវិភាគនិយាយថា​ភាពដៃគូរវាងរដ្ឋាភិបាលក្រុង​ប៉េកាំង​និង​រដ្ឋាភិបាលក្រុង​មូស្គូកើន​ខ្លាំង​ជាងមុន។
ប្រធានាធិបតីរុស្ស៊ី​លោក Vladimir Putin បានបញ្ចប់​ទស្សនកិច្ចពីរថ្ងៃ​របស់លោកនៅ​ប្រទេសចិន​កាល​ពី​ថ្ងៃទី១៧​ ខែ​ឧសភា បន្ទាប់ពី​រដ្ឋាភិបាល​ក្រុងប៉េកាំងនិងរដ្ឋាភិបាល​មូស្គូ​បាន​បញ្ជាក់​ជាថ្មីអំពី«ទំនាក់ទំនង​យុទ្ធសាស្ត្រ»របស់​ពួកគេដោយបានចុះហត្ថលេខាលើ​សេចក្តី​ថ្លែងការណ៍​រួម​មួយហើយបានសន្យាថាសហការគ្នាប្រឆាំង​នឹងសម្ពាធ«​បំផ្លិចបំផ្លាញ​និង​ប្រកប​ដោយអរិភាព»ពី​រដ្ឋាភិបាលក្រុង​វ៉ាស៊ីន​តោន។
 
នៅ​ក្នុងជំនួប​រវាងលោក Putin និង​ប្រធានាធិបតីចិនលោក Xi Jinping ប្រ​ធានាធិបតី​រុស្ស៊ី​រូបនេះបាននិយាយថារដ្ឋាភិបាលក្រុង​មូស្គូចង់​ធ្វើការ​ជា​មួយ​រដ្ឋាភិបាលប៉េកាំង​និងពួក​ប្រទេសដែល​សេដ្ឋកិច្ចមិន​ទាន់អភិវឌ្ឍពេញលេញ​ឆ្ពោះ​ទៅកាន់«ពិភពលោកពហុប៉ូល»។​ ចំណែក​ឯលោក Xi វិញ​បាន​ថ្លែងថា​ប្រទេសទាំង​ពីរ​ប្តេជ្ញាធ្វើ​អភិបាលកិច្ចសាកលឱ្យ​ស្ថិត«ក្នុងទិសដៅ​ត្រូវ»។​
 
អ្នក​វិភាគ​ខ្លះថា​លោក Putin និង​លោក Xi ប្រឹងប្រែង​គូសបញ្ជាក់ថាភាព​ដៃគូ​ជិតស្និទ្ធ​របស់រដ្ឋាភិបាល​ក្រុងប៉េកាំងនិងរដ្ឋាភិបាល​មូស្គូ«ជា​កម្លាំងល្អមួយ​នៅ​ក្នុង​ប្រព័ន្ធ​សាកល»។​
 
លោក​ Philipp Ivanov ជា​អ្នក​វិភាគ​កិច្ចការ​ប្រទេសចិននិង​ប្រទេសរុស្ស៊ី​និងជាស្ថាបនិក​អង្គការ​ពិគ្រោះ​យោបល់ Geopolitical Risks + Strategy Practice។ លោកបាននិយាយ​ថា«មេដឹកនាំពីរ​នាក់នេះ​ចង់គូសបញ្ជាក់​ថា ​ពួក​គេ​កំពុងបង្កើត​បរិដ្ឋានមួយ​មានភាពស្មើ​គ្នា​ជាងមុន​និង​ប្រព័ន្ធសេដ្ឋកិច្ចនិងប្រព័ន្ធ​នយោបាយប្រកប​ដោយបរិយាប័ន្ន»។
 
បន្ថែម​លើ​ការ​ប្រឆាំងនឹងសណ្តាប់ធ្នាប់​ពិភពលោក​ដែលមានហើយ​ដឹកនាំដោយ​សហរដ្ឋអាមេរិក លោក Putin និង​លោក Xi ក៏​បាន​រិះគន់អាមេរិកនិង​អង្គការអូតង់ថាធ្វើឱ្យមាន​ផលប៉ះពាល់អវិជ្ជមានដល់​សន្តិភាព​និង​ស្ថិរភាព​នៅក្នុង​តំបន់​ឥណ្ឌូ-ប៉ាស៊ីហ្វិក​ដោយ​បង្កើតឱ្យមាន«ក្រុម​បិទជិត​និងមិនមានប្រទេស​ឯទៀតចូលរូម»​និង​បានពង្រីក​វត្តមានយោធា​ផងដែរ។
 
សេចក្តីថ្លែងការណ៍រួម​ចុះហត្ថលេខាដោយ​លោក Xi និងលោក Putin ចែង​ថា«​នៅក្នុងបរិបទ​ភូមិសាស្ត្រនយោបាយ​បច្ចុប្បន្ន​ វា​ជា​ការចាំបាច់​រក​វិធី​បង្កើតប្រព័ន្ធសន្តិសុខ​ប្រកប​ដោយ​ចីរភាព​នៅ​ក្នុង​តំបន់​អឺរ៉ុបអាស៊ី (Eurasian) ​ផ្អែក​លើ​គោលការណ៍​នៃសន្តិសុខស្មើភាពនិងមិន​អាច​បំបែកបាន»។
 
អ្នក​វិភាគខ្លះថា ទស្សនៈ​របស់លោក Putin និង​លោក Xi អំពី​ការ​ពង្រីកវត្តមាន​យោធា​របស់រដ្ឋាភិបាលក្រុង​វ៉ាស៊ីន​តោន​និង​អង្គការអូតង់​នៅអាស៊ី«ជា​ល្បែង​ឈ្នះ​ចាញ់»។ លោក Mathieu Duchatel ជា​នាយកវិទ្យាស្ថាន Montaigne ខាង​ការ​សិក្សា​អន្តរជាតិ​នៅ​ប្រទេស​បារាំង។ លោកបាន​និយាយ​ថា«តុល្យភាពយោធាជា​ស្នូលនៃទស្សនៈរបស់លោកទាំង​ពីរអំពី​សណ្តាប់ធ្នាប់​អន្តរជាតិ​ហើយ​គោលដៅ​នៃការរិះគន់​របស់ពួក​គេ​គឺ​បណ្តាញ​សម្ព័ន្ធភាព​យោធា​របស់​សហរដ្ឋអាមេរិក»។
 
លោក​បានថ្លែងប្រាប់វីអូអេ​ថា ​គោលដៅ​មួយរបស់លោក Xi និងលោក Putin គឺ​ការធ្វើ​តាម​ភាពជា​ដៃគូ​របស់ពួក​គេ​ដើម្បី«ធ្វើឱ្យអន្តរាយ»ដល់បណ្តាញសម្ព័ន្ធភាព​របស់រដ្ឋាភិបាលក្រុង​វ៉ាស៊ីន​តោន​នៅ​ទ្វីបអាស៊ី។
 
ដែនកំណត់​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង
នៅ​ពេល​ប្រទេស​ស្វីស​ប្រុងប្រៀប​ចាត់ចែង​សន្និសីទកំពូល​សន្តិភាពដើម្បី​ដោះស្រាយបញ្ហា​សង្គ្រាម​នៅ​អ៊ុយក្រែននៅខែមិថុនា លោក Xi​ និង​លោក​ Putin ក៏​បានប្តូរ​ទស្សនៈគ្នាដែរ​អំពី​សង្គ្រាម​នេះ​ដែល​កំពុងមានតទៅ​ទៀត​នៅ​ក្នុង​ជំនួប​របស់លោក​ទាំង​ពីរ​កាលពីថ្ងៃទី១៦ឧសភា។
 
លោកទាំងពីរ​មានជំនឿ​ថាសង្គ្រាម​នេះ​គួរ​ត្រូវដោះស្រាយ​តាម​រយៈដំណោះស្រាយ​នយោបាយ។​ នៅក្នុង​អត្ថបទមួយបោះពុម្ព​ផ្សាយដោយ​ទីភ្នាក់ងារសារព័ត៌មានរដ្ឋ Xinhua របស់ប្រទេសចិន​ លោក​ Xi បាន​និយាយថា​ដំណោះស្រាយជា​មូលដ្ឋាន​នៃ​សង្គ្រាមនេះ​គឺ​បង្កើត«យុទ្ធសាស្ត្រ​រចនា​និង​កសាង​ហេដ្ឋារចនា​សម្ព័ន្ធ​សន្តិសុខ​ថ្មីមួយ​ មានតុល្យភាព មានប្រសិទ្ធភាព​និង​ប្រកប​ដោយ​ចីរភាព»។
 
លោកបាន​បន្ថែមថា​ប្រទេសចិនគាំទ្រសន្និសីទ​សន្តិភាព​អន្តរជាតិ​មួយ«​ត្រូវទទួល​ស្គាល់​ដោយ​រុស្ស៊ីនិងអ៊ុយក្រែននៅ​ពេល​សមស្រប​ណា​មួយដោយមានការចូល​រួម​ស្មើគ្នា​និងមាន​ការ​ពិភាក្សា​ដោយ​យុត្តិធម៌អំពី​ជម្រើស​ទាំងអស់»។
 
លោក Ivanov ថ្លែងថា​ការប្រឹងប្រែងនៅពេល​បច្ចុប្បន្នរបស់​ចិន​គឺ​ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា​សង្គ្រាម​នៅ​អ៊ុយក្រែន រូម​មានផែនការ​សន្តិភាព​មាន១២ចំណុច​ត្រូវ​ចេញ​ផ្សាយកាលពីខែ​កុម្ភៈ​ ដែល​នាំ​ឱ្យ​យល់​ថារដ្ឋាភិបាល​ប៉េកាំងជៀសវាងមិនធ្វើការ​ប្តេជ្ញា​ណា​មួយទេ។ លោក​បាន​ថ្លែង​ប្រាប់​វីអូអេថា​ផែនការ​សន្តិភាពនេះ«ជា​ឯកសារការទូត​មួយជា​ជាង​យុទ្ធសាស្ត្រសម្រាប់​ឱ្យចិន​ចូល​រួមក្នុងការដោះស្រាយបញ្ហា​សង្គ្រាមនេះ។
 
ដោយសារ​រុស្ស៊ីនិង​អ៊ុយក្រែន​មិនបានប្រុងប្រៀបធ្វើការចរចា​ លោក Ivanov យល់​ថាចិន​មិនអាច​ធ្វើ​អ្វី​បានច្រើន​ដើម្បី​ជួយ​បញ្ចប់​សង្គ្រាម​នេះឡើយ។ លោកបានបន្ថែម​ថា«ខ្ញុំ​មិនឃើញ​មានវិធានការ​ជាក់ស្តែង​ណាមួយ​ពី​ប្រទេសចិន​ដើម្បី​ដោះស្រាយ​សង្គ្រាម​នេះទេ ខ្ញុំសង្ស័យ​អំពី​សន្និសីទ​សន្តិភាព​របស់​ប្រទេស​ស្វីស​និងអំពីផែនការ​សន្តិភាពរបស់ចិន»។
 
ការខ្វះខាត​សម្ពាធប្រកបដោយ​ប្រសិទ្ធភាព​លើ​ចិន
ជំនួបរវាង​លោក Xi និងលោក Putin បានធ្វើឡើង​ក្រោយ​ទស្សនកិច្ច​ប្រាំថ្ងៃ​របស់លោក Xi នៅ​អឺរ៉ុប ដែល​នៅ​ពេល​នោះ​អ្នក​វិភាគខ្លះ​និយាយថា​រដ្ឋាភិបាលប៉េកាំង​ព្យាយាមទាញយកប្រយោជន៍ពី​ការ​គ្មាន​ឯកភាព​ក្នុងសហភាព​អឺរ៉ុប។
 
ជំនួប​នេះ​ក៏​មានឡើង​ក្រោយ​ការព្រមានច្រើន​ដង​ពីសហរដ្ឋអាមេរិកអំពី​លទ្ធភាព​មានផលវិបាកនៃការ​គាំទ្រ​របស់​រដ្ឋាភិបាល​ប៉េកាំង​ដល់សង្គ្រាមរបស់​រុស្ស៊ី​ប្រឆាំង​នឹង​អ៊ុយក្រែន។
 
នៅក្នុង​សន្និសីទ​កាសែត​មួយ​កាល​ពី​ថ្ងៃទី១៦ ខែឧសភា អ្នកនាំពាក្យ​ក្រសូងការបរទេស​សហរដ្ឋអាមេរិក​លោក Vedant Patel បាន​និយាយ​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ថា​ចិន​មិន​អាច​គាំទ្រ​ការ​ធ្វើសង្គ្រាម​របស់​រុស្សីទេ នៅពេលជា​មួយគ្នាដែល​ខ្លួន​ប្រឹងប្រែង​កែលម្អ​ទំនាក់ទំនង​ជា​មួយ​ពួក​ប្រទេស​លោកខាង​លិច។
 
លោក​បាន​ពោល​ថា«ចិនមិនអាច​ធ្វើ​ទាំង​ពីរ​បានទេ​ហើយ​ចង់​មាន​ការទាក់ទង​ល្អ​ជាង​មុនជា​មួយ​អឺរ៉ុប​និងប្រទេស​ឯទៀតៗ​នៅពេល​ជា​មួយគ្នាដែលខ្លួន​នៅតែជួយ​បង្កើន​ការគំរាម​កំហែងធំ​បំផុត​ដល់សន្តិសុខអឺរ៉ុប​ក្នុង​រយៈពេលយូរ»។
 
អ្នកវិភាគ​ខ្លះថាសេចក្តី​សម្រេចរបស់​ចិនគាំទ្រភាព​ដៃគូ​របស់​ខ្លួនជា​មួយរុស្ស៊ី​ឆ្លុះ​បញ្ចាំងឱ្យ​ឃើញជំនឿរបស់​រដ្ឋាភិបាលក្រុង​ប៉េកាំង​ថា​ការ​ព្រមាន​របស់​ក្រុមប្រទេសលោក​ខាងលិច​អំពីការដាក់​ទណ្ឌកម្ម​ប្រឆាំងនឹងអង្គភាពចិនដែល​ទ្រទ្រង់សង្គ្រាម​របស់រុស្ស៊ី​ប្រហែល​មិន​កើតមាន​ទេ។
 
កំណើនភាពដៃគូ
លោក Ivanov បាននិយាយ​ថា​ដោយ​ពិចារណា​អំពី​ការព្រមានច្រើន​ដង​របស់រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីន​តោន​ថា​ដាក់ទណ្ឌកម្ម​លើអង្គភាព​ចិនដោយសា​រ​គាំទ្រសង្គ្រាម​របស់​រុស្ស៊ី លោក Putin អាច​ព្យាយាម​រក្សា​ទំនាក់ទំនងសេដ្ឋកិច្ចរបស់​រុស្ស៊ីជា​មួយចិន​នៅ​ក្នុង​ទស្សនកិច្ច​របស់លោក។
 
លោក​បាន​និយាយ​ប្រាប់វីអូអេថា«ខ្ញុំ​មាន​ការទុកចិត្ត​គួរសមថា​ មានការ​ពិភាក្សា​គ្នា​ច្រើនអំពី​ធ្វើបែបណា​ដើម្បី​បញ្ចៀស​ការដាក់ទណ្ឌកម្ម​ហើយយើងប្រហែលនឹង​ឃើញ​មាន​ការ​ធ្វើជំនួញ​និងសកម្មភាព​ដឹកទំនិញចូល​និង​ចេញច្រើន​ជាងមុន​តាមរយៈពួក​ប្រទេស​ទីបី ​ដូចជា​ក្រុម​ប្រទេស​នៅ​អាស៊ី​កណ្តាល​ជាដើម»។ លោកបាន​បន្ថែមថា​គោលដៅ​មួយ​ក្នុង​ចំណោម​គោលដៅនានា​របស់ចិន​និង​រុស្ស៊ី​គឺការបង្កើតប្រព័ន្ធភូមិសាស្ត្រ​សេដ្ឋកិច្ច​មួយ«ដែល​ស៊ាំ​នឹងការដាក់ទណ្ឌកម្ម​របស់ក្រុម​ប្រទេសលោក​ខាងលិច​និង​ការត្រួតត្រា​ការដឹកជញ្ជូនទំនិញ​ចេញ»។
 
ទោះជា​មាន​ការប៉ុនប៉ងរបស់​ពួកប្រទេសលោកខាង​លិច​ដើម្បី​ដាក់សម្ពាធ​ឬ​បញ្ចុះ​បញ្ចូល​ចិនឱ្យ​ឈប់​គាំទ្ររុស្ស៊ី​ក៏​ដោយ ក៏លោក Ivanov និង​លោក​ Duchatel ថារដ្ឋាភិបាលប៉េកាំង​នឹងបន្ត​ប្រព្រឹត្តតាម​ភាព​ដៃគូ​របស់ខ្លួនជា​មួយរដ្ឋាភិបាលក្រុង​មូស្គូ​តទៅទៀត៕

© រក្សាសិទ្ធិដោយ thmeythmey.com