អន្តរជាតិ
​​កូរ៉េ​ខាងត្បូង នាំចេញមីកញ្ចប់​កើន​លើស​១០០​លាន​ដុល្លារលើកដំបូង​​ក្នុង​ខែមេសា
19, May 2024 , 9:00 pm        
រូបភាព
រូបភាព Reuters
រូបភាព Reuters
ការនាំចេញមីកញ្ចប់របស់កូរ៉េខាងត្បូងបាន លើសពីតម្លៃ ១០០ លានដុល្លារជាលើកដំបូងកាលពីខែមេសា ដោយសារការកើនឡើងនៃប្រជាប្រិយភាពនៃវប្បធម៌ និងអាហារកូរ៉េ រួមទាំងផ្សំនឹងកត្ដាផ្សេងៗមួយទៀត។ នេះបើតាមទិន្នន័យបញ្ចេញដោយមន្រ្តីគយកូរ៉េខាងត្បូង នៅថ្ងៃទី១៩ ខែឧសភា។
ការនាំចេញមីកញ្ចប់ ឬហៅថា «ramyeon» ជាភាសាកូរ៉េបានកើនឡើងដល់ ១០៨,៦ លានដុល្លារក្នុងខែមេសាដែលកើនឡើង ៤៦,៨ ភាគរយធៀបនឹងឆ្នាំមុន និងការកើនឡើង ក្នុងល្បឿនលឿនបំផុតចាប់តាំងពីខែឧសភា ឆ្នាំ ២០២២។​ នេះបើយោងតាមសេវាគយកូរ៉េ (KCS)។ នេះជាលើកដំបូងដែលតួលេខប្រចាំខែមានលើសពី ១០០ លានដុល្លារ។
 
ការនាំចេញមីកញ្ចប់បានកើនឡើងឥតឈប់ឈរចាប់តាំងពីឆ្នាំ២០១៥ ហើយត្រូវបានរំពឹងថា​ នឹងឡើងដល់កម្រិតខ្ពស់ក្នុងឆ្នាំនេះ ស្របតាមការពេញនិយមនៃភាពយន្តកូរ៉េ រឿងភាគ និងតន្ត្រីក៏ដូចជាតម្រូវការខ្ពស់សម្រាប់ផលិតផលម្ហូបអាហារដែលត្រៀមរួចជាស្រេចដែលមានតម្លៃសមរម្យខណៈមានអតិផរណាខ្ពស់។
 
កាល​ពី​ឆ្នាំ​មុន ការ​នាំ​ចេញ​របស់មីកញ្ចប់កូរ៉េខាងត្បូងបាន​កើន​ឡើង​ដល់​កម្រិត​ខ្ពស់​បំផុត​ចំនួន ៩៥២ លាន​ដុល្លារ ដោយ​កើន​ឡើង ២៤,៤ ភាគរយ​ធៀប​នឹង​ឆ្នាំ ២០២២។ មន្រ្តីគយកូរ៉េខាងត្បូង បានរំពឹងការនាំចេញនឹងលើសពី ១ ពាន់លានដុល្លារនៅឆ្នាំនេះ។
 
Samyang Foods ដែលជាក្រុមហ៊ុនផលិតមីកញ្ចប់ធំរបស់កូរ៉េខាងត្បូងបានមើលឃើញថាការ លក់របស់ខ្លួនកើនឡើង ៥៧ ភាគរយពីឆ្នាំមុនដល់ ២៨៤,៥ លានដុល្លារនៅក្នុងត្រីមាស ទីមួយ។ ប្រាក់ចំណូលរបស់ខ្លួនពីទីផ្សារក្រៅប្រទេសបានកើនឡើង ៨៥ ភាគរយដោយ សារភាពពេញនិយមនៃរសជាតិកាបូណារ៉ា នៃមីកញ្ចប់ដែលហឹរ Buldak Ramen។ យោងតាមក្រុមហ៊ុន Samyang ខាងលើ ប្រាក់ចំណូលនៅក្រៅប្រទេសមានចំនួន ៧៥ ភាគរយនៃការលក់សរុបក្នុងត្រីមាសទីមួយ៕
 

Tag:
 (កូរ៉េខាងត្បូង)
© រក្សាសិទ្ធិដោយ thmeythmey.com