ជាតិ
សង្គមជាតិ
សមត្ថកិច្ចបង្ក្រាបបានក្មេងទំនើងច្រើនជាងគេ នៅភ្នំពេញ កណ្ដាល កំពង់ស្ពឺ និងតាកែវ
11, Jun 2024 , 10:39 am        
រូបភាព
ក្រុមក្មេងទំនើង ដែលសមត្ថកិច្ចឃាត់ខ្លួនបាននាពេលកន្លងមក។ រូបពី GCNP
ក្រុមក្មេងទំនើង ដែលសមត្ថកិច្ចឃាត់ខ្លួនបាននាពេលកន្លងមក។ រូបពី GCNP
ភ្នំពេញ៖ រយៈពេលមួយសប្ដាហ៍នេះ ដោយគិតចាប់ពីថ្ងៃទី៣ ដល់៩មិថុនា សមត្ថកិច្ចបង្ក្រាបករណីក្មេងទំនើង បាន៦៨ករណី ។ ក្នុងនោះ សមត្ថកិច្ចបានឃាត់ខ្លួន ក្មេងទំនើងបាន៣០២នាក់។
 
លោក ទូច សុឃៈ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានអះអាងថា ករណីឃាត់ខ្លួន ក្មេងទំនើងទាំង៦៨ករណីនេះ បានអនុវត្តនៅទីតាំងភូមិសាស្រ្ត ១៨រាជធានី-ខេត្ត។ បើតាមលោក សុឃៈ រាជធានីខេត្តចំនួន៤ ដែលសមត្ថកិច្ចបានឃាត់ខ្លួនក្មេងទំនើងច្រើនជាងគេ។ ក្នុងនោះ រួមមានរាជធានីភ្នំពេញ សមត្ថកិច្ចបានបង្ក្រាបក្មេងទំនើង១៨ករណី ហើយឃាត់ខ្លួនបាន៣៦នាក់, នៅខេត្តកណ្ដាល មាន៨ករណី និងឃាត់ខ្លួនបាន៤១នាក់, ខេត្តកំពង់ស្ពឺ មាន៦ករណី ដោយឃាត់ខ្លួនបាន ៤០នាក់ និងតាកែវ មាន៦ករណី ហើយឃាត់ខ្លួនបាន៣៥នាក់។ 
 
អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានឱ្យដឹងថា ក្នុងចំណោមជនសង្ស័យ ដែលសមត្ថកិច្ចបានឃាត់ខ្លួន ៣០២នាក់នេះ ភាគច្រើនត្រូវបានសមត្ថកិច្ច រៀបចំសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីសម្រេចតាមនីតិវិធីបន្ត។  
 
«ជាការកត់សម្គាល់ ករណីដែលកើតឡើងទាំង១៨ខេត្តនេះ​ គឺសមត្ថកិច្ចចំណុះក្រសួងមហាផ្ទៃ បង្ក្រាបបាន១០០ភាគរយ គឺមានន័យថាកើតឡើង៥ករណី សមត្ថកិច្ចបង្ក្រាបបានទាំង៥ករណី។ នេះបង្ហាញពីការយកចិត្តទុកដាក់ រួមជាមួយការទទួលខុសត្រូវ និងយកចិត្តទុកដាក់ របស់អាជ្ញាធរដែនដី»។ នេះជាការយល់ឃើញរបស់ លោក ទូច សុឃៈ ដោយបានសង្កត់ធ្ងន់ថា សមត្ថកិច្ចនៅតែបន្តបង្ក្រាបជាប្រចាំ ដើម្បីលើកម្ពស់ធនធានមនុស្ស និងរក្សាសណ្ដាប់ធ្នាប់សាធារណៈ។
 
សូមជម្រាបថា ២សប្ដាហ៍កន្លងមកនេះ ដោយគិតចាប់ពីថ្ងៃទី២៣ ឧសភា ដល់ថ្ងៃទី៥ មិថុនានេះ សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីខេត្ត បានទទួលចាត់ការលើសំណុំរឿងក្មេងទំនើង៨៣ករណី។ ក្នុងសំណុំរឿងទាំងនេះ មានជនសង្ស័យពាក់ព័ន្ធចំនួន៥៦០នាក់ ហើយតុលាការសម្រេចឃាត់ខ្លួនជនសង្ស័យបាន៣៧០នាក់។ ចំណែកជនសង្ស័យ១៩០ទៀត បានរត់គេចខ្លួន។ នេះបើយោងតាមអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន។ 
 
ទាក់ទិននឹងការបង្ក្រាបក្រុមក្មេងទំនើងនេះ សម្ដេច ហ៊ុន ម៉ាណែត បានប្រកាសឱ្យ អនុវត្តពេញមួយអាណត្តិ នៃការដឹកនាំរបស់សម្ដេច។ សម្ដេច ក៏បានបញ្ជាឱ្យអនុវត្តវិធានការក្តៅលើក្មេងទំនើង ឬក្រុមប្រើប្រាស់ដាវសាំម៉ូរៃនេះ ត្រូវអនុវត្តឱ្យដូចភ្លៀងរលឹម ពោលគឺមានក្រុមណាមួយបង្កហិង្សា និងអសន្តិសុខក្នុងសង្គម ត្រូវតែបង្ក្រាប និងចាប់មកអនុវត្តច្បាប់ភ្លាមៗ ដោយប្រើវិធីបង្ក្រាប «ងើបមួយសង្កត់មួយ , ងើបមួយក្រុមសង្កត់មួយក្រុម»។ 
 

Tag:
 ក្មេងទំនើង
© រក្សាសិទ្ធិដោយ thmeythmey.com