ជាតិ
សង្គមជាតិ
​កម្ពុជា និង​ AFD​ បន្តពង្រឹងកិច្ចសហប្រតិបត្តិការដើម្បីការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា
21, May 2024 , 7:59 pm        
រូបភាព
ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង(AFD) បានប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការ ​​​ជាមួយ​រាជ​រដ្ឋា​ភិ​បាល​កម្ពុជាបន្ថែមទៀត ដើម្បីការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា។ ការប្តេជ្ញានេះធ្វើ​ឡើង​ក្នុង​ជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាង លោកស្រី ម៉ារី ហេលេន ល័រហ្សង (Marie Hélène LOISON) អគ្គនាយិកា​រង​AFD និងសម្តេច​ ហ៊ុន ម៉ាណែត នាយក​រដ្ឋ​មន្ត្រី​កម្ពុជា នៅថ្ងៃទី២១ ខែឧសភានេះ នៅវិមានសន្តិភាព។
នៅក្នុងជំនួ​បនេះ លោកស្រី ម៉ារី ហេលេន ល័រហ្សុង បានគូសបញ្ជាក់ថា ​AFD និងកម្ពុជា​មាន​​ទំនាក់ទំនង និងកិច្ចសហ​ប្រតិបត្តិការ​ដ៏យូរអង្វែង​ជាមួយគ្នា។ ​AFD ​​ប្តេជ្ញាចិត្ត​​ពង្រឹងកិច្ច​សហប្រតិបត្តិការនេះ​បន្ថែមទៀត ពិសេសគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ក្នុងការចាកចេញពី​ក្រុម​ប្រទេសអភិវឌ្ឍន៍​តិចតួច​។ 
 
«AFD បន្តការគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិ​ការបន្ថែម ទៀត ជា​ពិសេសការរួម​ចំណែក និងបន្តគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ​ក្នុងការចាកចេញពី ចំណាត់ថ្នាក់ក្រុម​ប្រទេសអភិវឌ្ឍន៍​តិចតួច (LDC Graduation) នាឆ្នាំ២០២៩ ខាងមុខ តាមរយៈការធ្វើការងារយ៉ាង ជិតស្និទ្ធ​ជាមួយក្រសួង-ស្ថាប័ន និងដៃគូពាក់ព័ន្ធ»។ លោកស្រី ម៉ារី បញ្ជាក់ដូច្នេះ មុននឹងបន្តថា កម្មវិធីរបស់ទីភ្នាក់ងារ AFD ​​នៅកម្ពុជា គឺផ្តោត​លើវិស័យ​សំខាន់ៗជាច្រើន រួមមានអភិវឌ្ឍន៍​ជនបទ ការគ្រប់គ្រងធនធានទឹក ប្រព័ន្ធ​ធារាសាស្ត្រ ទឹកស្អាត ហិរញ្ញវត្ថុ ធនាគារ ហិរញ្ញវត្ថុ​បៃតង ពាណិជ្ជកម្ម និងវិនិយោគជា​ដើម។
 

 
ក្រៅពីរំឭកអំពីការងារស្នូលរបស់ AFD លោកស្រី ម៉ារី  ក៏​បានកោតសរសើរ​រាជរដ្ឋាភិបាល​កម្ពុជា ដែលបានដាក់​ចេញ​នូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលផ្តោត​លើ​ការអភិវឌ្ឍសេដ្ឋកិច្ច ប្រព័ន្ធការពារសង្គម ការកសាងមូលធនមនុស្ស ថាមពល និង​បច្ចេក​វិទ្យា។ ​អគ្គនាយិការងរូបនេះ ក៏លើបានវាយតម្លៃខ្ពស់ ការដាក់ចេញនូវ​គោលដៅឈាន​ទៅ​រក​អព្យាក្រឹត​​ភាព​កាបូននៅឆ្នាំ២០៥០ ដែលជា​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​រយៈ​ពេលវែងរបស់​រាជ​រដ្ឋាភិបាលដែរ។
AFD បាន និងកំពុងចូលរួមចំណែកយ៉ាងច្រើនដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា។ប្រ​មុខរាជរដ្ឋាភិបាល មានប្រសាសន៍ដូច្នេះទៅកាន់លោកស្រី ម៉ារី ហេលេន ល័រហ្សុង។ 
 
សម្តេច ហ៊ុន ម៉ាណែត ​បានគូសបញ្ជាក់បន្ថែមថា ​ការដាក់​ចេញនូវយុទ្ធសាស្ត្រ​បញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល គឺផ្តោតសំខាន់លើ​ការធានា​បាននូវ​និរន្តភាព​សេដ្ឋ​កិច្ច និងការកាត់បន្ថយភាពក្រីក្រ ដើម្បីឈានទៅសម្រេចបាននូវចក្ខុវិស័យ​ឆ្នាំ២០៥០ គឺការការលើកកម្ពស់ និងធ្វើឱ្យប្រសើរឡើងនៃវិស័យថាម​ពល​បៃ​តង និងឈានទៅដល់អព្យាក្រឹតកាបូន។
 

 
«បច្ចុប្បន្ននេះ ព្រះរាជាណាចក្រកម្ពុជា បានសម្រេចនូវការប្រើប្រាស់ថាមពលស្អាតចំនួន ៦២% នៃការប្រើ​ប្រាស់​ថាមពលសរុប និងបានដាក់ចេញនូវទិសដៅជំរុញការប្រើប្រាស់ ថាមពលស្អាតឱ្យបានដល់៧០% ត្រឹមឆ្នាំ២០៣០»។ សម្តេច ហ៊ុន សែន មានប្រសាសន៍​ដូច្នេះ មុននឹងបន្តលើកឡើងនូវ​ពីការដាក់ចេញ​គោលដៅ ក្នុងការផ្គត់ផ្គង់ទឹក​ស្អាតឱ្យបាន​១០០ភាគរយ និងគោលនយោបាយ​ក្នុងការគ្រប់គ្រងប្រព័ន្ធធារាសាស្ត្រ ដើម្បីធានាការប្រើ​ប្រាស់ទឹកគ្រប់គ្រាន់ និងការទប់ស្កាត់នូវគ្រោះមហន្តរាយទឹកជំនន់ និង ការបង្កផលវិបាក​ផ្សេងៗទៀត​នារដូវវស្សាផងដែរ។
 
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងលោកស្រីអគ្គនាយិការង ក៏បាន​ផ្លាស់ប្តូរយោ​បល់គ្នា​លើ​វិស័យសំខាន់ៗដូចជា ពាណិជ្ជកម្ម និងគោលនយោបាយក្នុងការទាក់ទាញការវិនិយោគ, គំនិត​ផ្តួចផ្តើមក្នុងការបង្កើតមជ្ឈមណ្ឌលវប្បធម៌ និងភាសាបារាំងប្រចាំតំបន់​ និងអន្តរកាល​នៃវិស័យថាមពលផងដែរ៕

© រក្សាសិទ្ធិដោយ thmeythmey.com