កីឡាអន្តរជាតិ
អន្តរជាតិ
អង់គ្លេស ទៅដល់ទឹកដីអាល្លឺម៉ង់មុនគេ ត្រៀម Euro 2024
11, Jun 2024 , 9:59 pm        
រូបភាព
​ក្រុមកីឡាបាល់ទាត់ជម្រើសជាតិអង់គ្លេស បានធ្វើដំណើរទៅដល់ទឹកដីប្រទេសអាល្លឺម៉ង់មុនគេ ដើម្បីត្រៀមខ្លួនប្រជែងជើងឯអឺរ៉ុប UEFA Euro 2024។ ទៅដល់ដីអាល្លឺម៉ង់ នៅថ្ងៃទី១០ ខែមិថុនា តោកំណាច បោះជំរំហ្វឹកហាត់ក្នុងទីក្រុង Blankenhain។


ក្រុមរងជើងឯកអង់គ្លេស ទៅដល់ប្រទេសអាល្លឺម៉ង់ ដែលជាម្ចាស់ផ្ទះរៀបចំការប្រកួត បន្ទាប់ពីការប្រកួតមិត្តភាពរួចរាល់ កាលពីសប្តាហ៍មុន។ ក្រុមកីឡាករទាំងអស់ មុនធ្វើដំណើរទៅកាន់ការប្រកួតពានអឺរ៉ុប ពួកគេទទួលបានការសម្រាកចុងសប្តាហ៍ ដើម្បីជួបជុំគ្រួសារ មុនពេលក្រុមត្រូវធ្វើដំណើរ។
 
មុនពេលធ្វើដំណើរទៅប្រជែងពានទ្វីបអឺរ៉ុប ព្រះអង្គម្ចាស់ William ជាប្រធានសមាគមបាល់ទាត់អង់គ្លេស FA បានជួបជុំជាមួយនឹងក្រុមកីឡាករទាំង ២៦រូប ព្រមទាំងលោក Gareth Southgate ជាគ្រូបង្វឹក នៅក្នុងទីលានហ្វឹកហាត់ក្រុមជម្រើសជាតិមជ្ឈមណ្ឌល St George’s Park។ អំឡុងសំណេះសំណាលនោះ ព្រះអង្គម្ចាស់ William បានផ្តល់អាវក្រុម ទៅកាន់កីឡាករទាំង ២៦រូប ព្រមទាំងបានថ្លែងសុន្ទរកថា និងសារដាស់តឿន ទៅកាន់កីឡាករក្មេងៗដែលស្ថិតក្នុងក្រុមដូចគ្នា។
 
នៅកម្មវិធីជូនដំណើរក្រុមកីឡាករ សិស្សសាលាជាក្មេងតូចៗ ស្ថិតក្នុងទីក្រុង Midlands ក៏ត្រូវបានអញ្ជើញឱ្យចូលរួមផងដែរ។
  


ជម្រើសជាតិអង់គ្លេស កាលពីការប្រកួត Euro 2020 ពួកគេបានត្រឹមតែជាក្រុមជើងឯករង ដោយកាលនោះប្រកួតចាញ់ក្រុមអ៊ីតាលីលទ្ធផល ១-០ ដោយការស៊ុតបាល់កាត់សេចក្តី ១១ម៉ែត្រ។ សម្រាប់ការប្រកួតឆ្នាំ ២០២៤ ក្នុងប្រទេសអាល្លឺម៉ង់ តោកំណាចអង់គ្លេស ស្ថិតក្នុងពូល C ជាមួយក្រុមដាណឺម៉ាក, ស្លូវេនី, និងស៊ែប៊ី។ 
 
ទៅដល់អាល្លឺម៉ង់ ក្រុមអង់គ្លេស នឹងត្រូវស្នាក់នៅក្នុងសណ្ឋាគា ដ៏ប្រណីតលំដាប់ផ្កាយ ៥ មានឈ្មោះថា Weimarer Land Spa & Golf ស្ថិតក្នុងទីក្រុង Blankenhain។ Blankenhain ជាទីក្រុងតូចជនបទមួយនៅភាគខាងកើតប្រទេសអាល្លឺម៉ង់ ដែលមានប្រជាជនតិចជាង ៧,០០០នាក់ ហើយនៅក្បែនឹងទីក្រុង Leipzig ជាងគេបង្អស់។ 



ការប្រកួតរបស់អង់គ្លេស នឹងត្រូវធ្វើឡើងស្ថិតក្នុងទីក្រុងភាគខាងលិចនៃប្រទេសអាល្លឺម៉ង់ ដោយពួកគេត្រូវធ្វើដំណើរសម្រាប់ជំនួបទល់នឹងក្រុមស៊ែប៊ី ក្នុងទីក្រុង Gelsenkirchen, ប្រកួតទល់ដាណឺម៉ាក ក្នុងទីក្រុង Frankfurt និងជួបស្លូវេនី ក្នុងទីក្រុង ​Cologne។
 
ទីកន្លែងស្នាក់របស់អង់គ្លេស គឺជាការជួលដាច់ស្ទើរតែពេញមួយរមណីយដ្ឋានតែម្តង់ មានផ្ទៃដីទំហំ ១,០០០ហិចតា ដោយរមណីយដ្ឋាន Weimarer មានទាំងអាហារដ្ឋាន អាងហែលទឹក ទីលានវាយកូនហ្គោល ទីលានបាល់បោះ ទីលានវាយកូនបាល់ (Tennis) និងផ្លូវជិះកង់កម្សាន្តកាត់តាមព្រៃថែមទៀត។ បើតាមការអះអាងរបស់ម្ចាស់សណ្ឋាគា  អង់គ្លេស បានទាមទារឱ្យសណ្ឋាគា រៀបចំទីលានបាល់ទាត់ដែលមានស្ថានភាពស្មើដូចទៅនឹងកីឡដ្ឋាន Wembley និងមានលិខិតទទួលស្គាល់ពីសហព័ន្ធបាល់ទាត់អឺរ៉ុប UEFA ថែមទៀត៕

Tag:
 អង់គ្លេស
  Euro 2024
© រក្សាសិទ្ធិដោយ thmeythmey.com