ជាតិ
សង្គមជាតិ
ក្រសួងសង្គមកិច្ច ចាប់ដៃគូជាមួយ​​​អង្គការចំនួន១​២ ដើម្បី​ជួយ​​កុមារ មនុស្សចាស់ និង​ជនមានពិការភាព​
30, May 2024 , 10:19 pm        
រូបភាព
ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បាន​ចុះហត្ថលេខាលើកិច្ចព្រមព្រៀងដែលមានថវិកាជាង ២៤លានដុល្លារ ជាមួយ​​សមាគម និងអង្គការមិនមែនរដ្ឋាភិបាលចំនួន១២ ដែលធ្វើការងារផ្តោតលើក្រុមគោលដៅជាកុមារ  មនុស្សចាស់ ជនមានពិការភាព និងជន​រងគ្រោះ នៅភ្នំពេញ និងនៅតាមបណ្តាខេត្ត។ គម្រោងនេះ មានរយៈពេល៣ឆ្នាំ គឺពីឆ្នាំ២០២៤-២០២៧។
 
បើតា​មការចុះផ្សាយរបស់ក្រសួងសង្គមកិច្ច ​ក្នុងចំណោមសមាគម និងអង្គការទាំង១២នេះ មាន​អង្គការមិនមែនរដ្ឋាភិបាលបរទេសចំនួន៦ និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកចំ​នួន៦។
 
នៅក្នុងពិធីចុះហត្ថលេខានៅថ្ងៃទី៣០ ឧសភានេះ លោក ស៊ូនី វង្សវិសិដ្ឋ រដ្ឋលេខាធិការក្រសួងសង្គមកិច្ច បានមានប្រសាសន៍ថា ទាំងសមាគម និង​អង្គការមិនមែនរដ្ឋាភិបាល​បរទេស និងក្នុងស្រុក គឺជាដៃគូដ៏សំខាន់មិនអាចខ្វះបាន ក្នុងការចូលរួមចំណែកអភិវឌ្ឍន៍ប្រទេសកម្ពុជា។
 
លោក ស៊ូនី វង្សវិសិដ្ឋ រដ្ឋលេខាធិការក្រសួងសង្គមកិច្ច ក្នុងពិធីចុះហត្ថលេខាជាមួយសមាគន និងអង្គការមិនមែនរដ្ឋាភិបាល នៅថ្ងៃទី៣០ ឧសភា ឆ្នាំ២០២៤។ លោក ស៊ូនី វង្សវិសិដ្ឋ រដ្ឋលេខាធិការក្រសួងសង្គមកិច្ច
 
​សូមបញ្ជាក់ថា ក្រសួងសង្គមកិច្ច បានចុះកិច្ចព្រមព្រៀងក្នុងភាពជាដៃគូ​ ជាមួយ​សមាគម អង្គការមិនមែនរដ្ឋាភិបាល ​ជាបន្តបន្ទាប់។ មកដល់ពេលនេះ ​មានសមាគម អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក និងបរទេស បានចុះកិច្ចព្រមព្រៀងគម្រោងជាមួយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដែលនៅមានសុពលភាពចំនួន ១៥៨គម្រោង ​ក្នុងនោះ១០២ គម្រោង ជាគម្រោងកិច្ចការពារកុមារ, ២០គម្រោង ជាគម្រោងពាក់ព័ន្ធនឹងកិច្ចការគ្រួសារ, ២០គម្រោង ពាក់ព័ន្ធនឹង​កិច្ចគាំពារជនរងគ្រោះ, ១៥គម្រោងទាក់ទងនឹងជនមានពិការភាព និង១គម្រោង ទាក់ទងនឹងមនុស្សចាស់​៕
 
 រូបភាពទំព័រហ្វេសប៊ុក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
 

Tag:
 កុមារ
  ជនមានពិការភាព
  ជនងាយរងគ្រោះ
  មនុស្សចាស់
© រក្សាសិទ្ធិដោយ thmeythmey.com