កីឡាអន្តរជាតិ
អន្តរជាតិ
លោក Ten Hag នឹងបន្តដឹកនាំក្រុម Man Utd នៅរដូវកាលក្រោយ
12, Jun 2024 , 5:59 pm        
រូបភាព
លោក Erik ten Hag នៅតែបន្តដឹកនាំក្រុម Manchester United នៅរដូវកាលក្រោយ ទោះបីក្រុមបានឆ្លងកាត់ការប្រកួតជាមួយលទ្ធផលមិនល្អក្នុងក្របខណ្ឌ Premier League កាលរដូវកាលមុនក៏ដោយក្តី។ នេះបើតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសអង់គ្លេស។


ឱកាសបន្តដឹកនាំក្រុមបិសាចក្រហមរបស់លោក Ten Hag ត្រូវបានគេគិតថាព្រោះតែលោកបានជួយដឹកនាំក្រុមដណ្តើមបានពាន FA Cup រដូវកាល ២០២៣-២៤ ដោយយកឈ្នះលើក្រុមជើងឯករដូវកាលចាស់ Manchester City លទ្ធផល ២-១។ បើតាមការចុះផ្សាយរបស់ទូរទស្សន៍ Sky Sports លោក Ten Hag កំពុងតែចរចាកិច្ចសន្យាថ្មីបន្តទៀតជាមួយនឹងក្រុម។
 
កិច្ចសន្យាថ្មីទៀតសោត ត្រូវបានគេរំពឹងថានឹងមានរយៈពេល ២រដូវកាល បន្ថែមទៀត ពីលើកិច្ចសន្យាចាស់ដែលបុរសសញ្ជាតិហូឡង់នៅសល់រយៈពេល ១រដូវកាល សម្រាប់ដឹកនាំក្រុម។
 
អតីតអ្នកចាត់ក្រុម Ajax Amsterdam បានចូលមកដឹកនាំក្រុមជើងឯក ២០សម័យ លីគកំពូលអង់គ្លេស ដោយបានរាប់រងសម្ពាធជាច្រើនអំឡុងពេល ២រដូវកាលមកនេះ។ រដូវកាល ២០២៣-២៤ បិសាចក្រហមបានឈានដល់កំណត់ត្រាអាក្រក់បំផុតរបស់ខ្លួន ដោយបញ្ចប់ចំណាត់ថ្នាក់លេខ ៨ ហើយជាលើកដំបូងតាំងពីឆ្នាំ ១៩៦២-៦៣ មក។ 
 
គួររំលឹកថា ក្រុម Man Utd ឆ្លងកាត់ការប្រកួតទាំង ៣៨លើក ប្រចាំរដូវកាល ពួកគេបានចាញ់ ១៤លើក របូតឱកាសកៅអីលេងក្នុងពានរង្វាន់ UEFA Champions League រដូវកាលក្រោយ។ ការធ្លាក់ពិន្ទុខ្លាំងព្រោះតែនៅ ១៤ប្រកួតដំបូង ក្រុមធ្វើមិនបានល្អ ហើយចាញ់ការប្រកួតចំនួន ៨លើក៕
 

Tag:
 Manchester United
  Erik ten Hag
© រក្សាសិទ្ធិដោយ thmeythmey.com