ជាតិ
ជាង៣០ឆ្នាំ សាលាភូមិន្ទរដ្ឋបាលបណ្តុះបណ្តាលមន្ត្រីជិត​២៤០០០អង្គ/នាក់
10, Jun 2024 , 10:50 am        
រូបភាព
ដោយ: រួបរួម
សាលាភូមិន្ទរដ្ឋបាល បាន​បណ្តុះបណ្តាល​មន្ត្រីរាជការទាំងវគ្គសិក្សា​រយៈពេល​វែង និង​ខ្លី ជិត​២៤០០នាក់ បើគិត​ចាប់តាំងពី​ឆ្នាំ​១៩៩២ ដល់​ឆ្នាំ​២០២៣។ នេះបើ​របាយការណ៍​ដែល​បង្ហាញដោយ​លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រី​ក្រសួងមុខងារ​សាធារណៈក្នុង​ពិធី​បិទវគ្គ​បណ្តុះបណ្តាល​ឆ្នាំ២០២៣ និង​បើកវគ្គ​ថ្មី​សម្រាប់ឆ្នាំ២០២៤ ក្រោមអធិបតភាពសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នាព្រឹកថ្ងៃទី​១០ ខែមិថុនា។
 
ជាគ្រឹះស្ថាន​បណ្តុះបណ្តាល​សាធារណៈ សាលាភូមិន្ទរដ្ឋបាល មាន​បេសកកម្ម​ពិសេស​ក្នុងការ​គាំទ្រដល់ការអភិវឌ្ឍធនធានមនុស្ស តាម​គោលនយោបាយ​របស់រដ្ឋាភិបាល ដែលក្នុងនោះមាន​ ការ​ជ្រើសរើស និងបណ្តុះបណ្តាលសិស្សមន្ត្រីជាន់ខ្ពស់ និងក្រមការ, ការ​រៀបចំផ្តល់ការបណ្តុះបណ្តាលបន្តតាមរយៈវគ្គវិក្រឹតការ ជំនាញរយៈពេលខ្លី សន្និសីទ សិក្ខាសាលា ការរៀបចំកម្មវិធីចែករំលែកចំណេះដឹង បទពិសោធពាក់ព័ន្ធវិស័យសាធារណៈ និង ធ្វើការសិក្សាស្រាវជ្រាវ ចងក្រង និងផ្សព្វផ្សាយនវានុវត្តន៍ និងឧត្តមានុវត្តលើផ្នែកគោលនយោបាយសាធារណៈ ការគ្រប់គ្រងសាធារណៈ រដ្ឋបាល សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងទំនាក់ទំនងអន្តរជាតិ។
 
បើតាម​លោក ហ៊ុន ម៉ានី នារយៈពេល​ជាង​៣០​ឆ្នាំកន្លងមកនេះ ពោលចាប់ពីឆ្នាំ១៩៩២ ដល់​ឆ្នាំ២០២៣ សាលាភូមិន្ទ​រដ្ឋបាល សម្រេចបាននូវការបណ្តុះបណ្តាលមន្រ្តីរាជការ ទាំងវគ្គសិក្សារយៈពេល​វែង និងវគ្គសិក្សារយៈពេលខ្លី សរុបចំនួន ២៣,៨១៨នាក់ (នារី ៥,០១៧នាក់)។ សិស្សទាំងនោះ មាន​សមាសភាពជា​មន្ត្រីជាន់ខ្ពស់ មន្ត្រីក្រមការ កម្ម​សិក្សាការីមន្ត្រីជាន់ខ្ពស់ មន្ត្រីមធ្យម មន្ត្រីគ្រប់គ្រង​រដ្ឋបាល និង​មន្ត្រី​ក្របខណ្ឌថ្មី តាមបណ្តាក្រសួង​ ស្ថាប័ន។
 
កាលពីឆ្នាំ២០២៣ កន្លងមក សិស្សសរុបចំនួន​៧៩៤អង្គ/នាក់ (ស្រី​១៨៩នាក់) បាន​ទទួល​សញ្ញាបត្រ និង​វិញ្ញាបនបត្រ ដោយ​ក្នុងនោះ សិស្សមន្ត្រីជាន់ខ្ពស់ ជំនាន់ទី១២ «កម្ពុជាក្នុងបេះដូងខ្ញុំ» ចំនួន ៩២នាក់, សិស្សមន្ត្រីក្រម​ការ ជំនាន់ទី១០ «ប្រជាជាតិជាចម្បង» ១១៥នាក់, កម្ម​សិក្សា​ការីមន្ត្រីជាន់ខ្ពស់១៨៥នាក់, កម្មសិក្សាការីមន្ត្រីមធ្យម ៣០៧នាក់, កម្មសិក្សាការីមន្ត្រីគ្រប់គ្រងរដ្ឋបាល ៧៥នាក់ និងកម្មសិក្សាការីមន្ត្រីក្រមការ ២០នាក់។



សម្រាប់ឆ្នាំ២០២៤ សាលាភូមិន្ទរដ្ឋបាលបានបើកវគ្គបណ្តុះបណ្តាលបន្តសម្រាប់​កម្ម​សិក្សាការី មន្ត្រីជាន់ខ្ពស់, មន្ត្រីគ្រប់គ្រងរដ្ឋបាល, មន្ត្រីមធ្យម, មន្ត្រីក្រមការ ដែលមាន​ចំនួនសរុប ៣៩៣អង្គ/នាក់ (នារី ៨២នាក់)។ ក្រៅពីនេះ ក៏មាន​ការ​បណ្តុះបណ្តាលតម្រង់ទិសមន្ត្រីក្របខណ្ឌថ្មី, រដ្ឋបាល​ថ្នាក់ក្រោមជាតិ, វគ្គខ្លី និង​វគ្គផ្សេងៗទៀតក្នុងក្របខណ្ឌជាមួយក្រសួង-ស្ថាប័នថ្នាក់ជាតិ គ្រឹះស្ថានបណ្តុះ​បណ្តាល​អន្តរជាតិ និងដៃគូអភិវឌ្ឍផងដែរ។
 
លោក ហ៊ុន ម៉ានី បាន​បញ្ជាក់ថា ក្នុងចំណោមការបណ្តុះបណ្តាលរយៈពេលខ្លី សាលាភូមិន្ទរដ្ឋបាលបានរៀបចំវគ្គ​បណ្តុះ​បណ្តាលពិសេសចំនួន៣ ក្នុងត្រីមាសទី១ ឆ្នាំ២០២៤ មានដូចជា វគ្គ​​បណ្តុះ​​បណ្តាលថ្នាក់ដឹកនាំ និងគ្រប់គ្រងនៃក្រសួង-ស្ថាប័ន (សម្រាប់តំណែងរដ្ឋលេខា​ធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង រហូតដល់ប្រធាន​នាយកដ្ឋាន ឬតំណែង​ប្រហាក់ប្រហែល), វគ្គបណ្តុះបណ្តាលមន្ត្រី​ខុទ្ទកាល័យ​របស់ក្រសួង-ស្ថាប័ន និង​វគ្គ​បណ្តុះបណ្តាលថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរមុខងារសាធារណៈរាជធានី-ខេត្ត។
 
«វគ្គបណ្តុះបណ្តាលទាំងនេះ ត្រូវបានរៀបចំឡើងដើម្បីគាំទ្រដល់ការបំពេញតួនាទី និង​ភារកិច្ចរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ដែលទើបចូលកាន់មុខតំណែងនៅតាម​ក្រសួង ស្ថាប័ន និងការបំពេញការងារថ្មីៗ នៅដើមនីតិកាលទី៧ នៃរដ្ឋសភា»។ នេះជាការ​បញ្ជាក់របស់រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ។
  


សាលាភូមិន្ទរដ្ឋបាលត្រូវបានបង្កើតឡើងជាលើកដំបូងក្នុងប្រវត្តិសាស្រ្តនាឆ្នាំ១៩៥៦ តាមព្រះរាជ​គំនិតផ្តួចផ្តើមរបស់សម្តេចព្រះវររាជបិតា ព្រះករុណាព្រះបាទ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ។ តាម​ឯកសារ​ដែលផ្សាយនៅ​លើ​គេហទំព័រ​សាលាផ្ទាល់ ទោះបីសាលាភូមិន្ទរដ្ឋបាលត្រូវបានបង្កើតនៅឆ្នាំ១៩៥៦ ក៏ពិតមែន តែវាមិនមែនជាគ្រឹះស្ថានទីមួយនៃជំនាញរដ្ឋបាល នៅកម្ពុជានោះទេ ព្រោះថានៅទីក្រុងប៉ារីសនាឆ្នាំ ១៨៨៦ អាជ្ញាធរបារាំងបានបើកសាលាមួយ ឈ្មោះសាលាបេសកកម្មខ្មែរ ដែលមានយុវជនខ្មែរចំនួនប្រមាណជាង១០នាក់ ទៅសិក្សាពីរដ្ឋបាលតាមវិធីនិងគំនិតបែបបស្ចិមប្រទេស។ រយៈពេល៣ ឆ្នាំ ក្រោយមក សាលានេះបានប្រែក្លាយជាសាលាអាណានិគម។
 
ចំណែកនៅកម្ពុជាវិញ ដោយការរីកដុះដាលផ្នែករដ្ឋបាលតម្រូវឲ្យមានមន្រ្តីរដ្ឋបាលថ្នាក់មធ្យមច្រើន ទើបគេឃើញ មានការបង្កើតសាលាក្រមការ នៅឆ្នាំ១៩១៤ សម្រាប់បណ្តុះបណ្តាលមន្រ្តី។ សាលានេះបានប្រែឈ្មោះជា សាលារដ្ឋបាលតុលាការខ្មែរវិញនៅឆ្នាំ១៩១៧ សម្រាប់បណ្តុះបណ្តាលអ្នករាជការក្នុងក្រុមរដ្ឋបាលផង ក្នុងក្រុមតុលាការផង ប៉ុនែ្តត្រូវបានបិទទ្វារវិញ នៅឆ្នាំ១៩៤៨-១៩៤៩។ 
 
ក្រោយពីកម្ពុជាទទួលបានឯករាជ្យនៅឆ្នាំ១៩៥៣ វិបត្តិខាងវិស័យរដ្ឋបាលដ៏ធ្ងន់ធ្ងរមួយបានផ្ទុះឡើងដោយសារមូលហេតុសំខាន់ៗពីរ ដោយសារអតីតមន្រ្តីជនជាតិបារាំងត្រូវត្រឡប់ទៅប្រទេសបារាំងវិញ និងម្យ៉ាងទៀត ដើម្បីកាន់កាប់ការងារជាច្រើនសម្រាប់រដ្ឋឯករាជ្យថ្មី ភ្នាក់ងាររដ្ឋបាល និងមន្រ្តីរាជការជាច្រើនត្រូវបានជ្រើសរើសនិងតែងតាំងទៅតាមមុខតំណែងផ្សេងៗ។ ជាងនេះទៅទៀត ការជ្រើសរើសដាច់ពីគ្នាដោយក្រសួងថ្មីៗនីមួយៗ បានបង្កឲ្យរដ្ឋបាលខ្មែរមានការខណ្ឌដាច់ពីគ្នា និងនៅផ្តុំគ្នាជាដុំៗមិនមានការបែងចែក ហើយការបណ្តុះបណ្តាលមិនមានភាពរលូនដែលធ្វើឲ្យប៉ះពាល់ដល់អំណាចនិងការឯកភាពរបស់រដ្ឋទៀតផង។
 


ដើម្បីដោះស្រាយបញ្ហាប្រឈម ក្រោមព្រះរាជតម្រិះផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់សម្តេចព្រះនរោត្តមសីហនុ ព្រះបរមរតនកោដ្ឋ សាលាភូមិន្ទរដ្ឋបាលបានត្រូវបង្កើតដាច់ចេញពីវិទ្យាស្ថាន។ គំនិតផ្តួចផ្តើមនេះអាចសម្រេចទៅបានដោយសារការផ្តល់យោបល់របស់នាយកសាលាជាតិរដ្ឋបាលបារាំង និងការជួយជ្រោមជ្រែងជាប្រចាំពីអាជ្ញាធរខ្មែរ ព្រមទាំងការគាំទ្ររបស់បេសកកម្មជំនួយសេដ្ឋកិច្ច និងបច្ចេកទេសបារាំងប្រចាំនៅកម្ពុជា ពីមូលនិធិអាស៊ី និងផែនការកូឡុំបូ។
 
ចាប់តាំងពីការបង្កើតសាលាភូមិន្ទរដ្ឋបាល សាលាបានផ្លាស់ប្តូរឈ្មោះជាច្រើនលើកច្រើនសារ ដោយសារបញ្ហាសង្រ្គាមផ្ទៃក្នុង និងនយោបាយមិនច្បាស់លាស់ ហើយសាលាបានឆ្លងកាត់ដំណាក់កាលសំខាន់ៗដូចជា សាលាក្រមការ (ឆ្នាំ១៩១៤), សាលារដ្ឋបាល និងយុត្តិធម៌កម្ពុជា (ឆ្នាំ១៩១៧)។
 
ពីឆ្នាំ១៩៥៦ ដល់​ឆ្នាំ១៩៦៥ ព្រះបាទ នរោត្តម សុរាម្រិត បាន​សម្ពោធ​ក្រោម​ឈ្មោះជា​សាលាភូមិន្ទ​រដ្ឋបាល ប៉ុន្តែបានប្តូរឈ្មោះទៅជា​សាលាជាតិ​រដ្ឋបាលវិញ ក្រោម​របបសាធារណរដ្ឋខ្មែរពីឆ្នាំ១៩៧២ ដល់ឆ្នាំ១៩៧៥។ ក្រោយ​របប​ខ្មែរក្រហម សាលាមានឈ្មោះថា សាលាកម្មាភិបាលរដ្ឋបាល និងនីតិសាស្ត្រ នៃសម័យ​សាធារណរដ្ឋប្រជាមានិតកម្ពុជា ពីឆ្នាំ​១៩៨២ ដល់​ឆ្នាំ​១៩៨៥។
 
ពី​ឆ្នាំ​១៩៩៣ ដល់​ឆ្នាំ​១៩៩៤ សាលាជាតិ​រដ្ឋបាល បាន​ក្លាយជាសាលាភូមិ​ន្ទរដ្ឋបាលវិញ ។ ពីឆ្នាំ១៩៩៥ ដល់​ឆ្នាំ២០១៣ សាលានេះ ស្ថិតក្រោម​ទីស្តីការគណៈរដ្ឋមន្ត្រី ហើយ​ចាប់តាំងពីឆ្នាំ២០១៣មក សាលាត្រូវដាក់ឱ្យស្ថិតក្រោមឱវាទក្រសួងមុខងារសាធារណៈ វិញ៕

Tag:
 ភូមិន្ទរដ្ឋបាល
© រក្សាសិទ្ធិដោយ thmeythmey.com