ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្តេច ហ៊ុន ម៉ាណែត ឱ្យមន្ត្រីចេះសហការគ្នា ទោះមានជំនាញខុសគ្នា និងកាតព្វកិច្ចរៀងៗខ្លួនក៏ដោយ
10, Jun 2024 , 12:11 pm        
រូបភាព
ដោយ: រួបរួម
សម្តេច ហ៊ុន ម៉ាណែត ណែនាំដល់រដ្ឋបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ នៃបណ្តាក្រសួង ស្ថាប័ន ឱ្យគោរពតាមក្រមប្រតិបត្តិក្នុងការសហការគ្នា ដើម្បីកុំឱ្យមានភាពច្របូកច្របល់ពេលអនុវត្តការងារ។ ប្រមុខរដ្ឋាភិបាល បានលើកឡើងពីចំណុចនេះ នាពិធីបិទវគ្គបណ្តុះបណ្តាលឆ្នាំ២០២៣ និងបើកវគ្គឆ្នាំ២០២៤ របស់សាលាភូមិន្ទរដ្ឋបាល នៅព្រឹកថ្ងៃទី១០ ខែមិថុនា។


សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា មន្ត្រីរដ្ឋបាលសាធារណៈ មិនខុសពីកងកម្លាំងប្រដាប់អាវុធនោះឡើយ ដែលចាំបាច់ត្រូវចេះធ្វើការជាក្រុម ជាលក្ខណៈពហុភាគី ពោលគឺក្រសួង ស្ថាប័ន ត្រូវមានអនុវត្តតាមស្តង់ការក្រមប្រតិបត្តិ។

សម្តេច ហ៊ុន ម៉ាណែត លើកឡើងថា ទោះមានជំនាញខុសគ្នា ត្រូវមានសិទ្ធិរៀងៗខ្លួន មានកាតព្វកិច្ចរៀងៗខ្លួន និងច្បាប់ប្រគល់ឱ្យរៀងៗខ្លួនក៏ដោយ ប៉ុន្តែត្រូវមានការសហការកម្រិតណា តាមរយៈខ្សែបណ្តោយ ខ្សែទទឹង។ «បើមិនអ៊ីចឹង យើងច្របូកច្របល់ លើសតែពីរនាក់ ដើរបុកគ្នាហើយ បើមិនមានការកំណត់ព្រំ»។ សម្តេចបានបន្ថែមយ៉ាងដូច្នេះ ដោយបញ្ជាក់ពីសារសំខាន់នៃការបណ្តុះបណ្តាលមន្ត្រីឱ្យយល់ពីតួនាទីភារកិច្ច ព្រមទាំងការគិតគូរៀបចំឋានានុក្រមការងារ។

ពាក់ព័ន្ធនឹងកង្វះកិច្ចសហការ លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ ក៏បានសម្តែងការខកចិត្តផងដែរ ចំពោះប្រតិបត្តិការក្រុមគយចល័តបង្ក្រាប និងដកហូតទូរសព្ទគ្មានពន្ធ ដែលមិនបានរាយការណ៍ដល់អាជ្ញាធរពេលចុះបង្ក្រាបក្នុងដែនសមត្ថកិច្ចខេត្តរបស់លោក។

កាលពីដើមខែមិថុនានេះ ក្រុមគយចល័តនៃអគ្គនាយករដ្ឋានគយ និងរដ្ឋាករកម្ពុជា បានចុះចាប់ និងដកហូតទូរសព្ទគ្មានពន្ធនាំចូលពីទីតាំងអាជីវកម្មមួយចំនួននៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ទាក់ទងនឹងប្រតិបត្តិការនេះ លោកអភិបាលខេត្តប្រតិកម្មថា៖ «អ្នកឯងធ្វើការកិច្ចការងារក្នុងដែនសមត្ថកិច្ចរបស់ខ្ញុំ ត្រូវតែរាយការណ៍ប្រាប់ខ្ញុំសិន និយាយគ្នាឱ្យច្បាស់អ៊ីចឹង ឬក៏អ្នកឯងចង់និយាយថា អភិបាលខេត្តទីងមោងយ៉ាងម៉េច?»។

ក្នុងនាមជាអាជ្ញាធរដែនដី លោក ជាម ច័ន្ទសោភ័ណ អះអាងថា លោកត្រៀមខ្លួនជានិច្ចក្នុងការរង់ចាំសហការ ប៉ុន្តែលោកត្រូវតែទទួលបាននូវការផ្តល់ព័ត៌មាន ក្នុងនោះរួមទាំងកម្លាំងបង្ក្រាបផងដែរ។ លោកបន្ថែមថា៖ «ថ្នាក់ជាតិតែងតែនិយាយថា កុំភ្លេចត្រូវតែគោរពឋានានុក្រម អភិបាលខេត្តគឺជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បើអស់លោកធ្វើការមិនកើតជាមួយខ្ញុំ លោកដើរចេញ»៕



© រក្សាសិទ្ធិដោយ thmeythmey.com