កីឡាអន្តរជាតិ
អន្តរជាតិ
បារាំងជួបបញ្ហាកីឡាកររបួសច្រើន និងធ្លាក់ទម្រង់ ខណៈ Euro 2024 ជិតមកដល់
04, Jun 2024 , 10:09 pm        
រូបភាព
ក្រុមជម្រើសជាតិបារាំង ស្ថិតក្នុងចំណោមក្រុមខ្លាំងៗ ដែលមានលទ្ធភាពខ្ពស់ក្នុងការឈ្នះពានរង្វាន UEFA Euro 2024 កំពុងតែបន្តជួបបញ្ហាកីឡាកររបួសច្រើនរូប និងធ្លាក់ទម្រង់ ខណៈការប្រកួតពានរង្វាន់ប្រចាំទ្វីបអឹរ៉ុប ខិតជិតមកដល់។ បារាំងនឹងធ្វើដំណើរទៅអាល្លឺម៉ង់ដោយគ្មានភាពប្រាកដប្រជាឡើយ។


ក្រុមជើងឯករង World Cup 2022 ត្រូវបានចាប់ឆ្នោតចូលទៅក្នុងពូល D ដែលរួមមានក្រុមហូឡង់ ប៉ូឡូញ និងអូទ្រីស។ ព្រឹត្តិការណ៍ Euro 2024 នឹងចាប់ផ្តើមការប្រកួតពីថ្ងៃទី១៤ ខែមិថុនា រហូតដល់ថ្ងៃទី២០ ខែកក្កដា។ យ៉ាងណាមុនការប្រកួតមកដល់ លោក Didier Deschamps ដែលជាគ្រូបង្វឹកក្រុមរហស្សនាមមាន់គកបារាំង នឹងស្វែងរកយុទ្ធសាស្ត្រថ្មី ក៏ដូចជាប្រព័ន្ធតំបន់ការពារថ្មី ដើម្បីដំណើរការប្រកួតប្រជែង។
 
ជាក់ស្តែងបារាំង កំពុងតែប្រឈមមុខខ្លាំងដូចជាកីឡាកររបួស ក៏ដូចជាកីឡាករមួយចំនួនដែលធ្លាប់បង្ហាញខ្លួនកន្លងមកធ្លាក់ទម្រង់លេងយ៉ាងខ្លាំង។ ខ្សែការពារដែលលោក Deschamps តែងទុកចិត្ត Lucas Hernandez ជួបបញ្ហារបួសជង្គង់ និងគ្មានឈ្មោះក្នុងបញ្ជីក្រុមលើកនេះ។ កីឡាករខ្សែការពារ Dayot Upamecano និង Ibrahima Konate ដែលបង្ហាញភាពអស្ចារ្យអំឡុង World Cup 2022 សុទ្ធសឹងតែធ្លាក់ទម្រង់លេងខ្លាំង រហូតកីឡាករទាំងពីរ ត្រូវបានក្លិបដាក់ឱ្យអង្គុយកៅអីបម្រុង។
 
ការឈ្នះកៅអីជម្រើសជាតិតាមរយៈការបង្ហាញទម្រង់លេងល្អ នៅតាមក្លិបជារឿងសំខាន់ សម្រាប់កីឡាករអាជីពនីមួយៗ ប៉ុន្តែការងារប្រកួតប្រជែងតំណែងក្នុងក្លិបនីមួយសម្រាប់ជម្រើស ១១នាក់ ក៏មិនមែនជារឿងដែលងាយស្រួល។ ដោយឡែកអ្នកចាំទី Mike Maignan ក៏កំពុងតែជួបបញ្ហារបួស ស្ទើរតែពេញមួយរដូវកាលរួចទៅហើយដូចគ្នា។
 
អំឡុងការប្រកួត World Cup 2022 នៅប្រទេសកាតា ទោះបារាំងជួបបញ្ហាប្រឈមស្រដៀងគ្នានេះតិចតួចមុនព្រឹត្តិការណ៍ធំមកដល់ ពួកគេនៅតែអាចបង្ហាញសមត្ថភាព ដោយឈានជើងឡើងដល់វគ្គផ្តាច់ព្រ័ត្រ​។ រយៈពេល ១២ឆ្នាំ ក្រោមតំណែងរបស់លោក Deschamps បារាំងមិនធ្លាប់ឈ្នះពានទ្វីបអឺរ៉ុបម្តងឡើយ។ កាលពីឆ្នាំ ២០១៦ បារាំងរបូតឱកាសឈ្នះពាន ក្រោមថ្វីជើងព័រទុយហ្កាល់លទ្ធផល ១-០ នៅក្នុងទឹកដីខ្លួនឯង។
 
ព្រឹត្តិការណ៍ Euro 2020 បារាំងខកចិត្តត្រឹមវគ្គ ១៦ក្រុម ព្រោះត្រូវបានស្វ៊ីសទម្លាក់ចេញពីការប្រកួត ដោយបាល់កាត់សេចក្តី ១១ម៉ែត្រ បន្ទាប់ពីការប្រកួតស្មើ ៣-៣ ក្នុងរយៈពេល ១២០នាទី។ បរាជ័យក្នុងពានទ្វីបអឺរ៉ុបកន្លងមក បារាំងគួរតែបំភ្លេចចោល នឹងស្វែងរកទម្រង់លេងថ្មី ដើម្បីការប្រកួតលើកនេះ។
 
ទោះបីជួបបញ្ហាខ្លាំងលើប្រព័ន្ធការពារ ប៉ុន្តែបារាំង ហាក់បង្ហាញភាពជឿជាក់ទៅលើតំបន់ប្រយុទ្ធជួរមុខរបស់ខ្លួន ដែលមានកីឡាករប្រធានក្រុម Kylian Mbappe ព្រមទាំង Ousmane Dembele ដែលកំពុងឡើងជើងសមល្មមមកវិញ។ ភាពខ្លាំងនៃតំបន់ប្រយុទ្ធនេះ ហើយអាចជួយកែប្រែស្ថានកាលមកល្អមួយចំនួន ឡើងវិញសម្រាប់បារាំង។ កីឡាករវ័យ ២១ឆ្នាំ Bradley Barcola ដៃគូល្អរបស់ខ្សែប្រយុទ្ធទាំងពីរ បង្ហាញភាពអស្ចារ្យលេងឱ្យក្លិប PSG កន្លងមក រូបគេក៏ត្រូវបានកោះហៅចូលជម្រើសជាតិលើកដំបូង។
 
ខ្សែបម្រើ Aurelien Tchouameni កំពុងតែព្យាបាលរបួសជើង ជាមួយ Real Madrid ក៏ជារឿងដ៏ស្មុកស្មាញ ប៉ុន្តែលោក Deschamps សម្រេចចិត្តកោះហៅខ្សែបម្រើមាឌតូច N’Golo Kante វិលត្រឡប់មកជម្រើសជាតិវិញ បន្ទាប់ពីគេខកខានបង្ហាញខ្លួនតាំងពីឆ្នាំ ២០២២ ហើយទោះបីជាគេផ្លាស់ទីលេងនៅលីគអារ៉ាប៊ីសាអូឌីតក៏ដោយ។
 
ដល់ពេលនេះ បារាំងនៅមិនទាន់ប្រកាសបញ្ជីឈ្មោះកីឡាករ ២៦រូប ចុងក្រោយសម្រាប់ការប្រកួត Euro 2024 នៅឡើយ ខណៈខ្លួនត្រូវប្រកួតមិត្តភាពកម្តៅសាច់ដុំ ទល់នឹងក្រុមលុចសាំបួរ នៅថ្ងៃទី៦ ខែមិថុនា និងប៉ះកាណាដា នៅថ្ងៃទី១០ ខែមិថុនា មុនធ្វើដំណើរទៅកាន់ព្រឹត្តិការណ៍ Euro 2024៕

Tag:
 បារាំង
  Euro 2024
© រក្សាសិទ្ធិដោយ thmeythmey.com