ជាតិ
​​​ន​យោ​បាយ​ជាតិ​
នាយករដ្ឋមន្ត្រី ឱ្យក្រសួងស្ថាប័នពង្រឹងរចនាសម្ព័ន្ធដែលមានស្រាប់ ហាម​បង្កើតថ្មីដែលមិនចាំបាច់
12, Jun 2024 , 11:58 am        
រូបភាព
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត
ដោយ: រួបរួម
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី១១ ខែមិថុនា បានចេញសារាចរស្តីពីការរៀបចំ និងការកែសម្រួលរចនាសម្ព័ន្ធរបស់ក្រសួងស្ថាប័ន។ សារាចរសំដៅជាពិសេសលើការពង្រឹងរចនាសម្ព័ន្ធដែលមានស្រាប់ ជាជាងការបង្កើតថ្មី រួមទាំងការតម្លើងកម្រិត ឬឋានៈអង្គភាពដែលមិនចាំបាច់។


ក្នុងការពង្រឹង និងការរៀបចំឱ្យបានរៀបរយនូវរចនាសម្ព័ន្ធដែលមានស្រាប់ ប្រមុខរដ្ឋាភិបាលណែនាំក្រសួង ស្ថាប័នប្រើប្រាស់ឱ្យអស់នូវលទ្ធភាព និងសក្តានុពលចំពោះមុខងារដែលជាសមត្ថកិច្ចរបស់ខ្លួន ជាពិសេសការកំណត់ គណនេយ្យភាព និងការទទួលខុសត្រូវច្បាស់លាស់ក្នុងការបំពេញការងារ។

«មិនត្រូវនាំឱ្យមានការបង្កើនចំនួនអង្គភាពទោះក្នុងកម្រិតណាមួយក៏ដោយ ឬបន្ថែមទម្ងន់បែបបទ និងនីតិវិធីដែល មានស្រាប់នៅតាមអង្គភាពរបស់ក្រសួង ស្ថាប័នឡើយ»។ នេះជាការដាក់កំហិតរបស់សម្តេច ហ៊ុន ម៉ាណែត ដោយតម្រូវឱ្យក្រសួងស្ថាប័នរក្សាចំនួនអង្គភាពខ្លួន ហើយឈានដល់ការកែសម្រួល ឬច្របាច់បញ្ចូលគ្នា ឬក៏លុបចោល ចំពោះរចនាសម្ព័ន្ធដែលមិនឆ្លើយតបនឹងស្ថានភាពបច្ចុប្បន្ន និងក្របខណ្ឌគោលនយោបាយរដ្ឋាភិបាល។

ទោះបីជាយ៉ាងក៏ដោយ ប្រមុខរដ្ឋាភិបាលនៅតែបើកភ្លើងខៀវចំពោះការបង្កើតអង្គភាពថ្មី ប៉ុន្តែត្រូវផ្អែកលើហេតុផលច្បាស់លាស់ ដើម្បីប្រសិទ្ធភាពការងារ និងឆ្លើយតបនឹងការតម្រូវដែលមានក្នុងក្របខណ្ឌគោលនយោបាយរដ្ឋាភិបាល ដោយមិនត្រូវធ្វើការដំឡើងកម្រិត ឬឋានៈអង្គភាព ដែលជាហេតុនាំឱ្យមានការកើនរចនាសម្ព័ន្ធរបស់ ក្រសួង ស្ថាប័នឡើយ។

តាមសារាចរ គ្រប់ក្រសួងស្ថាប័នត្រូវប្រើប្រាស់រចនាសម្ព័ន្ធគ្រប់គ្រងដែលមានស្រាប់ ដោយមិនត្រូវបង្កើតឱ្យមានរចនាសម្ព័ន្ធគ្រប់គ្រង និងមុខតំណែងអចិន្ត្រៃយ៍ថ្មីឡើយ លើកលែងស្ថាប័ន ក្រុមប្រឹក្សា អាជ្ញាធរ គណៈកម្មាធិការ និងយន្តការនានាដែលត្រូវបង្កើតអនុលោមបទប្បញ្ញត្តិដែលមានកំណត់ក្នុងច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី។

សារាចរត្រូវបានរៀបចំឡើងដើម្បីជាចំណែកធ្វើឱ្យស្ថាប័នរដ្ឋក្លាយជារដ្ឋបាលសាធារណៈទំនើប ប្រកបដោយសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត ស្អាតស្អំ ព្រមទាំងមានសមត្ថភាពខ្ពស់ឈរលើអភិក្រមពង្រឹង និងការរៀបចំផ្ទះរបស់ខ្លួនឱ្យរៀបរយ។ សម្តេច ហ៊ុន ម៉ាណែត ក៏បានលើកឡើងផងដែរពីការធានានូវប្រសិទ្ធភាពនៃការគ្រប់គ្រង និងប្រើប្រាស់ធនធានមនុស្ស និងថវិកា។



ទាក់ទងនឹងការរៀបចំ និងការកែសម្រួលរចនាសម្ព័ន្ធ ក្រសួងស្ថាប័នត្រូវលើកសំណើទៅក្រសួងមុខងារសាធារណៈ ដើម្បីពីគ្រោះយោបល់ បន្ទាប់មក ត្រូវដាក់ឆ្លងកិច្ចប្រជុំនានា ដែលរៀបចំដោយទីស្តីការគណៈរដ្ឋមន្ត្រី មុននឹងឈានដល់ការពិនិត្យ និងសម្រេចពីប្រមុខរដ្ឋាភិបាល៕


© រក្សាសិទ្ធិដោយ thmeythmey.com