កីឡាអន្តរជាតិ
អន្តរជាតិ
តោកំណាចអង់គ្លេស ពិតជាត្រូវការ Kane នៅ Euro 2024
05, Jun 2024 , 8:39 pm        
រូបភាព
ក្រុមជម្រើសជាតិអង់គ្លេស ពិតជាត្រូវការ Harry Kane ជាចាំបាច់ និង រំពឹងប្រធានក្រុម ជាសះស្បើញពីបញ្ហារបួសខ្នងពេញលេញ ១០០ភាគរយ មុនការប្រកួតព្រឹត្តិការណ៍ UEFA Euro 2024។ នេះជាការលើកឡើងរបស់លោក Gareth Southgate គ្រូបង្វឹកក្រុមអង់គ្លេស។


Harry Kane ខ្សែប្រយុទ្ធក្រុម Bayern Munich កន្លងមករូបគេជួបបញ្ហារបួសខ្នង នៅប៉ុន្មានខែចុងរដូវកាល ២០២៣-២៤។ អំឡុងការប្រកួតមិត្តភាពកម្តៅសាច់ដុំទល់នឹងក្រុមបូស្នី កាលពីថ្ងៃទី៣ ខែមិថុនា កីឡាករខ្សែប្រយុទ្ធវ័យ ៣០ឆ្នាំ បានប្តូរចូលលេងបានត្រឹមតែ ៣០នាទី ប៉ុណ្ណោះ ហើយរូបគេក៏រកបានគ្រាប់ទី៣ ចំណោមជ័យជម្នះលទ្ធផល ៣-០ នោះ។
 
យ៉ាងណា មុនឈានដល់ព្រឹត្តិការណ៍ធំ ធ្វើឡើងនៅប្រទេសអាល្លឺម៉ង់ ពីថ្ងៃទី១៤ ខែមិថុនា​ រហូតដល់ថ្ងៃទី២០ ខែកក្កដា លោក Southgate បានបញ្ជាក់ចំៗថា អង់គ្លេស ត្រូវការឱ្យ Kane ជាសះស្បើយពីរបួសពេញ ១០០ភាគរយតែម្តងមុនព្រឹត្តិការណ៍មក។
 
លោក Southgate បាននិយាយទាក់ទងនឹង Kane ដូច្នេះថា៖«កីឡាករ Toney នឹងស្ថិតក្នុងការប្រកួតថ្ងៃទី៨ ខែមិថុនា ប៉ុន្តែខ្ញុំត្រូវការឱ្យ Harry Kane ជាសះស្បើញធម្មតាផងដែរ។ ដូច្នេះ​ពេលខ្លះ អាទិភាពនៃអ្វីដែលត្រូវការ និងអ្វីដែលអ្នកចង់ឃើញផងដែរ អ្នកមិនអាចសម្រេចបាននូវបំណងទាំងអស់នោះទេ សមញ្ញដូច្នេះ។»។ 
 
ការដាក់ឱ្យ Kane ស្ថិតនៅកៅអីបម្រុង នឹងព្យាយាមឱ្យកីឡាករប្រធានក្រុមជាសះស្បើយពីបញ្ហារបួសខ្នង ជាតម្រូវការចាំបាច់បំផុតសម្រាប់ក្រុមរហស្សនាមតោកំណាចអង់គ្លេស ក្នុងការរក្សាទម្រង់លេងដ៏ល្អមួយដើម្បីប្រជែងពាន Euro 2024។ 
 
លោក Southgate ដដែលបានអះអាងបន្ថែមត្រង់ចំណុចនេះថា ក្រុមអង់គ្លេស ចង់កសាងទម្រង់លេងឱ្យបានខ្លាំង ហើយភាពរឹងមាំនៃកម្លាំងកាយ គឺជារឿងសំខាន់បំផុតសម្រាប់កីឡាករគ្រប់រូប។
 
តោកំណាចអង់គ្លេស នឹងត្រូវចាប់ផ្តើមការប្រកួតពានរង្វាន់ UEFA Euro 2024 នៅថ្ងៃទី១៦ ខែមិថុនា ដោយការប្រកួតបើកឆាកពូល C ទល់នឹងក្រុម ស៊ែប៊ី មុនពេលទៅជួបក្រុមដាណឺម៉ាក់ ថ្ងៃទី២០ ហើយចុងក្រោយក្រុមស្លូវ៉េនី នៅថ្ងៃទី២៦ ខែមិថុនា៕

Tag:
 Harry Kane
  Euro 2024
© រក្សាសិទ្ធិដោយ thmeythmey.com