កីឡាអន្តរជាតិ
អន្តរជាតិ
FIFA រងការព្រមានបញ្ហាសិទ្ធិមនុស្ស ជុំវិញការដេញថ្លៃ World Cup ឆ្នាំ ២០៣០ និង ២០៣៤
06, Jun 2024 , 3:49 pm        
រូបភាព
អង្គការលើកលែកទោសអន្តរជាតិ (Amnesty International) ព្រមានសហព័ន្ធបាល់ទាត់អន្តរជាតិ (FIFA) ត្រូវតែធានាឱ្យបានហ្មត់ចត់ និងមានតម្លាភាព ទៅលើការដេញថ្លៃធ្វើជាម្ចាស់ផ្ទះ FIFA World Cup បុរស ឆ្នាំ ២០៣០ និង ២០៣៤ ក្នុងគោលបំណង ការពារសិទ្ធិមនុស្ស។


បើតាមរបាយការណ៍ថ្មីមួយបង្ហាញថា អង្គការ AI បានទទូចទៅកាន់ ស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោកថា រាល់ករណីដែលសិទ្ធិមនុស្សត្រូវបានគំរាមកំហែង ឬរំលោភបំពាន​ ក្នុងប្រទេសដែលធ្វើម្ចាស់ផ្ទះ World Cup ឆ្នាំ ២០៣០ និង ២០៣៤ នោះ FIFA នឹងត្រូវតែបញ្ចប់កិច្ចព្រមព្រៀងរៀបចំការប្រកួតរបស់ពួកគេតែម្តង។ 
 
កាលពីឆ្នាំ ២០២៣ FIFA បានបញ្ជាក់ថា ប្រទេសអេស្ប៉ាញ ព័រទុយហ្កាល់ និងម៉ារ៉ុក នឹងរៀបចំការប្រកួតពានរង្វាន់ World Cup ឆ្នាំ ២០៣០ ដោយការប្រកួតបើកឆាកចំនួន ៣ ដំបូងនៃព្រឹត្តិការណ៍ នឹងធ្វើឡើងនៅប្រទេសអ៊ុយរូហ្គាយ អាហ្សង់ទីន និងប៉ារ៉ាហ្កាយ ដែលជាការគម្រប់ខួប ១០០ឆ្នាំ នៃការបង្កើតពានរង្វាន់បាល់ទាត់ពិភពលោក។ ប្រទេសអារ៉ាប៊ីសាអូឌីត ជាម្ចាស់ផ្ទះ World Cup ឆ្នាំ ២០៣៤។ 
 
កន្លងមក FIFA ក៏បានអះអាងទៀតថា ម្ចាស់ផ្ទះ World Cup ជាបន្តបន្ទាប់បានប្តេជ្ញាចិត្តយ៉ាងមុតមាំ ទៅលើការការពារ ការលើកកម្ពស់សិទ្ធិមនុស្ស និងស្តង់ដារនិរន្តភាព ដែលត្រូវទទួលស្គាល់ដោយសហគមន៍អន្តរជាតិ នៅពេលរៀបចំការប្រកួត។ តែយ៉ាងណា អង្គការ AI បារម្ភថាប្រទេសអារ៉ាប៊ីសាអូឌីត អាចនឹងប្រឈមនឹងបញ្ហាសិទ្ធិមនុស្សខ្លាំង ព្រោះប្រទេសស្ថិតក្នុងតំបន់មជ្ឈិមបូព៌ាមួយនេះ មានកំណត់ត្រាបញ្ហាសិទ្ធិមនុស្សខ្លាំងបំផុត។
 
មិនតែប៉ុណ្ណោះ ក្រុមប្រទេសម្ចាស់ផ្ទះ World Cup ឆ្នា ២០៣០ ក៏រងការព្រមានផងដែរ នូវហានិភ័យសិទ្ធិមនុស្សទាក់ទងជាចម្បងនឹងសិទ្ធិការងារ ការរើសអើង សេរីភាពបញ្ចេញមតិ និងការជួបជុំ បញ្ហាមន្រ្តីប៉ូលិស ឯកជនភាព និងកត្តាលំនៅដ្ឋាន។
 
ចាប់ពីការប្រកួត World Cup ឆ្នាំ ២០២៦ ដែលមានការបង្កើនក្រុមឡើងដល់ចំនួន ៤៨ក្រុម ការប្រកួតត្រូវបានពង្រីកកាន់ធំឡើង ខណៈចំនួនអ្នកគាំទ្រក៏នឹងកើនឡើងខ្លាំងដូចគ្នា​ ដូច្នេះបញ្ហាចំនួនមនុស្ស ទីកន្លែងស្នាក់នៅ កត្តាសុវត្ថិភាពក៏ត្រូវទាមទារឱ្យបានកាន់តែខ្លាំងឡើងដូចគ្នា។ រឿងរ៉ាវទាំងនេះសុទ្ធសឹងតែជាក្តីបារម្ភរបស់សមាគម ឬអង្គការនានាលើពិភពលោក តែងលើកឡើងមកយកពិភាក្សា ព្រោះតែការប្រមូលផ្តុំច្រើន នឹងបង្កឱ្យមានបញ្ហាជាច្រើនទាក់ទងនឹងសិទ្ធិមនុស្សកើតឡើង។ 
 
កាលពីឆ្នាំ ២០២២ ដែលប្រទេសកាតាធ្វើជាម្ចាស់ផ្ទះ ប្រទេសតំបន់មជ្ឈិមបូព៌ាមួយនេះ បានរងការរិះគន់យ៉ាងខ្លាំងទៅលើបញ្ហាសិទ្ធិមនុស្ស ការរំលោភបំពានសិទ្ធិកម្មករសាងសង់កីឡដ្ឋាន សិទ្ធិស្ត្រី សិទ្ធិអ្នកស្រលាញ់ភេទដូចគ្នា ក៏ដូចជាកុមារជាដើម។ ប៉ុន្តែទោះមានការរិះគន់ខ្លាំង កាតា នៅតែត្រូវបាន FIFA ធ្វើជាខ្នងបង្អែករហូតអាចរៀបចំការប្រកួត ដោយរកឃើញក្រុមអាហ្សង់ទីនជាម្ចាស់ពាន World Cup 2022៕

Tag:
 FIFA
  World Cup
© រក្សាសិទ្ធិដោយ thmeythmey.com