កីឡាអន្តរជាតិ
អន្តរជាតិ
Southgate ជឿជាក់ Kane នឹងជួយអង់គ្លេសប្រជែង Euro 2024 ក្រោយសះស្បើយរបួស
22, May 2024 , 5:29 pm        
រូបភាព
លោក Gareth Southgate គ្រូបង្វឹកក្រុមកីឡាបាល់ទាត់ជម្រើសជាតិអង់គ្លេស ជឿជាក់ប្រធានក្រុម Harry Kane នឹងអាចជួយក្រុមប្រជែងជើងឯក UEFA Euro ឆ្នាំ២០២៤ នៅអាល្លឺម៉ង់ បន្ទាប់ពីសះស្បើយពីរបួសខ្នង។
 
Kane បានខកខានការប្រកួត ២លើកចុងក្រោយ ក្នុងក្របខណ្ឌ Bundesliga សម្រាប់ក្រុម Bayern Munich បន្ទាប់មានបញ្ហារបួសខ្នង ដែលរូបគេបានជួបប្រទះតាំងពីមុនការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Champions League ដែលចាញ់ក្រុម Real Madrid វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ 
 
ទោះយ៉ាងណា សម្រាប់បញ្ជីក្រុមកីឡាករជម្រើសជាតិអង់គ្លេស លោក Gareth Southgate នៅតែដាក់បញ្ចូលឈ្មោះកីឡាករវ័យ ៣០ឆ្នាំ ដដែលទោះដឹងថារូបគេជួបបញ្ហារបួស។ លោក Southgate បានអះអាងថា Kane នឹងអាចលេងបានដោយពេញលេញ សម្រាប់ព្រឹត្តិការណ៍ Euro 2024។
 
«Kane មកដល់ពេលនេះគឺរូបគេមានភាពច្បាស់លាស់ខ្លាំងណាស់។ រូបគេហាក់មានអារម្មណ៍ល្អធូរស្រាលពីរបួសហើយ។ បញ្ហារបួសខ្នង របស់គេអាចនឹងកើតឡើងគ្រប់ពេល ប៉ុន្តែវាមិនមែនជារឿងដែលយើងបារម្ភនោះឡើយនៅពេលនេះ អ្វីយើងដឹងច្បាស់ពេលនេះ គឺថារូបគេកំពុងមានភាពច្បាស់លាស់ដែលនឹងលេងជាមួយយើង។»។ នេះបើតាមសម្តីរបស់លោក Southgate។
 
ខ្សែប្រយុទ្ធវ័យ ៣០ឆ្នាំ ចាប់តាំងពីផ្លាស់ទៅកាន់ Bayern Munich រូបគេបានលេងឱ្យក្លិបយក្សអាល្លឺម៉ង់ ចំនួន ៤៥ប្រកួតរាល់គ្រប់ពានរង្វាន់ទាំងអស់ ហើយក្នុងនោះរូបគេក៏រកបាន ៤៤គ្រាប់ ក្នុងរដូវកាលដំបូងរបស់គេផងដែរ។ Kane រកបានគ្រាប់បាល់ Hat-tricks ចំនួន ៤លើក ក្នុងលីគកំពូលអាល្លឺម៉ង់ រដូវកាលនេះ។
 
រកបានគ្រាប់បាល់ច្រើនក៏ដោយក្តី ប៉ុន្តែកីឡាករសញ្ជាតិអង់គ្លេស បន្តខកខានការឈ្នះពានរង្វាន់ជាមួយក្លិបថ្មី ព្រោះតែក្លិបបានរបូតពានទាំងអស់។ រដូវកាល ២០២៣-២៤ ប្រវត្តិសាស្ត្រអាក្រក់របស់ពួកគេតាំងពីឆ្នាំ ២០១២ ដែលក្លិបឈ្នះពានលីគកំពូល ១១លើកជាប់គ្នា។
 
លោក Southgate ក៏បានបង្ហាញអារម្មណ៍សោកស្តាយចំពោះ Kane ដែលរូបគេមិនទាន់ឈ្នះពានអ្វីសោះ ទោះផ្លាស់ទៅក្លិបថ្មី។ គ្រូបង្វឹកក្រុមរហស្សនាមតោកំណាចបាននិយាយដូច្នេះ៖« វាពិតជារឿងមិនសមមួយសម្រាប់គេ ហើយខ្ញុំប្រាកដណាស់​ថាគេនឹងក្លាយជារឿងដែលមនុស្សគ្រប់គ្នានឹងនិយាយអំពីគេ។ ប៉ុន្តែក្តីស្រលាញ់សម្រាប់ការប្រជែងរបស់គេ និងបំណងចង់ធ្វើការងារនេះ មិនដែលរាថយឡើយ រូបគេនឹងសម្លឹងទៅមុខចំពោះការប្រជែងពានរង្វាន់មួយនេះ។»។
 
ក្រុមជម្រើសជាតិអង់គ្លេស នឹងចាប់ផ្តើមការប្រកួតមិត្តភាព ២ប្រកួត ត្រៀមមុនពេលព្រឹត្តិការណ៍ Euro 2024 មកដល់ ដោយក្រុមត្រូវប្រជែងទល់នឹងក្រុមបូស្ន៊ី ក្នុងកីឡដ្ឋាន St. James’ Park ថ្ងៃទី៣ ខែមិថុនា មុនពេលជួបក្រុមអ៊ីស្លង់ នៅថ្ងៃទី៧ ខែមិថុនា ក្នុងកីឡដ្ឋាន Wembley។ អង់គ្លេស នៅព្រឹត្តិការណ៍ Euro 2024 ត្រូវបានចាប់ចូលក្នុងពូល C រួមមានក្រុមស៊ែប៊ី, ដាណឺម៉ាក និងស្លូវេនី៕

Tag:
 Harry Kane
  Euro 2024
© រក្សាសិទ្ធិដោយ thmeythmey.com