កីឡាអន្តរជាតិ
អន្តរជាតិ
ប្រធានក្លិប Barca ថាការបាត់បង់ជំនឿចិត្តលើក្រុម ទើបធ្វើឱ្យ Xavi ត្រូវចាកចេញ
05, Jun 2024 , 11:29 am        
រូបភាព
លោក Joan Laporta ប្រធានក្លិប Barcelona បានចេញមុខបកស្រាយបញ្ហាដែលបានកើតឡើងរវាងក្លិបជាមួយនឹងអតីតគ្រូបង្វឹក Xavi Hernandez ដែលឈានដល់ការសម្រេចចិត្តបណ្តេញចេញពីតំណែង។ លោក Laporta បញ្ជាក់ថា ការសម្រេចចិត្តបញ្ចប់លោក Xavi ព្រោះតែការបាត់បង់ជំនឿចិត្តទៅលើក្រុម និងបញ្ហាផ្សេងៗក្នុងក្រុមនាពេលកន្លងមក។


Xavi បានដឹកនាំក្រុម Barcelona ជាមួយនឹងកិច្ចសន្យារយៈពេល ៣ឆ្នាំ នៅក្លិបបានចែកផ្លូវជាមួយនឹងលោក Ronald Koeman កាលពីឆ្នាំ ២០២១។ រដូវកាល ២០២៣-២៤ ជារដូវកាលដំបូងរបស់ Xavi បានជួយដឹកនាំក្រុមរហស្សនាមអ្នកមានបុណ្យឈ្នះពានរង្វាន់ La Liga។
 
អ្នកចាត់ការសញ្ជាតិអេស្ប៉ាញ វ័យ ៤៤ឆ្នាំ ត្រូវបានបណ្តេញចេញពីតំណែងកាលពីខែមុន ពោលក្រោយប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីក្លិបបានប្រកាសពីការបន្តដឹកនាំក្លិបមួយរដូវកាលបន្ថែមទៀត របស់អតីតប្រធានក្រុមដែលរួមរស់ជាមួយ Barcelona ក្នុងនាមជាកីឡាកររយៈពេល ១៧ឆ្នាំ។ កន្លងមក Xavi ធ្លាប់មានបញ្ហាជម្លោះផ្ទៃក្នុងជាមួយនឹងក្រុមកីឡាករ ហើយរដូវកាលនេះ លោក មិនបានជួយក្រុមឈ្នះពានអ្វីទាំងអស់។
 
ទោះយ៉ាងណា លោក Laporta ប្រធានក្លិបបានចេញមុខបកស្រាយ ពីការសម្រេចចិត្តបណ្តេញ Xavi ព្រោះតែបុរសវ័យ ៤៤ឆ្នាំ បាត់បង់ជំនឿចិត្តលើក្រុម ហើយការសម្រេចចិត្តលើការបន្តតំណែងគ្មានភាពប្រាកដប្រជា។
 
«Xavi បំពេញការងារបានយ៉ាងល្អ រូបគែបានដឹកនាំក្រុមស្ថិតក្នុងពេលមួយកំពុងជួបបញ្ហាលំបាកដ៏ច្រើន ហើយកាលពីឆ្នាំមុនយើងឈ្នះពានរង្វាន់លីគកំពូល និង Super Cup។​ ប៉ុន្តែឆ្នាំនេះគឺគ្មានអ្វីសោះ ការងារក៏មិនអាចធ្វើទៅបានសម្រេច។ កាលពីខែកុម្ភៈ ខ្ញុំបានទទួលស្គាល់ថា គេគួរតែចាកចេញនៅក្នុងខែមិថុនា ព្រោះតែវានឹងជួយយើងមិនចាំបាច់ត្រូវស្វែងរកអ្នកជំនួសក្នុងពេលមានការប្រកួត ហើយ Xavi ក៏បានស្នើសុំបន្តដឹកនាំ ដូច្នេះយើងក៏ត្រូវផ្តល់ទៅកាន់គាត់។ Xavi ជាវីរបុរសប្រចាំក្លិប ហើយការលះបង់របស់គាត់ធ្វើឱ្យយើងសម្រេចចិត្តសហការជាមួយគ្នាបន្តទៀត។»។ លោក Laporta បាននិយាយប្រាប់បែបនេះ ក្នុងកម្មវិធី Barca One។ 
 
ក្តីយោគយល់គ្នារវាងថ្នាក់ដឹកនាំក្លិប ទៅលើលោក​ Xavi ហាក់បីមានច្រើន បើប្រៀបទៅនឹងគ្រូបង្វឹកក្រុមដទៃដែលធ្វើមិនបានល្អតាំងពីដើមរដូវកាលដូច្នេះ ប៉ុន្តែមានមិនប្រាកដប្រជារបស់ Xavi ចំពោះតំណែង ព្រោះតែក្រុមជួយបញ្ហាច្រើន ធ្វើឱ្យក្លិបត្រូវសម្រេចបណ្តេញចេញ។ លោក Hansi Flick អតីតគ្រូបង្វឹកក្រុម Bayern Munich និងជម្រើសជាតិអាល្លឺម៉ង់ មកជំនួសតំណែងនៅ Barca។
 
លោក Laporta បានបញ្ជាក់បន្ថែមត្រង់ចំណុចនេះថា៖«អំឡុងពេល ដែលគេបានប្តូរចិត្ត ខ្ញុំបានសួរថា តើគាត់មានភាពជឿជាក់លើក្រុមដែរ ឬទេ? គាត់ក៏បានឆ្លើយថាពិតណាស់ គាត់បន្តថាគាត់បានបាត់បង់ភាពជឿជាក់លើក្រុមនេះហើយ។ យ៉ាងណា បន្ទាប់មកមានមតិយោបល់ ដែលគាត់បានផ្លាស់ប្តូរចិត្ត បន្ទាប់ពីការជជែកជាមួយនឹងលោក Deco នាយកផ្នែកកីឡារបស់ក្លិប ទាក់ទង នឹងការផ្លាស់ប្តូរចាំបាច់ចំពោះក្រុម។ រឿងបានធ្វើឱ្យខ្ញុំគិតឡើងវិញ ហើយខ្ញុំបានគិតថាដល់លោក Hansi Flick ដើម្បីស្វែងរកភាពខ្លាំងពូកែកើតចេញពីក្រុមកីឡាករមួយនេះ។»៕

Tag:
 Barcelona
  Joan Laporta
© រក្សាសិទ្ធិដោយ thmeythmey.com