កីឡាអន្តរជាតិ
អន្តរជាតិ
Kompany ទំនងជំនួសតំណែងលោក Tuchel នៅ Bayern Munich
23, May 2024 , 9:59 pm        
រូបភាព
ក្រុម Bayern Munich ត្រូវបានគេរាយការណ៍ថា នឹងឈានដល់កិច្ចព្រមព្រៀងជាមួយ លោក Vincent Kompany អ្នកចាត់ការក្រុម Burnley ដើម្បីជំនួសតំណែងលោក Thomas Tuchel។ ការមើលឃើញលើបុរសអតីតកីឡាករក្រុម Manchester City កើតឡើងក្រោយពេលលោក Tuchel សម្រេចចិត្តចាកចេញ ស្របពេលក្លិបពិបាករកអ្នកមកជំនួស ដោយសារបេក្ភាពដទៃបដិសេធ។


ក្លិប Bayern Munich បានចាប់ផ្តើមស្វែងរកគ្រូបង្វឹកថ្មី ចាប់តាំងពីលោក Tuchel ប្រកាសថានឹងចាកចេញក្រោយចប់រដូវកាល ពេលដែលដឹកនាំក្លិបធ្វើមិនបានល្អទាំងនៅលីគកំពូលអាល្លឺម៉ង់ និងពានរង្វាន់ផ្សេងៗ។ Bayern ធ្លាក់ចេញពីពាន UEFA Champions League ដោយត្រូវបាន Real Madrid ទម្លាក់ក្នុងលទ្ធផលសរុបទាំង ២ជើង ៤-៣។ 
 
ការស្វែងរកអ្នកជំនួសតំណែង ហាក់ជួបការលំបាកសម្រាប់ក្លិបយក្សអាល្លឺម៉ង់ ខណៈគ្រូបង្វឹកដទៃដែលកំពុងបង្ហាញភាពលេចធ្លោរនារដូវកាល ២០២៣-២៤ សុទ្ធសឹងតែជាប់ភារកិច្ចសំខាន់រៀងៗខ្លួន។ ក្លិបធ្លាប់បានទាក់ទងលោក Ralf Rangnick ប៉ុន្តែត្រូវបានគ្រូបង្វឹកក្រុមជម្រើសជាតិអូទ្រីសបដិសេធ ព្រោះចង់ផ្តោត លើការប្រកួតពានរង្វាន់អឺរ៉ុប UEFA Euro 2024 ចំណែកលោក Jurgen Klopp ដែលចាកចេញពី Liverpool បាននិយាយថាចង់សម្រាកពីបាល់ទាត់ ១រដូវកាល។
 
បេក្ខភាពដ៏ឈានមុខមួយរូបគឺលោក Xabi Alonso ដែលដឹកនាំ Bayer Leverkusen ឈ្នះពានរង្វាន់ Bundesliga និងបញ្ចប់ការឈ្នះពាន ១១ឆ្នាំជាប់គ្នារបស់ Bayern សម្រេចចិត្តបន្តដឹកនាំក្រុមជើងឯកលីគអាល្លឺម៉ង់រដូវកាលក្រោយ។ ពិបាកក្នុងការស្វែងរកអ្នកជំនួសតំណែង ខណៈលោក Tuchel បានសម្រេចចិត្តចាកចេញ ក្រោយដឹកនាំបានត្រឹម ១រដូវកាល ក្លិបយក្សអាល្លឺម៉ង់ សម្លឹងឃើញលោក Kompany គ្រូបង្វឹកក្រុម Burnley នៃលីគកំពូលអង់គ្លេស។
 
បើតាមការផ្សាយរបស់ទូរទស្សន៍អង់គ្លេស Sky Sports រវាងក្លិប Bayern និងលោក Kompany បានឈានដល់កិច្ចព្រមព្រៀង ខណៈភាគីសងខាងកំពុងតែចរចាជាមួយនឹងក្លិប Burnley។ លក្ខខណ្ឌជាក់លាក់មិនទាន់ត្រូវបានបង្ហាញនៅឡើយ ចំពោះកិច្ចព្រមព្រៀង។ 
 
តាមរយៈប្រភពជិតស្និទ្ធិទៅនឹងការផ្ទេរគ្រូបង្វឹក បានបន្ថែមថា តំណែងនៅក្លិប Bayern Munich របស់លោក Kompany អតីតខ្សែការពារក្រុម Manchester City អាចនឹងមានសពុលភាពរហូតដល់ឆ្នាំ ២០២៨ ឯណោះ។ 
 
លោក Kompany បានចាប់ផ្តើមអាជីពជាគ្រូបង្វឹកដំបូងនៅក្លិប Anderlecht ក្នុងប្រទេសបែលហ្ស៊ិក ដោយបានដឹកនាំក្រុមក្នុងស្រុកកំណើតឈ្នះពានលីគកំពូល មុនពេលផ្លាស់មកដឹកនាំក្រុម Burnley នៅក្នុងឆ្នាំ ២០២២-២៣ ហើយបានជួយក្រុមឈ្នះពាន Championship ដើម្បីវិលត្រឡប់មកកាន់ក្របខណ្ឌ Premier League។ យ៉ាងណាក្នុងរដូវកាលនេះ Burnley ធ្វើមិនបានល្អឡើយ ដោយត្រូវបានធ្លាក់ទៅកាន់លីគលំដាប់ទី២ វិញ បន្ទាប់ពីបញ្ចប់ចំណាត់ថ្នាក់លេខ ១៩ បាតតារាង៕

Tag:
 Bayern Munich
  Vincent Kompany
© រក្សាសិទ្ធិដោយ thmeythmey.com