ជាតិ
សង្គមជាតិ
កម្ពុជា នឹងបង្កើតមជ្ឈមណ្ឌលប្រព័ន្ធគ្រប់គ្រងអាកាសធាតុ នាឆ្នាំក្រោយ
12, Jun 2024 , 8:59 am        
រូបភាព
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម គ្រោងបង្កើតមជ្ឈមណ្ឌលគ្រប់គ្រងទិន្នន័យអាកាសធាតុ នាដើមឆ្នាំ២០២៥ ដើម្បីងាយស្រួលក្នុងការគ្រប់គ្រងទិន្នន័យអាកាសធាតុ និងសម្រួលដល់វិស័យពាក់ព័ន្ធនានាផងដែរ។


ដើម្បីជ្រាបច្បាស់សូមអញ្ជើញលោក-អ្នកនាងទស្សនាបទសម្ភាសរវាងកញ្ញា ផាត ដាណេ អ្នកសារព័ត៌មាននៃសារព័ត៌មានថ្មីៗ និងលោក ថោ ជេដ្ឋា រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម ដូចតទៅ៖ 



ក្នុងបទសម្ភាសជាមួយសារព័ត៌មានថ្មីៗ​ លោក ថោ ជេដ្ឋា រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ថា ក្រសួងមានគម្រោងបង្កើតមជ្ឈមណ្ឌលគ្រប់គ្រងទិន្នន័យអាកាសធាតុ ដើម្បីងាយស្រួលគ្រប់គ្រងស្ថានភាពអាកាសធាតុ ហើយអាចបង្ការជាមុននូវបញ្ហាបម្រែបម្រួលអាកាសធាតុ ពិសេសសម្រួលដល់ការរស់នៅ និងការធ្វើដំណើររបស់ពលរដ្ឋ។ 
 
លោករដ្ឋមន្រ្តីថា គម្រោងបង្កើតមជ្ឈមណ្ឌលគ្រប់គ្រងទិន្នន័យអាកាសធាតុ នឹងអនុវត្តចាប់ពីដើមឆ្នាំ២០២៥ ហើយក្រសួងធនធានទឹក នឹងសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធនានា ដើម្បីឆ្លើយតបតម្រូវការដោះស្រាយបញ្ហាអាកាសធាតុ។ លោករដ្ឋមន្រ្តី បានលើកឡើងយ៉ាងដូច្នេះថា៖«ដើម្បីធ្វើឱ្យមានប្រសិទ្ធភាពនៃការគ្រប់គ្រងប្រព័ន្ធធារាសាស្រ្ត បញ្ហាទឹកឱ្យកាន់តែច្បាស់ ត្រូវមាន Data Center (មជ្ឈមណ្ឌលទិន្នន័យ)។ Data Center ផ្ដោតលើការគ្រប់គ្រងអំពីអាកាសធាតុជាចម្បង។ លើសពីនោះ Data Center ត្រូវមានទំនាក់ទំនងរវាងគ្រប់ស្ថាប័នទាំងអស់»។
 
លោករដ្ឋមន្រ្តីបានអះអាងថា ថ្ងៃអនាគតគ្រប់ស្ថាប័នទាំងអស់ត្រូវមានប្រព័ន្ធគ្រប់គ្រងទិន្នន័យពីអាកាសធាតុ ដើម្បីងាយស្រួលផ្ដល់ព័ត៌មានអាកាសធាតុតាមវិស័យនីមួយៗឱ្យបានច្បាស់លាស់ ធានាសុវត្ថិភាព និងកាត់បន្ថយបញ្ហាប្រឈមនានាបានច្រើនផងដែរ។ លោករដ្ឋមន្រ្តី បានលើកឧទាហរណ៍ពីការផ្ដល់ព័ត៌មានអាកាសធាតុលើការហោះហើរ ការធ្វើដំណើរតាមផ្លូវទឹក និងតំបន់ទេសចរណ៍ គឺសុទ្ធតែមានសារសំខាន់ដើម្បីជៀសវាងបញ្ហាផ្សេងៗ។
 
លោករដ្ឋមន្រ្តីបានបញ្ជាក់ថា មជ្ឈមណ្ឌលទិន្នន័យនេះ នឹងអនុវត្តការងារប្រព័ន្ធគ្រប់គ្រងទិន្នន័យតាមបច្ចេកវិទ្យាឌីជីថល ហើយនឹងចាប់ផ្ដើមនាដើមឆ្នាំក្រោយ ដោយមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធនានាផងដែរ៕
 

Tag:
 មជ្ឈមណ្ឌលប្រព័ន្ធគ្រប់គ្រងអាកាសធាតុ
 ថោ ជេដ្ឋា
© រក្សាសិទ្ធិដោយ thmeythmey.com