ជាតិ
សង្គមជាតិ
លោក ឡុង ឌីម៉ង់៖ ថ្មដែលចាក់លុបឆ្នេរអូរត្រេះ ត្រូវបានរើចេញហើយ! 12, Jun 2024 , 2:03 pm
![ការដ្ឋានសាងសង់និងថ្មដែលបានចាក់ចូលឆ្នេរអូរត្រេះ។ ប្រភពរូបពី ហ្វេសប៊ុកលោក Sorm Phearktra News](https://image.thmeythmey.com/pictures/2024/06/12/thumb2/cc.jpg)
ការដ្ឋានសាងសង់និងថ្មដែលបានចាក់ចូលឆ្នេរអូរត្រេះ។ ប្រភពរូបពី ហ្វេសប៊ុកលោក Sorm Phearktra News
×![]()
ភ្នំពេញ៖ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ អះអាងថា ថ្មដែលចាក់ចូលក្នុងឆ្នេរអូរត្រេះ ត្រូវបានរើចេញនិងរៀបចំឱ្យមានសណ្ដាប់ធ្នាប់ឡើងវិញហើយ។
នៅពេលថ្មីៗនេះ មហាជនបានរិះគន់ជាបន្តបន្ទាប់លើបណ្ដាញសង្គម ក្រោយមានការចែកចាយរូបភាព ចាក់ថ្មចូលក្នុងឆ្នេរអូរត្រេះ។ ករណីនេះ លោក ឡុង ឌីម៉ង់ បានបកស្រាយប្រាប់សារព័ត៌មានថ្មីៗ នៅថ្ងៃនេះថា មានក្រុមហ៊ុនមួយដែលមានទីតាំងនៅទល់មុខឆ្នេរអូរត្រេះ ធ្លាប់បានដាក់សំណើជាច្រើនដង ដើម្បីបង្កើតសួនបាញ់ទឹក ដើម្បីទាក់ទាញភ្ញៀវទេសចរ។
យ៉ាងណាក៏ដោយ អាជ្ញាធរខេត្តបានណែនាំឱ្យក្រុមហ៊ុននោះ ស្នើសុំគោលការណ៍ពីរដ្ឋាភិបាលសិន មុននឹងធ្វើសួន។ ភាគីក្រុមហ៊ុន បានដាក់លិខិតស្នើសុំសាងសង់ជាហូរហែទៅក្រសួងរៀបចំដែនដី និងនគរូបនីយកម្ម រួមទាំងស្ថាប័នពាក់ព័ន្ធ។ ក្រោយមក ក្រសួងរៀបចំដែនដី បានណែនាំឱ្យក្រុមហ៊ុន ស្នើទៅរាជរដ្ឋាភិបាលដោយផ្ទាល់ ប៉ុន្តែភាគីក្រុមហ៊ុនទំនងជាយល់ខុស ស្មានតែជាលិខិតអនុញ្ញាតឱ្យសាងសង់ ទើបចាប់ផ្ដើមគម្រោងសង់សួននោះឡើង។ នេះបើតាមអភិបាលរងខេត្តព្រះសីហនុ ។
លោក ឌីម៉ង់ បានបញ្ជាក់ថា៖ «អាជ្ញាធរខេត្តបានចាត់មន្ត្រីជំនាញ ឱ្យចុះទៅណែនាំនិងធ្វើកិច្ចសន្យាជាមួយភាគីក្រុមហ៊ុនហើយ! ការធ្វើសួននេះ គឺរង់ចាំសុំគោលការណ៍ពីរាជរដ្ឋាភិបាលជាមុនសិន យើងអត់មានសិទ្ធិសម្រេចទេ ក្នុងករណីនេះ»។
ជាមួយគ្នាដែរ មន្ត្រីជំនាញ បានណែនាំឱ្យភាគីក្រុមហ៊ុនោះ រុះរើការដ្ឋានសាងសង់ និងកាយថ្មដែលបានចាក់ចូលឆ្នេរឱ្យទៅសភាពដើមវិញហើយ។ នេះបើតាមការលើកឡើងរបស់លោក លោក ឡុង ឌីម៉ង់៕
© រក្សាសិទ្ធិដោយ thmeythmey.com