ជាតិ
សង្គមជាតិ
ចិន ​សន្យាជួយ​កម្ពុជាឲ្យ​​រួចផុត​ពី​ការ​គំរាម​​កំហែង​ដោយគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ
22, May 2024 , 10:29 pm        
រូបភាព
លោក វ៉ាង វិន ធាន ឯកអគ្គរដ្ឋទូតចិន ថតរូបជាមួយលោក លី ធុជ ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១​នៃអាជ្ញាធរមីន ​នាឱកាសជម្រាបលាពីការបំពេញបេសកកម្មការទូតនៅកម្ពុជា នាថ្ងៃទី២១ឧសភា។ រូបថត៖ ទំព័រហ្វេសប៊ុក លោក លី ធុជ
លោក វ៉ាង វិន ធាន ឯកអគ្គរដ្ឋទូតចិន ថតរូបជាមួយលោក លី ធុជ ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១​នៃអាជ្ញាធរមីន ​នាឱកាសជម្រាបលាពីការបំពេញបេសកកម្មការទូតនៅកម្ពុជា នាថ្ងៃទី២១ឧសភា។ រូបថត៖ ទំព័រហ្វេសប៊ុក លោក លី ធុជ
ចិន​ សន្យា​ជួយ​កម្ពុជា​លើ​ការ​បោស​សម្អាត​មីន និង​គ្រាប់​មិន​ទាន់​ផ្ទុះ​រហូត​​លែង​មាន​ការ​គំរាម​កំហែង​ពី​បញ្ហា​នេះ​តទៅទៀត។​ ការសន្យានេះ ត្រូវបានលើកឡើងដោយលោក វ៉់ាង វិនធាន អគ្គរដ្ឋទូចចិនប្រចាំកម្ពុជានៅចំពោះមុខ លោក លី ធុជ អនុប្រធានទី១នៃអាជ្ញាធរមីន នាថ្ងៃទី២១ឧសភា។​
 
លោក វ៉ាង វិនធាន បានបញ្ជាក់ថា​ ប្រទេសចិន នៅតែបន្តគាំទ្រយ៉ាងមុះមុតក្នុងការរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា លើការងារបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម រហូតកម្ពុជារួចផុតពីការគំរាមដោយគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះទាំងនោះ។ ជុំវិញនៃការប្តេជ្ញានេះ លោក លី ធុជ​ បានសាទរ លោក វ៉ាង វិនធាន ដែល​តែងតែ​​ផ្តល់​ការ​គាំទ្រលើវិ​ស័យ​សកម្មភាព​មីន​នៅ​កម្ពុជា​ រហូតនាំ​កម្ពុជា​អាច​សម្រេច​បាន​នូវ​គោល​ដៅ​គ្មានមីន នៅត្រឹមឆ្នាំ២០២៥។ 
 
លោកឯកអគ្គរដ្ឋទូតចិនរូបនេះ នឹង​បញ្ចប់​បេសកកម្ម​របស់​លោក​នៅ​កម្ពុជា​ឆាប់ៗ​ ​បន្ទាប់​ពី​បាន​បំពេញ​បេសកកម្ម​នេះ​តាំង​ពី​ឆ្នាំ​២០១៩​មក។ ទាំង​លោក Wang Wentian និង​លោក លី ធុជ សុទ្ធ​តែ​បាន​វាយ​តម្លៃ​ខ្ពស់​ចំពោះ​ទំនាក់​ទំនង​ជា​ប្រវត្តិសាស្រ្ត​រវាង​ប្រទេស​ទាំង​ពីរ ជា​ពិសេស​ក្នុង​នាម​សហគមន៍​វាសនា​រួម។
 
បើតាម​ការប្រកាសរបស់អាជ្ញាធរ​មីន ចិន​គឺ​ជាប្រទេស​មួយ​ដែល​បាន​រួមចំណែក​យ៉ាង​សំខាន់ ក្នុង​ការ​សម្រេច​បាន​នូវ​សមិទ្ធ​ផល​​លើសកម្មភាព​សម្អាត​មីន។



ចាប់ពី​ឆ្នាំ ២០១៨មក ​ចិន​បាន​ផ្តល់​ជំនួយ​សំណង​ចំនួន១៤,៤ លានដុល្លារ​ ដល់កម្ពុជា និង​ចូលរួមសកម្មភាព​បោស​សម្អាត​មីន និង​គ្រាប់មិនទាន់ផ្ទះក្នុង​ទំហំ​ផ្ទៃដី​ប្រមាណ១០៧ គីឡូម៉ែត្រ​ក្រឡា។ ក្នុងសកម្មភាពទាំងនោះ រកឃើញ និង​កម្ទេច​ចោល​មីន និង​គ្រាប់​ចំនួន ៧៧៩៥៤ គ្រាប់។​ ជាមួយគ្នានេះ​ ចិន​ក៏​បាន​ផ្តល់​ការ​អប់រំ​យល់​ដឹង​ពី​មីន​ដល់​ប្រជាពលរដ្ឋ​ប្រមាណ​ជា ១,៥ លាន​នាក់ ផងដែរ​។
 
ក្រៅពីនេះ ប្រទេស​​ចិន​ក៏​បាន​ផ្ដល់​ការ​បណ្ដុះ​បណ្ដាល​សិក្ខាកាម​​កម្ពុជា​ចំនួន​ ១៩៩នាក់ មក​ពី​អាជ្ញាធរ​មីន​ មជ្ឈមណ្ឌលជាតិ​រក្សា​សន្តិភាព​ កងទ័ព​ជើង​គោក ទាំង​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ​ គិត​ចាប់​ពី​ឆ្នាំ​ ចាប់តាំង​ពី​ឆ្នាំ​២០១៦ មក។
 
របាយការណ៍ពី​អាជ្ញាធរមីនបានបង្ហាញថា ក្នុង​រយៈ​ពេល​ជាង៣០ឆ្នាំនេះ​ កម្ពុជា​សម្រេច​បាន​ការ​រំដោះ​ដី​ដែល​មាន​មីន​និង​គ្រាប់​មិន​ទាន់​ផ្ទុះ​បាន ៣ ០២៤ គីឡូម៉ែត្រ​ការ៉េ និង​បាន​ប្រកាស​រាជធានី​ភ្នំពេញ និង​ខេត្ត​១៤​ផ្សេង​ទៀត ​ជា​ខេត្ត​គ្មាន​គ្រាប់​មីន។
 
សម្រាប់ឆ្នាំ​២០២៣​ គឺជា​ឆ្នាំ​ដែល​ការ​បោស​សម្អាត​មីន​ទទួល​បាន​ផ្ទៃដី​ធំ​រហូត​ដល់​​ ៤៤៤ គីឡូម៉ែត្រ​ការ៉េ ។ នេះជា​ទំហំ​ផ្ទៃ​ដី​ធំបំផុត​ក្នុងចំ​ណោម​សកម្មភាព​បោស​សម្អាត​មីន​និង​គ្រាប់​មិន​ទាន់​ផ្ទុះ​នៅ​លើ​សកលលោក ដែលអាជ្ញាធរប្រឹងអនុវត្តដើម្បីសម្រេចឱ្យបាននូវ​ចក្ខុវិស័យ​ កម្ពុជា​គ្មាន​គ្រាប់​មីន​នៅឆ្នាំ​២០២៥៕

Tag:
 គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ
© រក្សាសិទ្ធិដោយ thmeythmey.com