ជាតិ
វីដេអូ
កុមារនៅស្ទឹងសែន នឹងមានសៀវភៅអានដល់ផ្ទះតាមរយៈបណ្ណាល័យចល័តលើទូក
07, Jun 2024 , 8:59 pm        
រូបភាព
កំពង់ធំ៖ អង្គការស៊ីប៉ា បានបង្កើតបណ្ណាល័យចល័តលើទូក ដើម្បីឱ្យកុមារនៅលើសហគមន៍បណ្ដែតទឹកតាមស្ទឹងសែន ទទួលបានការអប់រំប្រសើរជាងមុន។ បណ្ណាល័យចល័តនេះ នឹងធ្វើដំណើរទៅតាមភូមិ នៅឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ បណ្ណាល័យចល័តលើទូកនេះ នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការបំប៉នកុមារ ដើម្បីបង្ការការត្រួតថ្នាក់ និងបោះបង់ការសិក្សា។


«ប្រជានេសាទ ជាពិសេសប្រជាជននៅឃុំផាត់សណ្ដាយ ទទួលបានការអប់រំមិនស្មើគ្នា ដូចអ្នកនៅទីប្រជុំជន និងក្បែរផ្លូវជាតិទេ។ អ៊ីចឹង គាត់នៅតំបន់ឆ្ងាយ ដូច្នេះគាត់ខ្វះឳ​កាស ទទួលបានការអប់រំ និងសម្ភារៈសិក្សាល្អៗតិចជាងប្រជាជន ដែលនៅក្បែរទីប្រជុំជន។» លោក ហុក សុទ្ធិ នាយកអង្គការស៊ីប៉ា ថ្លែងដូច្នេះ។ 
 
លោក ហុក សុទ្ធិ បញ្ជាក់ថា ការជ្រើសយកឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ ដើម្បីផ្ដល់បណ្ណាល័យចល័តនេះ ព្រោះថា ឃុំផាតសណ្ដាយ មានអ្នករស់នៅលើទឹកច្រើន ដែលប្រកបរបរនេសាទ។ នារដូវប្រាំង ផ្ទះបណ្ដែតទឹករបស់សហគមន៍ នឹងកាន់តែស្ថិតនៅឆ្ងាយពីសាលារៀន។ បណ្ណាល័យចល័តនេះ នឹងផ្ដល់ការអប់រំបន្ថែមដល់ក្មេងៗនៅតាមភូមិ ដែលអាចជួយឱ្យពួកគេមានចំណេះដឹង និងអាចគេចផុតពីរបរនេសាទ។ 
 
តាមស្ថិតិរបស់អង្គការស៊ីប៉ា នៅឃុំផាត់សណ្ដាយ មានកុមារសរុបជាង ៩០០នាក់។ អង្គការស៊ីប៉ា បង្កើតបណ្ណាល័យចល័ត ដើម្បីនាំយកសៀវភៅជាច្រើន ឱ្យកាន់តែកៀកនឹងកុមារ ដែលមានឳកាសសិក្សាតិច។ កុមារងាយរងគ្រោះ និងងាយបោះបង់ការសិក្សា នឹងទទួលបានការអប់រំបន្ថែម និងកាន់តែចង់សិក្សាជាងមុន។ ជាមួយគ្នានេះ អង្គការស៊ីប៉ា ក៏អប់រំឪពុកម្ដាយពីតម្លៃនៃការអប់រំ និងបញ្ហាសុខភាព៕ 

Tag:
 បណ្ណាល័យចល័ត
  ស៊ីប៉ា
  ទន្លេសែន
© រក្សាសិទ្ធិដោយ thmeythmey.com