ច្បាប់ / សិទិ្ធមនុស្ស / តុលាការ
ជាតិ
សង្គមជាតិ
ក្រសួងយុត្តិធម៌ ណែនាំឱ្យតុលាការអនុវត្តច្បាប់ឱ្យម៉ឺងម៉ាត់លើសំណុំរឿងក្មេងទំនើង
06, Jun 2024 , 2:39 pm        
រូបភាព
ភ្នំពេញ៖ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានដឹកនាំកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំតុលាការទូទាំងប្រទេស ដើម្បីណែនាំអំពីការអនុវត្តវិធានការច្បាប់ឱ្យបានម៉ឺងម៉ាត់ ក្នុងសំណុំ រឿងដែលពាក់ព័ន្ធនឹងក្មេងទំនើង។ នេះបើតាមការចេញផ្សាយរបស់ក្រសួងយុត្តិធម៌។
 
កិច្ចប្រជុំនេះរៀបចំឡើងនៅថ្ងៃទី៥មិថុនានេះ រៀបចំឡើងដើម្បីណែនាំថ្នាក់ដឹកនាំតុលាការ ចាត់វិធានឱ្យបានតឹងរឹង​លើ​សំណុំរឿងក្មេងទំនើង ដើម្បីរួមចំណែកក្នុងកិច្ចការបង្ការនៃ​ការ​ទប់ស្កាត់សកម្មភាព​របស់​ក្រុមក្មេងទំនើង ​ដែលនឹងជួយធានាសុវត្ថិភាពជូនពលរដ្ឋ រក្សា​សណ្តាប់ធ្នាប់សាធារណៈ សន្តិសុខសង្គម និងសេចក្តី​ថ្លៃថ្នូរ​របស់សង្គមជាតិ។
ករណីសំណុំរឿងក្មេងទំនើង ត្រូវបានរដ្ឋមន្ត្រីយុត្តិធម៌ចាត់ទុកជាសំណុំរឿងអាទិភាព។ នៅ​ក្នុង​កិច្ចប្រជុំនេះ លោក កើត រិទ្ធ បានសង្កត់ធ្ងន់យ៉ាងដូច្នេះ៖«ការបង្កើតក្រុមការងារ​តាម​ដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តវិធានការច្បាប់ នៅក្នុងសំណុំរឿងក្មេងទំនើង ក៏​ដូចជា សំណុំរឿងគ្រឿងញៀន, សំណុំរឿងចរាចរណ៍ និងសំណុំរឿងអត្រានុកូលដ្ឋាន ដែល​សុទ្ធ​សឹងជាសំណុំរឿងអាទិភាព នៅក្នុងក្របខ័ណ្ឌនៃយុទ្ធនាការជំរុញ​និងពន្លឿន​ការដោះស្រាយរឿងក្តីនៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យ​និងដោះស្រាយភាព​មិនប្រក្រតីនៅតាមតុលាការ»។ 
 
លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌។ រូបពីក្រសួងយុត្តិធម៌

កាលពីថ្ងៃទី៤មិថុនា លោក កើត រិទ្ធ ក៏បានសម្រេចបង្កើតក្រុមការងារតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តយុទ្ធនាការជុំរុញនិងពន្លឿនការដោះស្រាយរឿងក្ដីនៅតុលាការ និង​យុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតី នៅតាមតុលាការ (ក.ត.វ)។ លោក ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការជាប្រធានក្រុមការងារនេះ។​
 
ទាក់ទិននឹងករណីក្មេងទំនើង បច្ចុប្បន្ននេះ សមត្ថកិច្ចតាមបណ្ដារាជធានី ខេត្ត បានចុះ​បង្ក្រាប​ក្មេងទំនើងជាបន្តបន្ទាប់ ដោយខ្លះអប់រំ ហើយយខ្លះរៀបចំសំណុំរឿងពួកគេទៅ​តុលាការ។ បើតាមក្រសួងព័ត៌មាន រយៈពេល៦ខែនេះ សមត្ថកិច្ចបានបង្ក្រាបសកម្មភាព​ក្មេងទំនើង ប្រមាណ ៨០០ករណី ពោលគឺកើនឡើង២០០ករណី បើធៀបនឹងឆ្នាំ២០២៣។ ប្រតិបត្តិការបង្ក្រាបនេះ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនក្មេងទំនើង ប្រមាណ២ ០០០នាក់ ក្នុងនោះ១ ៥០០នាក់ ត្រូវបានសមត្ថកិច្ចអប់រំ ធ្វើកិច្ចសន្យា និងប្រគល់ទៅអាណាព្យាបាល​វិញ។ យ៉ាងណាក៏ដោយ មានក្មេងទំនើងជាង៤០០នាក់ ត្រូវបានបញ្ជូនទៅតុលាការ ដោយសង្ស័យថា ពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន និងបទល្មើសព្រហ្មទណ្ឌ៕ 
 

Tag:
 តុលាការ
  យុត្តិធម៌
  ក្មេងទំនើង
© រក្សាសិទ្ធិដោយ thmeythmey.com