កីឡាអន្តរជាតិ
អន្តរជាតិ
មិនឈ្នះពាន តែ Ronaldo ចាត់ទុក ២០២៣-២៤ ជារដូវកាលដ៏ល្អជាមួយ Al Nassr
05, Jun 2024 , 8:29 am        
រូបភាព
Cristiano Ronaldo បានចេញមុខអះអាងដ៏គួរឱ្យភ្ញាក់ផ្អើលថា ការប្រកួតនៅក្នុងរដូវកាល ២០២៣-២៤ ជាមួយនឹងក្រុម Al Nassr ជារដូវកាលល្អបំផុតដែលគេធ្លាប់ជួប ទោះជាក្រុមមិនឈ្នះពានសូម្បីតែមួយ។


Ronaldo  បានបន្តបង្កើតប្រវត្តិសាស្ត្រនៅក្នុងអាជីព ជាមួយការរកបាន ៥០គ្រាប់នៅទូទាំងការប្រកួតប្រចាំរដូវកាល ២០២៣-២៤ ខណៈបុរសសញ្ជាតិព័រទុយហ្កាល់ក៏ប្តេជ្ញាបន្តនាំក្រុមស្វែងរកពានរង្វាន់ឱ្យខាងតែបាន នៅរដូវកាលក្រោយ។
 
តារាបាល់ទាត់កំពូលវ័យ ៣៩ឆ្នាំ នៅតែអាចរក្សាសមត្ថភាពដ៏ខ្លាំងពូកែដដែល ទោះជាមានវ័យចំណាស់ក៏ដោយ គិតដល់ពេល។ Ronaldo រកបាន ៥០គ្រាប់ ពេញមួយរដូវកាលជាមួយក្រុម Al Nassr ដែលជាកំណត់ត្រាដ៏អស្ចារ្យលើកដំបូង ចាប់តាំងពីធ្លាប់ធ្វើបានកាលពីឆ្នាំ ២០១៦ ពេលដែល Ronaldo លេងជាមួយក្រុម Real Madrid។ មិនត្រឹមតែប៉ុណ្ណោះ Ronaldo ក៏បានបំបែកកំណត់ត្រាកីឡាករដំបូង ដែលស៊ុតគ្រាប់បាល់ច្រើនជាងគេក្នុងមួយរដូវកាលប្រចាំលីគប្រទេសអារ៉ាប៊ីសាអូឌីតទៀតផងដែរ។
 
រកបាន ៣៦គ្រាប់ប្រចាំរដូវកាល Ronaldo ក្លាយជាកីឡាករដំបូងគេលើពិភពលោក ឈ្នះស្បែកជើងមាស នៅលីគកំពូលចំនួន ៤ ផ្សេងគ្នា។
 
ទោះជាខកខានឈ្នះពានរដូវកាលនេះ ប៉ុន្តែប្រធានក្រុមជម្រើសជាតិព័រទុយហ្កាល់ នៅតែចាត់ទុកថាជារដូវកាលល្អបំផុតមួយរបស់ខ្លួនជាមួយនឹង Al Nassr។ «វាពិតជាមានន័យខ្លាំងណាស់ ខ្ញុំរីករាយជាមួយវា។ ពិតណាស់វាជារដូវកាលមួយចំណោមរដូវកាលល្អបំផុតដែលខ្ញុំធ្លាប់មានក្នុងអាជីព ជាមួយគ្រាប់បាល់ និងការបញ្ជូនដូចគ្នា។ និយាយដោយស្មោះត្រង់ វាមានន័យខ្លាំងណាស់ ព្រោះវាជាការងាររបស់ខ្ញុំ ហើយខ្ញុំត្រូវនិយាយដោយស្មោះត្រង់ និងនិយាយថាវាក៏មិនមែនជាអ្វីដែលខ្ញុំបានសម្លឹងតាំងពីដើមរដូវកាលមកផងដែរ ប៉ុន្តែទៅពេលវេលា ខ្ញុំចាប់មើលឃើញពីភាពវិជ្ជមានកើតឡើង។[…]»។ Ronaldo បាននិយាយបែបនេះនៅពេលរូបគេទទួលបានពានរង្វាន់ ជាកីឡាករស៊ុតបញ្ចូលទីច្រើនជាងគេប្រចាំរដូវកាល។
 
Ronaldo មកដល់ពេលនេះរកបានគ្រាប់បាល់ចំនួន ៦៤គ្រាប់ នៅទូទាំងការបង្ហាញខ្លួន ៦៩ប្រកួត សម្រាប់ Al Nassr ប៉ុន្តែក្រុមបានត្រឹមតែបញ្ចប់ចំណាត់ថ្នាក់ជើងឯករង នៅក្នុងពានរង្វាន់ Saudi Pro League និង King Cup Of Champions។ Ronaldo បញ្ចប់ការប្រកួតចុងក្រោយក្នុងរដូវកាលដោយទឺកភ្នែក តែគេបានប្តេជ្ញាថានឹងធ្វើឱ្យកាន់តែបានល្អ នៅក្នុងពេលអនាគត គឺនាំយកពានរង្វាន់សម្រាប់ក្លិប Al Nassr។
 
បន្ទាប់ពីភារកិច្ចក្រុមក្នុងប្រទេសអារ៉ាប៊ីសាអូឌីត ម្ចាស់ពាន Ballon d’Or ៥សម័យ និង Champions League ៥សម័យ ត្រូវបន្តបេសកកម្មដឹកនាំក្រុមជម្រើសជាតិព័រទុយហ្កាល់ ប្រកួតប្រជែងពានរង្វាន់ UEFA Euro 2024។ ប្រធានក្រុមវ័យ ៣៩ឆ្នាំ កំពុងតែសម្លឹងការនាំព័រទុយហ្កាល់ឈ្នះពានអឺរ៉ុបជាថ្មី ខណៈក្រុមកំពុងត្រូវបានគេចាប់អារម្មណ៍ខ្លាំងក្នុងការឈ្នះជើងឯក បន្ទាប់ពីឆ្លងកាត់វគ្គជម្រុះកន្លងមក មិនដែលចាញ់សូម្បីមួយលើក។
 
Cristiano Ronaldo ក៏កំពុងតែរំពៃបង្កើតកំណត់ត្រាបន្ថែមទៀតនៅក្នុងក្រុមជម្រើសជាតិដូចគ្នា ដោយរូបគេនឹងបន្តឈរក្នុងនាមជាកីឡាករដែលលេងឱ្យក្រុមជម្រើសជាតិច្រើនជាងគេ ២០៦ប្រកួត និងរកបានគ្រាប់បាល់ទី ១២៨ ក្នុងអាជីព៕

Tag:
 Cristiano Ronaldo
  Al Nassr
© រក្សាសិទ្ធិដោយ thmeythmey.com