កីឡាជាតិ
ជាតិ
លោក វ៉ាត់ ចំរើន ជំរុញគ្រឹះស្ថានអប់រំរដ្ឋ និងឯកជន បង្កើនសកម្មភាពកីឡាក្រៅម៉ោងសិក្សា
20, May 2024 , 12:00 pm        
រូបភាព
លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា រូបពីអគ្គនាយកដ្ឋានកីឡា
លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា រូបពីអគ្គនាយកដ្ឋានកីឡា
ក្នុងពិធីបើកការប្រកួតកីឡាឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសថ្នាក់ជាតិ ឆ្នាំ២០២៤ នៅថ្ងៃទី១៩ ខែឧសភា នៅពហុកីឡដ្ឋានជាតិអូឡាំពិក លោក វ៉ាត់ ចំរើន បានជំរុញឲ្យគ្រឹះស្ថានអប់រំទាំងអស់ បង្កើនសកម្មភាពលេងកីឡាក្រៅម៉ោងសិក្សា ឲ្យបានច្រើន។ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡារូបនេះ  ចាត់ទុកថា នេះ គឺជាផ្នែកនៃការបណ្ដុះធនធានថ្នាល និងអត្ដពលិកជាតិ ទៅថ្ងៃអនាគត។


ព្រឹត្តិការណ៍កីឡាឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសថ្នាក់ជាតិ ប្រព្រឹតទៅចាប់ពីថ្ងៃទី១៨-២៧ ខែឧសភា ឆ្នាំ២០២៤ ដោយមានប្រតិភូ គ្រូបង្វឹក កីឡាករ និងកីឡាការិនី សរុប១៧៦៤នាក់ ក្នុងនោះស្ដ្រី មាន ៣៩១នាក់។ ប្រតិភូកីឡាទាំងនោះ មកពី៤៨គ្រឹះស្ថានឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេស។
 
ក្រសួងអប់រំ យុវជន និងកីឡា ដាក់១៣ប្រភេទកីឡា ដែលសរុបជាវិញ្ញាសា មានចំនួន១០៣។ ១៣ប្រភេទកីឡានោះ មានដូចជា៖ បាល់ទាត់ បាល់ទះ បាល់បោះ អត្តពលកម្ម ប៉េតង់ ហែលទឹក វាយកូនឃ្លីលើតុ វាយសី តេក្វាន់ដូWT តេក្វាន់ដូITF ការ៉ាតេ សីបាក់តាក្រ និងគុនដាវ។
 
ក្នុងពិធីបើកព្រឹត្តិការណ៍នោះ លោក វ៉ាត់ ចំរើន បានជំរុញឲ្យគ្រឹះស្ថានអប់រំទាំងអស់ បង្កើតសកម្មភាពលេងកីឡាក្រៅម៉ោងសិក្សា ដោយចាត់ទុកថានេះជាផ្នែក លើកទឹកចិត្ត និងជំរុញឲ្យយុវជន​ចាប់យកកីឡាមួយ ដែលខ្លួនចូលចិត្ត និងជាផ្នែកនៃការបណ្ដុះធនធានថ្នាល កីឡាករ-កីឡាការិនីជម្រើសជាតិ នាពេលអនាគត។

ប្រតិភូចូលរួមពិធីបើកព្រឹត្តិការណ៍កីឡាឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេស រូបពីអគ្គនាយកដ្ឋានកីឡា

រដ្ឋលេខាធិការក្រសួងអប់រំរូបនេះ បាននិយាយដូច្នេះថា៖«បណ្ដាគ្រឹះស្ថានឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសទាំងអស់ ព្យាយាមបង្កើននូវកម្មវិធីអប់រំកាយ និងកីឡា ជាពិសេសគឺត្រូវយកចិត្តទុកដាក់ក្នុងការថែមកម្មវិធីកីឡា ក្រៅម៉ោងសិក្សាជូនដល់និស្សិត របស់យើង ដែលជាថ្នាល អនាគតនៃកីឡាករ-កីឡាការិនីប្រចាំប្រទេស។»។
 
ក្នុងពិធីបើកនេះដែរ លោក ហួត សេងទ្រី ប្រធាននាយកដ្ឋានរៀបចំ និងគ្រប់គ្រងព្រឹត្តិការណ៍កីឡា នៃក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងពីគោលបំណង នៃព្រឹត្តិការណ៍នេះ គឺដើម្បីការជួបជុំ ផ្លាស់ប្ដូរបទពិសោធន៍រវាងគ្រឹះស្ថានឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេស ក្នុងបរិបទនាំមកនូវវប្បធម៌ និងការអប់រំសកម្មភាពកីឡា។ ប្រធាននាយកដ្ឋានរូបនេះ បន្ថែមទៀតជាមួយនិងការជួបជុំយ៉ាងសប្បាយរីករាយក្នុងសកម្មភាពកីឡា ប៉ុន្ដែជាឱកាសសម្រាប់ពង្រឹងកាយសម្បទាមាំមួន។ 
 
ដោយឡែក លោក សេងទ្រី ណែនាំ ឲ្យកីឡាករ-កីឡាការិនី ប្រកួតប្រជែងឈរលើស្មារតីទទួលខុសត្រូវ ការគោរពវិន័យ និងគោរពបទបញ្ជាបច្ចេកទេស ការចេះយោគយល់គ្នា អធ្យាស្រ័យ ទើបអាចផ្សារភ្ជាប់នូវចំណងមិត្តភាព សាមគ្គីភាព និងភាតរភាព ដែលជាគម្រូដ៏ល្អមួយ ប្រសើរសម្រាប់ប្រទេសជាតិយើង និងជៀសផុតពីអំពើអសកម្មផ្សេងៗ ក្នុងសង្គម៕

Tag:
 កីឡាឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេស
  វ៉ាត់ ចំរើន
© រក្សាសិទ្ធិដោយ thmeythmey.com