កីឡាអន្តរជាតិ
អន្តរជាតិ
កីឡាករបាល់ទាត់វៀតណាម ៦រូប ត្រូវចាប់ខ្លួន ករណីកំណត់លទ្ធផលប្រកួត
07, Jun 2024 , 8:29 am        
រូបភាព
កីឡាករបាល់ទាត់វៀតណាមចំនួន ៦រូប ត្រូវបានចាប់ខ្លួន​ក្រោមបទចោទ រៀបចំលទ្ធផលទុកមុន ក្នុងការប្រកួតពានរង្វាន់លីគទី២ របស់វៀតណាម V-League 2 រវាងក្រុម SHB Da Nang និងក្រុម Dong Nai។


មន្ត្រីប៉ូលិសក្នុងខេត្ត Ba Ria-Vung Tau នៅថ្ងៃទី៦ ខែមិថុនា បានឃាត់ខ្លួនកីឡាករបាល់ទាត់ចំនួន ៦នាក់ ដោយមិនបញ្ចេញឈ្មោះ ហើយចំណោមទាំង ៦នាក់នោះ មានចាប់ពីវ័យ ២០ឆ្នាំ ដល់ ៣០ឆ្នាំ ក្រោមបទចោទលេងល្បែងស៊ីសង និងរៀបចំលទ្ធផលការប្រកួត។ ការចាប់ខ្លួនធ្វើឡើង ក្រោយពេលការស៊ើបអង្កេត រយៈពេល ៦ខែ បន្ទាប់ពីរកឃើញភាពមិនប្រក្រតី ក្នុងការប្រកួតរវាងក្លិប Ba Ria-Vung Tau និង SHB Da Nang កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ ២០២៣ ហើយការប្រកួតនោះ Ba Ria-Vung Tau ចាញ់ក្នុងលទ្ធផល ៣-១។
 
កីឡាករចំនួន ៥ ចំណោម ៦នាក់ គឺជាកីឡាករលេងនៅក្នុងក្រុម Ba Ria-Vung Tau ដោយមានកីឡាករចាំទីមួយរូប ខ្សែបម្រើ ៣រូប និងខ្សែប្រយុទ្ធ ១រូប ហើយពួកគេមិនបានបញ្ចេញសមត្ថភាពលេងអស់ពីចិត្ត ដែលពួកគេអាចធ្វើទៅបានឡើយ។ កីឡាករទាំងអស់នោះ បានភ្នាល់ល្បែងទៅខាងក្រុមគូប្រជែង នៅលើគេហទំព័រល្បែងអនឡាញ។ ពួកគេត្រូវបានដាក់ឱ្យស្ថិតក្រោមការស៊ើបអង្កេតនៅថ្ងៃទី១ ខែកុម្ភៈ។
 
តាមរយៈការស៊ើបអង្កេត បង្ហាញថា អំឡុងការប្រកួតរវាង Ba Ria-Vung Tau និង Dong Nai នាថ្ងៃទី២៤ ខែវិច្ឆិកាឆ្នាំ ២០២៣ ក្រុមកីឡាករទាំងអស់ ត្រូវបានគេឃើញធ្វើតាមកាយវិការរបស់មនុស្សម្នាក់ដែលនៅអង្គុយកៅអីស្ថិតក្នុងនាមជាអ្នកទស្សនាការប្រកួត។ បន្ទាប់ពីបរាជ័យលទ្ធផល ២-០ ក្នុងការប្រកួតនោះ កីឡាករម្នាក់ៗទទួលបានប្រាក់ប្រមាណ ២៤លានដុង (១ពាន់ដុល្លារ)។ 
 
ការប្រកួតលីគលំដាប់ទី២ V-League 2 រួមសហការជាមួយនឹងស្ថាប័នបាល់ទាត់អាជីពវៀតណាម (​Vietnam Professional Football) មានក្រុមចំនួន ១១ ប្រកួតប្រជែង ហើយបន្ទាប់ពីឆ្លងកាត់ ១៧ប្រកួត ក្លិប Ba Ria-Vung Tau គឺជាក្រុមស្ថិតនៅចំណាត់ថ្នាក់លេខ ៧ រកបាន ២០ពិន្ទុ។
 
ក្លិប ​Ba Ria-Vung Tau ជាក្លិបបានបង្កើតឡើងពីឆ្នាំ ១៩៩១ ប៉ុន្តែក៏បានរំសាយវិញនៅក្នុងឆ្នាំ ១៩៩៧។ វិលត្រលប់ក្នុងឆ្នាំ ២០០៦ គណៈកម្មាធិការប្រជាជនខេត្តបានអនុម័តគម្រោងបាល់ទាត់់របស់ខ្លួន នឹងបង្កើតក្រុមឡើងវិញ៕

Tag:
 វៀតណាម
  បាល់ទាត់
© រក្សាសិទ្ធិដោយ thmeythmey.com