កីឡាអន្តរជាតិ
អន្តរជាតិ
គ្រូ​​វៀតណាម​ថ្មី៖​ ASEAN Cup ជាឱកាសសងសឹក ឥណ្ឌូណេស៊ី
23, May 2024 , 8:39 am        
រូបភាព
លោក Kim Sang-sik គ្រូជម្រើសជាតិវៀតណាម ផ្តល់បទសម្ភាសដល់អ្នកសារព័ត៌មាន
លោក Kim Sang-sik គ្រូជម្រើសជាតិវៀតណាម ផ្តល់បទសម្ភាសដល់អ្នកសារព័ត៌មាន
គ្រូបង្វឹកថ្មីក្រុមកីឡាបាល់ទាត់ជម្រើសជាតិវៀតណាម លោក Kim Sang-sik មានទំនុកចិត្តក្នុងការក្រុម សងសឹកឥណ្ឌូណេស៊ី ក្នុងការប្រកួត ASEAN Mitsubishi Electric Cup ឆ្នាំ២០២៤ ពូល B ទោះបីជាវៀតណាម រងបរាជ័យបន្តបន្ទាប់ អំឡុងការដឹកនាំរបស់គ្រូបង្វឹកមុន លក Philippe Troussier។


ឥណ្ឌូណេស៊ី ក្រោមការដឹកនាំរបស់គ្រូកូរ៉េខាងត្បូងលោក Shin Tae-yong ជាគូប្រជែងដ៏ខ្លាំងបំផុតរបស់វៀតណាមក្នុងពូល B នៃវគ្គសន្សំពិន្ទុជើងឯកថ្នាក់តំបន់អាស៊ីអាគ្នេយ៍ រួមជាមួយពីហ្វីលីពីន មីយ៉ាន់ម៉ា និងឡាវ បន្ទាប់ពីការចាប់ឆ្នោតរើសពូល នៅក្រុងហាណូយ កាលពីថ្ងៃទី២១ ខែឧសភា។
 
ក្នុងការជួបគ្នា៣លើកចុងក្រោយ វៀតណាមក្រោមការដឹកនាំរបស់ Troussier បានចាញ់ឥណ្ឌូណេស៊ី ទាំង ៣លើក ក្នុងនោះចាញ់ ៣-០ និង ១-០ ក្នុងវគ្គជម្រុះជុំទីពីរ FIFA World Cup ឆ្នាំ២០២៦ និង ១-០ ក្នុងវគ្គចែកពូល Asian Cup ឆ្នាំ ២០២៣។ ដោយឡែកក្នុងពានរង្វាន់ AFF Cup ពីមុន (ឥឡូវជា ASEAN Cup) វៀតណាម អំឡុងក្រោមការដឹកនាំរបស់គ្រូបង្វឹក Park Hang-seo មិនដែលចាញ់ឥណ្ឌូណេស៊ីឡើយ ដោយបញ្ចប់ត្រឹមស្មើ និងឈ្នះ។
 
ដោយឡែក សម្រាប់លោក Kim Sang-sik ដែលទើបចូលកាន់តំណែងគ្រូវៀតណាម បង្ហាញទំនុកចិត្តក្នុងការដឹកនាំក្រុមទទួលលទ្ធផលផ្លែផ្កានៅពេលជួប ឥណ្ឌូណេស៊ី នៅវគ្គសន្សំពិន្ទុ ASEAN Cup។
 
«ប្រសិន​បើ​ខ្ញុំ​ត្រៀម​ខ្លួន​ឲ្យ​បាន​ល្អ​ចាប់​ពី​ពេល​នេះ ខ្ញុំ​គិត​ថា យើង​ពិត​ជា​អាច​ធ្វើ​បាន​​ល្អ​ទល់​នឹង​ឥណ្ឌូណេស៊ី។ យើង​នឹង​កែកុនពី​ការ​ប្រកួត​មុនៗ ហើយ​ព្យាយាម​ឱ្យ​អស់​ពី​សមត្ថភាព​ដើម្បី​ឈ្នះ​ឥណ្ឌូណេស៊ី។ នេះជាការអះអាងរបស់គ្រូសញ្ជាតិកូរ៉េខាងត្បូង នៅ​ក្រោយ​ការ​ចាប់​ឆ្នោត​រើសពូល ក្នុង​ក្រុង​ហាណូយ​។
 
សហព័ន្ធកីឡាបាល់ទាត់វៀតណាម បានតែងតាំងលោក Kim ​ជំនួស​លោក Troussier នៅ​ដើម​ខែ​ឧសភា។ លោក Kim ត្រូវទទួលបន្ទុកធ្វើយ៉ាងណានាំវៀតឆ្លងផុតវគ្គចែកពូល និងឈានដល់វគ្គផ្តាច់ព្រ័ត្រ ASEAN Cup ឆ្នាំ​២០២៤។ 
 
ទទួលភារកិច្ចនេះ គ្រូកូរ៉េខាងត្បូង ប្តេជ្ញាព្យាយាមឱ្យអស់ពីសមត្ថភាពសម្រាប់ក្រុមបាល់ទាត់វៀតណាម និងអ្នកគាំទ្រ ដោយលោកនឹងសុំយោបល់ពីអតីតគ្រូបង្វឹកលោក Park ដើម្បីបង្កើតក្រុមឱ្យល្អបំផុតតាមដែលអាចធ្វើទៅបាន។
 
ព្រឹត្តិការណ៍ ASEAN Cup 2024 ដែលទើបប្តូរឈ្មោះពី AFF Cup នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៣ ខែវិច្ឆិកា ដល់ថ្ងៃទី២១ ខែធ្នូ។ នេះជាលើកទី២ ហើយដែលការប្រកួតបានប្តូរឈ្មោះពីមុនពី Tiger Cup, Suzuki Cup ទៅ Mitsubishi Cup ដែលលើកដំបូងនៅឆ្នាំ២០២២ ហើយថៃជាជើងឯក៕
 

Tag:
 ASEAN Mitsubishi Cup
© រក្សាសិទ្ធិដោយ thmeythmey.com