ជាតិ
ដើមឈើតូចធំ និងផ្កា កំពុងបញ្ចេញសម្រស់ នៅមុខប្រាសាទអង្គរវត្ត
30, May 2024 , 8:59 am        
រូបភាព
សៀមរាប៖ នៅខាងមុខ ស្ពានហាលអង្គរ អាជ្ញាធរជាតិអប្សរា​ បានដាំដើមឈើជាច្រើនដើមបន្ថែម ដើម្បីឱ្យមានសោភ័ណភាព និងម្លប់ត្រជាក់ សម្រាប់ទេសចរ ដើរទៅទស្សនាប្រាសាទអង្គរវត្ត។ ដើមឡើយ ទីតាំងខាងមុខនេះ មានដើមឈើ មិនច្រើននោះទេ និងមានអ្នកលក់ដូរយ៉ាងច្រើន។ រដូវវស្សាចូលមកដល់ ដំណក់ទឹកភ្លៀង ស្រោចស្រពមកលើរុក្ខជាតិទាំងឡាយឱ្យលូតលាត់ខៀវខ្ចី។



លោកស្រី  អាំង សុចិន្តា មន្រ្តីនាយកដ្ឋាន ទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ត នៃអាជ្ញាធរជាតិអប្សរា បានបញ្ជាក់ថា អំឡុងពេលកូវីដ-១៩ អាជ្ញាធរជាតិអប្សរា បានខិតខំបន្ថែមសម្រស់ដល់ប្រាសាទអង្គរវត្ត។ បច្ចុប្បន្នខាងមុខប្រាសាទអង្គរវត្ត មិនមានការលក់ដូររញ៉េរញៃ និងគ្មានសណ្ដាប់ធ្នាប់ទៀតនោះទេ។ ដីហុយ សំឡេង ម៉ូតូ ឡាន និងសំឡេង អ្នកទិញ អ្នកលក់ ក៏មិនមានរំខានទេសចរទៀតនោះដែរ។ ប៉ុន្តែខាងមុខប្រាសាទអង្គរវត្ត ត្រូវបានជំនួសមកវិញនូវ សំឡេងសត្វយំ អមជាមួយរុក្ខជាតិស្រស់បំព្រង។
 
អាជ្ញាធរជាតិអប្សរា បានហាមមិនឱ្យមានរ៉ឺម៉ក់កង់បី ម៉ូតូកង់បីខ្មែរ ដឹកភ្ញៀវដល់ស្ពានហាលអង្គរ។ ផ្ទុយទៅវិញ អាជ្ញាធរជាតិអប្សរា បានរៀបចំផ្លូវដើរថ្មីសម្រាប់ទេសចរ និងបន្ថែមដើមឈើជាច្រើនដើម។ ទេសចរ ត្រូវដើរពីចំណតឡាន ម៉ូតូ មកកាន់ស្ពានហាលអង្គរ ដោយឆ្លងកាត់ក្រោមដើមឈើធំៗជាច្រើនដើម។
 


លោកស្រី  អាំង សុចិន្តា បានបញ្ជាក់ថា អាជ្ញាធរជាតិអប្សរា បានដាំដើមឈើបរិវេណខាងមុខប្រាសាទអង្គរវត្តប្រមាណ ២ម៉ឺនដើម។ ដើមឈើទាំងនោះ កំពុងលូតលាត់យ៉ាងលឿន ដោយសារ អាជ្ញាធរជាតិអប្សរា បានរៀបចំប្រព័ន្ធស្រោចទឹកត្រឹមត្រូវ។ ទោះបីជារដូវប្រាំង ដើមឈើនៅត្រពាំងសេះខាងមុខប្រាសាទអង្គរវត្ត មិនប្រឈមនឹងងាប់នោះទេ។ 
 
អាជ្ញាធរជាតិអប្សរា មានស្ថានីយបណ្ដុះកូនឈើ ដើម្បីដាំដើមឈើនៅតាមតំបន់នានាក្នុងរមណីយដ្ឋានអង្គរ។ ឆ្នាំ២០០៦ ព្រៃឈើក្នុងរមណីយដ្ឋានអង្គរ មានទំហំតែ៤៥៨៥ហិកតាតែប៉ុណ្ណោះ។ ប៉ុន្តែរយៈពេល១០ឆ្នាំក្រោយមក អាជ្ញាធរជាតិអប្សរា បានដាំបន្ថែមរហូត ព្រៃឈើ កើនឡើងចំនួន ១៩២០ហិកតា ស្មើនឹង៦៥០៥ហិកតា នៅរមណីយដ្ឋានអង្គរ។ 
 
ព្រៃឈើក្នុងតំបន់អង្គរ មានដើមឈើជាង ២០០ប្រភេទ។ ព្រៃឈើទាំងនោះ ដុះរាយប៉ាយនៅគ្រប់ទីកន្លែង ដែលបង្កើតបានជាទេសភាពបៃតងដ៏ស្រស់ត្រកាល។ អាជ្ញាធរជាតិអប្សរា នឹងបន្តដាំដើមឈើបន្ថែមក្នុងរមណីយដ្ឋានអង្គរ ដើម្បីទប់ទល់ការប្រែប្រួលអាកាសធាតុ និងបង្កើតទេសភាពបៃតងក្នុងរមណីយដ្ឋានអង្គរ៕ 






© រក្សាសិទ្ធិដោយ thmeythmey.com