អន្តរជាតិ
ប្រធានាធិបតីចិនធានាសមភាគីអ៊ុយក្រែន មិនលក់អាវុធឱ្យរុស្ស៊ីសម្រាប់ធ្វើសង្រ្គាម
14, Jun 2024 , 10:59 am        
រូបភាព
ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ចាប់ដៃជាមួយសមភាគីអាម៉េរិក លោក ចូ បៃឌិន (ស្តាំ) នៅអ៊ីតាលី ក្នុងថ្ងៃទី១៣ ខែមិថុនា។ រូបភាព AFP
ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ចាប់ដៃជាមួយសមភាគីអាម៉េរិក លោក ចូ បៃឌិន (ស្តាំ) នៅអ៊ីតាលី ក្នុងថ្ងៃទី១៣ ខែមិថុនា។ រូបភាព AFP
ប្រធានាធិបតីចិន លោក ស៊ី ជិនភីង បានធានាថា មិនលក់អាវុធឱ្យរុស្ស៊ីដាច់ខាត។ នេះជាពាក្យសម្តីរបស់ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅក្នុងសន្និសីទរួមគ្នាជាមួយប្រធានាធិបតីអាម៉េរិកនៅថ្ងៃទី១៣ ខែមិថុនា។ ទន្ទឹមនេះ មេដឹកនាំអ៊ុយក្រែន ក៏បានលើកពីរូបមន្តសន្តិភាពជាមួយសមភាគីចិនផងដែរ។


នៅក្នុងសន្និសីទសារព័ត៌មានគ្នាជាមួយសមភាគីអាម៉េរិក លោក ចូ បៃឌិន នៅអុីតាលី ក្រៅកិច្ចប្រជុំក្រុមប្រទេសអ្នកមានទាំង៧ (G7) លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ប្រធានាធិបតីអ៊ុយក្រែន បានបន្លុយពីកិច្ចសន្ទនាតាមទូរសព្ទជាមួយសមភាគីចិន លោក ស៊ី ជិនភីង ពាក់ព័ន្ធនឹងសង្រ្គាមនៅអ៊ុយក្រែន និងការលក់អាវុធទៅរុស្ស៊ី។
 
«ខ្ញុំមានកិច្ចសន្ទនាដ៏ច្បាស់លាស់មួយជាមួយមេដឹកនាំចិន។ លោកស៊ី បានបញ្ជាក់ថា ចិននឹងមិនលក់អាវុធទៅរុស្ស៊ីឡើយ»។ លោក ហ្សេលេនស្គី បានសង្កត់ធ្ងន់បែបនេះ នៅថ្ងៃទី១៣ ខែមិថុនា ដោយមិនបានបញ្ជាក់កិច្ចសន្ទនាតាមទូរសព្ទនេះ ធ្វើឡើងនៅពេលណាឡើយ។
 
ចាប់តាំងពីសង្រ្គាមនៅអ៊ុយក្រែនផ្ទុះឡើងនៅក្នុងឆ្នាំ២០២២ លោកស៊ី និងលោក ហ្សេលេនស្គី មានកិច្ចសន្ទនាតាមទូរសព្ទតែម្តងគត់ ដែលត្រូវបានបញ្ចេញជាសាធារណៈ។ កាលនោះ ការជជែកត្រូវបានរៀបចំឡើងនៅក្នុងខែមេសា ឆ្នាំ២០២៣។
 
ទន្ទឹមនេះ​ មេដឹកនាំប្រទេសទាំងពីរ ក៏បានជជែកពីរូបមន្តសន្តិភាពនៅអ៊ុយក្រែនផងដែរ។ បើតាមប្រធានាធិបតីអ៊ុយក្រែន ប្រសិនបើចិន និងអ៊ុយក្រែន មានផែនការសន្តិភាពដូចគ្នា វាគួរតែមានកិច្ចពិភាក្សាទ្វេភាគី ប៉ុន្តែបើចិនមានគំនិតដោយឡែក រដ្ឋាភិបាលក្រុងប៉េកាំង អាចធ្វើការ និងបញ្ចេញផែនការនោះបាន។
 
ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៦ ខែមិថុនា ស្វ៊ីស ដែលត្រូវបានចាត់ទុកជាប្រទេសអព្យាក្រឹតមួយ នឹងរៀបចំកិច្ចប្រជុំកំពូលសន្តិភាពអ៊ុយក្រែន។ យ៉ាងណាមិញ ភាគីរុស្ស៊ី មិនត្រូវបានអញ្ជើញឡើយ ខណៈចិនក៏ប្រកាសមិនចូលរួមដែរ ដោយសារខ្វះភាគីរុស្ស៊ី។ 
 
ពីកិច្ចប្រជុំនៅអ៊ីតាលី ក្រុមប្រទេសមានសេដ្ឋកិច្ចរីកចម្រើនទាំង៧ បានឯកភាពប្រើប្រាស់ទ្រព្យសម្បត្តិបង្កករបស់រុស្ស៊ី ដែលមានទំហំប្រមាណ ៣២៥ពាន់លានដុល្លារ ដើម្បីជួយអ៊ុយក្រែន។ ក្រោមផែនការរបស់ក្រុមប្រទេស G7 ទ្រព្យសម្បត្តិធនាគារកណ្តាលរុស្ស៊ីជាង៣០០ពាន់លានដុល្លារនេះ នឹងផ្តល់ការប្រាក់ប្រមាណ ៣ពាន់លានដុល្លារក្នុងមួយឆ្នាំ។ 
 
ត្រង់ចំណុចនេះ ការប្រាក់ដ៏ច្រើននោះ នឹងយកទៅទូទាត់ជាមួយកម្ចីដែលក្រុមប្រទេស G7 ផ្តល់ឱ្យអ៊ុយក្រែនចំនួន ៥០ពាន់លានដុល្លារ សម្រាប់ជួយអ៊ុយក្រែន។ 
 
«យើងបានផ្តល់ហិរញ្ញវត្ថុសម្រាប់អ៊ុយក្រែន ហើយនេះចង់រម្លឹកលោកពូទីនថា ក្រុមប្រទេសលោកខាងលិចមិនដកថយឡើយ»។ លោកប្រធានាធិបតី បៃឌិន បានបញ្ជាក់បែបនេះ ក្នុងសន្និសីទរួមជាមួយសមភាគីអ៊ុយក្រែន។ 
 
ទន្ទឹមនេះ ប្រមុខសេតវិមានរូបនេះ បានបន្លុយពីការរៀបចំប្រព័ន្ធមីស៊ីល Patriot ចំនួន ៥ថែមទៀតសម្រាប់អ៊ុយក្រែន ដើម្បីទប់រុស្ស៊ីទៀត។ យ៉ាងណាមិញ មេដឹកនាំអាម៉េរិក បានច្រានចោលថា អាវុធប្រភេទនេះ មិនមែនទុកសម្រាប់វាយប្រហារទៅក្នុងរុស្ស៊ីនោះទេ។ 
 
ចាប់តាំងពីសង្រ្គាមផ្ទុះឡើងក្រុមប្រទេស G7 ដែលមានអាម៉េរិក កាណាដា ជប៉ុន អ៊ីតាលី អង់គ្លេស បារាំង និងអាល្លឺម៉ង់ តែឈរនៅជាមួយអ៊ុយក្រែន ដើម្បីទប់ការឈ្លានពានរុស្ស៊ី និងជួយផ្នែកហិរញ្ញវត្ថុដល់អ៊ុយក្រែន ក្នុងការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធខូចខាតឡើងវិញ៕

Tag:
 ចិន
  អ៊ុយក្រែន
  រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com