កីឡាអន្តរជាតិ
អន្តរជាតិ
Maddison ក្នុងចំណោមកីឡាករ៧នាក់ ត្រូវកាត់ឈ្មោះចេញពីក្រុមអង់គ្លេស ទៅ Euro 2024
06, Jun 2024 , 11:39 am        
រូបភាព
លោក Gareth Southgate បានកាត់ឈ្មោះកីឡាករម្នាក់ចេញរួចរាល់ពីការប្រមូលផ្តុំក្រុមជម្រើសជាតិអង់គ្លេស មុន ថ្ងៃទី៧ ខែមិថុនា មកដល់ដែលជាថ្ងៃកំណត់ សម្រាប់ប្រកាសបញ្ជីឈ្មោះកីឡាករផ្លូវការ ២៦នាក់ ចុងក្រោយរបស់ក្រុមនីមួយៗ ទៅកាន់ព្រឹត្តិការណ៍ UEFA Euro 2024។ កីឡាករ James Maddison ជាកីឡាករដែលបានកាត់ចេញដំបូងគេបង្អស់។


មុនការប្រកួតផ្លូវការមកដល់ អង់គ្លេសបានប្រកាសពីការប្រមូលផ្តុំកីឡាករចំនួន ៣៣រូប ហ្វឹកហាត់ត្រៀមសម្រាប់ព្រឹត្តិការណ៍ Euro 2024 ធ្វើឡើងក្នុងប្រទេសអាល្លឺម៉ង់។ អង់គ្លេស នឹងត្រូវធ្វើដំណើរទៅកាន់អាល្លឺម៉ង់ ដោយមានកីឡាករត្រឹម ២៦នាក់ ក្នុងបញ្ជីប៉ុណ្ណោះ ហើយកីឡាករចំនួន ៧នាក់ នឹងត្រូវកាត់ចេញ។
 
គម្រោងរបស់លោក Southgate គ្រូបង្វឹកក្រុមអង់គ្លេស បានបង្ហាញជម្រើសសំខាន់ៗ ដែលហាក់មិនចង់បានកីឡាករដែលកំពុងជួបបញ្ហាធ្លាក់ទម្រង់លេងនៅក្នុងក្រុម រួមមានកីឡាករ Jordan Henderson, Marcus Rashford, Raheem Sterling ហើយចង់នាំយកកីឡាករវ័យក្មេងមួយចំនួនដូចជា Jarell Quansah និង Adam Wharton មកជំនួសវិញ។
 
កាលពីប្រកួតមិត្តភាពទល់នឹងក្រុមបូស្នី កីឡាករវ័យក្មេង Wharton ធ្លាប់បានបង្ហាញសមត្ថភាពដ៏គួរឱ្យចាប់អារម្មណ៍ខ្លាំងមួយពីគ្រូបង្វឹក ហើយមួយវិញទៀតចាប់តាំងពីជំនួបមិត្តនោះរួច អង់គ្លេស បានសម្រេចចិត្តកាត់ចោលកីឡាករម្នាក់ចេញពីជំរុំហ្វឹកហាត់។ លោក Southgate នឹងត្រូវបន្តកាត់ឈ្មោះកីឡាករ ៦នាក់ទៀតចេញពីជម្រើសជាតិអង់គ្លេស បន្ទាប់ពីកីឡាករ James Maddison របស់ក្រុម Tottenham Hotspur ជាកីឡាករដំបូងដែលបានកាត់ចោល។ 
 
Maddison វ័យ ២៧ឆ្នាំ បានបង្ហាញខ្លួនក្នុងការប្រកួតមិត្តភាពយកឈ្នះលើបូស្នីលទ្ធផល ៣-០ ប៉ុន្តែរូបគេនឹងមិនធ្វើដំណើរជាមួយអង់គ្លេស ទៅកាន់ប្រទេសអាល្លឺម៉ង់ឡើយ។ ក្រោយត្រូវកាត់ឈ្មោះចេញភ្លាម កីឡាកររបស់ក្រុម Spurs ធ្លាប់បានបង្ហាញខ្លួនលេងនៅ World Cup 2022 ប្រទេសកាតាជាមួយអង់គ្លេស ក៏បានចាកចេញពីជំរុញហ្វឹកហាត់របស់អង់គ្លេសភ្លាមៗ។
 
ការប្រកួតមិត្តភាពកម្តៅសាច់ដុំចុងក្រោយរបស់អង់គ្លេស មុនការប្រកួតព្រឹត្តិការណ៍ Euro 2024 មកដល់ ពួកគេនឹងត្រូវប្រកួតតទល់នឹងក្រុមអ៊ីស្លង់ ដែលធ្វើឡើងនៅថ្ងៃទី៧ ខែមិថុនា ក្នុងកីឡដ្ឋាន Wembley។​ បន្ទាប់ពីការប្រកួតទល់អ៊ីស្លង់រួច អង់គ្លេស នឹងប្រកាសបញ្ជីឈ្មោះកីឡាករ ២៦នាក់ ជាផ្លូវការ ហើយក៏នឹងធ្វើដំណើរទៅកាន់ប្រទេសអាល្លឺម៉ង់តែម្តង៕

Tag:
 អង់គ្លេស
  Euro 2024
© រក្សាសិទ្ធិដោយ thmeythmey.com