កីឡាអន្តរជាតិ
អន្តរជាតិ
ម្តាយ Mbappe ទម្លាយក្នុងកម្មវិធីជប់លៀង ថាកូនប្រុសនឹងផ្លាស់ទៅ Real Madrid
22, May 2024 , 8:59 pm        
រូបភាព
ខ្សែប្រយុទ្ធ Kylian Mbappe បានរៀបចំកម្មវិធីជប់លៀង កាលពីថ្ងៃទី២០ ខែឧសភា ដើម្បីបង្ហាញការលាគ្នាចុងក្រោយ បន្ទាប់ពីចាកចេញពីក្លិប​ Paris Saint Germain។ ស្ថិតក្នុងកម្មវិធីនោះ ម្តាយរបស់ Mbappe និងភ្នាក់ងារផ្ទាល់របស់គេ អ្នកស្រី Fayza Lamari បានទម្លាយថាកីឡាករបារាំង នឹងចូលរួមជាមួយ Real Madrid រដូវកាលក្រោយ។


កម្មវិធីជប់លៀងរបស់ Mbappe ដែលធ្វើស្ថិតក្នុងភោជនីយដ្ឋានអ៊ីតាលីលំដាប់ខ្ពស់នៅជិត Champs Elysees ក្បែទីក្រុងប៉ារីស មានភ្ញៀវចូលរួមប្រមាណ ២៥០នាក់។ អំឡុងពេលចាកចេញពីទីតាំងកម្មវិធី អ្នកស្រី Lamari ត្រូវបានគេចោទសួរ តើកូនប្រុសនឹងទៅលេងឱ្យក្លិបណានៅរដូវកាលក្រោយ? 
 
អ្នកស្រី Lamari បានឆ្លើយតបដោយខ្លីដូច្នេះថា៖«អ្នកគ្រប់គ្នាបានដឹងពីរឿងនេះរួចរាល់ហើយ។»។
 
ចាប់តាំងពីខ្សែប្រយុទ្ធវ័យ ២៥ឆ្នាំ ប្រកាសចាកចេញពីក្លិប Paris Saint Germain ក្រោយកិច្ចសន្យាបញ្ចប់ ក្លិប Real Madrid តែមួយគត់ ដែលត្រូវបានគេរំពឹងថាជាគោលដៅតែមួយគត់សម្រាប់ Mbappe។ បើតាមប្រភពជិតស្និទ្ធិនឹង Mbappe បានបង្ហាញក្តីរំពឹងថារូបគេនឹងទៅលេងឱ្យ Real Madrid បន្ទាប់ពីក្រុមយក្សអេស្ប៉ាញ ប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ UEFA Champions League ទល់នឹងក្រុម Borussia Dortmund រួចនៅថ្ងៃទី១ ខែមិថុនា។
 
ខ្សែប្រយុទ្ធឆ្នើមអន្តរជាតិបារាំង វ័យ២៥ឆ្នាំ បច្ចុប្បន្ននៅតែត្រូវបានឃើញថា នឹងត្រូវប្រកួតឱ្យក្រុមជម្រើសជាតិបារាំងក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅទីក្រុងប៉ារីស ជាមុនសិន មុនពេលធ្វើដំណើរទៅកាន់ក្លិបថ្មី។ 
 
ដោយឡែកក្នុងកម្មវិធីជប់លៀងទៀតសោត ក៏មានវត្តមានលោក Wilfried ជាឪពុករបស់ Mbappe ជាមួយនឹង Ethan បងប្អូនបង្កើតរបស់គេ។ លើសពីនេះភាគច្រើនមិត្តរួមក្រុមនៅក្លិប PSG បានចូលរួម ក៏ដូចជាក្រុមការងារក្លិប និងមិត្តភក្តិរបស់គេជាដើម។
 
លោក Luis Enrique ជាអ្នកចាត់ការក្រុមមិនបានចូលរួមកម្មវិធីនោះឡើយ ខណៈរូបលោកក៏បានដកឈ្មោះ Mbappe ចេញពីការប្រកួត ២លើកចុងក្រោយក្នុងក្របខណ្ឌ Ligue 1។ ដល់ពេលនេះមានសំណួរជាច្រើនកំពុងតែចោទសួរទៅកាន់ក្លិប PSG ថាតើកីឡាករវ័យ ២៥ឆ្នាំ នឹងបង្ហាញខ្លួនលេងនៅការប្រកួតវគ្គផ្តាច់ព្រ័ត្រ French Cup ទល់ក្រុម Lyon ឬយ៉ាងណា។
 
លោកប្រធានាធិបតីបារាំង Emmanuel Macron និងប្រធានក្លិប PSG លោក Nasser Al Khelaifi សុទ្ធតែត្រូវបានអញ្ជើញឱ្យចូលរួម ប៉ុន្តែមិនបានបង្ហាញវត្តមានឡើយ៕

Tag:
 Kylian Mbappe
  Real Madrid
© រក្សាសិទ្ធិដោយ thmeythmey.com